សម្ដេច ហ៊ុន សែន ផ្ដាំ​ទៅ​លោក អូ​បា​ម៉ា ឲ្យ​ផ្ដល់ជំនួយ​ដោះ​គ្រាប់​មិនទាន់​ផ្ទុះ​នៅ​កម្ពុជា​ និពន្ធដោយ : រំដួល ចិត្រា       August-23-2016, 12:01 pm         408

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132សម្ដេច ហ៊ុន សែន ផ្ដាំ​ទៅ​លោក អូ​បា​ម៉ា ឲ្យ​ផ្ដល់ជំនួយ​ដោះ​គ្រាប់​មិនទាន់​ផ្ទុះ​នៅ​កម្ពុជា​​បញ្ហា​គ្រាប់​មិនទាន់​ផ្ទុះ ដែល​បាន​កប់​នៅក្នុង​ផ្ទៃដី​ប្រទេស​កម្ពុជា តាំងពី​សម័យ​សង្គ្រាម​នោះ នៅតែ​ជា​បញ្ហា​គំរាមកំហែង អាយុជីវិត​ប្រជាពលរដ្ឋ​។ នេះ​ជាការ​បញ្ជាក់​របស់​សម្ដេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​ផ្ដាំ​តាម​អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា ឲ្យ​ប្រាប់​ប្រធានាធិបតី​អាមេរិក លោក បា​រ៉ា​ក់ អូ​បា​ម៉ា ផ្ដល់ជំនួយ​ថវិកា​បន្ថែមទៀត ដើម្បី​ដោះ​គ្រាប់​មិនទាន់​ផ្ទុះ​នៅ​កម្ពុជា​។​

​ថ្លែង​នៅ​ចំពោះមុខ​អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​លោក វី​ល្លៀម ហេ​ដ (Willaim Heidt) នៅក្នុង​វេទិកា​ស្តីពី ការការពារ និង​អភិរក្ស​ធនធានធម្មជាតិ កាលពី​ថ្ងៃទី​២២ សីហា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​រំ​ឮ​ក​ពី​បញ្ហា​គ្រាប់បែក​ចង្កោម ដែល​អាមេរិក​បាន​ទម្លាក់​មកលើ​ទឹកដី​ប្រទេស​កម្ពុជា នា​សម័យ​សង្គ្រាម ក្នុង​ទសវត្សរ៍ ឆ្នាំ​១៩៧០ ដែល​បណ្ដា​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​រងគ្រោះ​រាប់លាន​នាក់​។ ប្រមុខ​រដ្ឋាភិបាល ចាត់ទុក​បញ្ហា​គ្រាប់បែក​ដែល​នៅ​សេសសល់​ក្នុង​ទឹកដី​កម្ពុជា​នេះ​ថា ជា​កំហុស​របស់​អាមេរិក ដែល​ត្រូវ​ទទួលខុសត្រូវ​ផ្ដល់ជំនួយ​មក​កម្ពុជា ដើម្បី​បោសសម្អាត​គ្រាប់​មិនទាន់​ផ្ទុះ ក្នុង​ការធានា​សុវត្ថិភាព​ប្រជាពលរដ្ឋ​ខ្មែរ​។

​សូម​ស្ដាប់​ប្រសាសន៍​សម្ដេច ហ៊ុន សែន​៖

​ឯកសារ​ព័ត៌មាន​រប​ស់​អង្គការ​ជនពិការ​អន្តរជាតិ ស្តីពី​គ្រាប់បែក​ចង្កោម​នៅ​កម្ពុជា បង្ហាញថា គ្រាប់​ប្រភេទ​(​ប៊ុ​ម​ប៊ី​)​នេះ ត្រូវបាន​សហរដ្ឋអាមេរិក ទម្លាក់​មកលើ​ប្រទេស​ខ្មែរ​ចំនួន ៨ ម៉ឺន​គ្រាប់​ធំៗ ដែលមាន​ចំនួន​គ្រាប់​តូចៗ សរុប​ជាង ២៦​លាន​គ្រាប់ នៅ​តំបន់​ភាគ​ខាងកើត​និង​ភាគ​ឥ្ឍ​សាន​។ គ្រាប់បែក​ចង្កោម​ទាំងនោះ បាន​ទម្លាក់​ក្នុង​ចន្លោះ​ទសវត្សរ៍​ឆ្នាំ​១៩៦០ និង​១៩៧០ ហើយ​គ្រាប់​ដែល​នៅ​សេសសល់​ក្នុង​ផ្ទៃដី​ប្រទេស​កម្ពុជា​ប្រហែល​២២០​គីឡូម៉ែត្រ​ការ៉េ គឺ​បង្ក​ការគំរាមកំហែង​ធ្ងន់ធ្ងរ​ដល់​ជីវភាព​រស់នៅ​របស់​ព​ល​រដ្ឋ ។ ​បើតាម​ឯកសារ​ព័ត៌មាន​របស់​អង្គការ​ជនពិការ​អន្តរជាតិ​ដ​ដែល ចាប់តាំងពី​ឆ្នាំ​១៩៩៨ គឺមាន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​គ្រាប់បែក​ចង្កោម ១៩៤​នាក់​។​

​អង្គការ​ជនពិការ​អន្តរជាតិ (Handicap Intertional) ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ចុះ​អនុសញ្ញា​ស្តីពី​គ្រាប់បែក​ចង្កោម ដើម្បី​ទប់ស្កាត់​ការប្រើប្រាស់ ដែល​បង្ក​អសន្តិសុខ​ក្នុង​តំបន់​។ រដ្ឋាភិបាល កំពុង​ពិចារណា​លើ​ការចុះហត្ថលេខា​អនុសញ្ញា​ស្តីពី​គ្រាប់បែក​ចង្កោម​នេះ​។​

​អនុសញ្ញា​ស្ដីពី​គ្រាប់បែក​ចង្កោម ត្រូវបាន​ចុះហត្ថលេខា នៅ​ទីក្រុង​អូ​ស្លូ ប្រទេស​ន័​រ​វ៉េ​ស ក្នុង​ឆ្នាំ​២០០៨ ដោយមាន​ប្រទេស​ចំនួន​៣០ ផ្ដល់​សច្ចាប័ន និង​មាន​ប្រទេស​១០៨ បាន​ចុះហត្ថលេខា​ទទួលស្គាល់ ដោយ​បញ្ឈប់​ការផលិត​ការប្រើប្រាស់ និង​ដឹក​ជ​ញ្ចូ​ន​គ្រាប់បែក​ចង្កោម​។ ដោយឡែក​នៅ​បណ្ដា​ប្រទេស​ក្នុង​អាស៊ាន​មានតែ​ប្រទេស​ឡាវ​មួយ​ប៉ុណ្ណោះ​ដែល​ចុះហត្ថលេខា​ជា​រដ្ឋ​ភាគី នៃ​អនុសញ្ញា​សមាជិក​ក្នុង​អនុសញ្ញា​នេះ ប៉ុន្តែ​មិនទាន់ផ្ដល់​សច្ចាប័ន​នៅឡើយ ៕