ចាំមើល​ក្រសួងបរិស្ថាន បង្ក្រាប​បទល្មើស​បំផ្លាញ​ព្រៃឈើ​នៅ​ខេត្តកំពង់ស្ពឺ​បាន​ឬ​អត់ ?

ប្រជាពលរដ្ឋ​នៅ​ស្រុក​ឱ​រ៉ា​ល់ និង​ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ បាន​ឲ្យ​ដឹងថា រហូតមកដល់​ពេលនេះ​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​អភិរក្ស​នៃ​ភ្នំ​ឱ​រ៉ា​ល់ នៅតែ​បន្ត​កើតឡើង​យ៉ាង​អនាធិបតេយ្យ ហើយ​មន្ត្រី​បរិស្ថាន និង​មន្ត្រីរដ្ឋបាល​ព្រៃឈើ គិតតែ​រឿង​ប្រមូល​លុយ​ដាក់​ហោប៉ៅ​ប៉ុណ្ណោះ​។ មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ដែល​ឃ្លាំមើល​បទល្មើស​បំផ្លាញ​ព្រៃឈើ​នៅក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ បាន​ឲ្យ​ដឹងថា ករណីខ្លះ​ឈ្មួញ​បាន​បង្កប់​ឈើ​ប្រណីត​និង​ឈើ​ប្រភេទ​លេខ​១​នៅក្រោម​អុស ហើយ​ដឹកជញ្ជូន​ចូលមក​ខេត្តកំពង់ស្ពឺ ឆ្លងកាត់​ខេត្តកំពត និង​ខេ​ត្តា​កែវ យកទៅលក់​នៅ​ស្រុក​យួន​យ៉ាង​រលូន​។ ដូច្នេះ​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន គួរ​ពិនិត្យឡើងវិញ​និង​ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់ ដើម្បី​កុំ​ឲ្យ​បទល្មើស​រាលដាល​តទៅទៀត​។

មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បាន​ឲ្យ​ដឹង​ទៀតថា សកម្មភាព​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ បាន​ឲ្យ​ដឹងថា ឈ្មួញ​ដែលជា​មន្ត្រី​យោធា និង​ជា​អ្នកមានអំណាច មាន​ខ្នងបង្អែក​រឹងមាំ នៅតែ​ប្រព្រឹត្ត​ខុសច្បាប់​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ លើស​នេះ​ទៅទៀត​មាន​ឈ្មួញ​មួយចំនួន​បាន​ប្រើប្រាស់​រថយន្ត​ពាក់​ស្លាក​លេខ ខ​.​ម ដើម្បី​ដឹកឈើ​និង​ដឹកអុស​ចេញពី​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់​យ៉ាង​រលូន ព្រោះ​មានការ​ឃុបឃិត​ពី​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ជាច្រើន​ស្ថាប័ន​ទៀត​។ ហេតុនេះហើយ​ទើប​មានការ​អំពាវនាវ​ឲ្យ​លោក សាយ សំ​អាល់ ចាត់វិធានការ​បង្ក្រាប​ទ​ល្មើស​បំផ្លាញ​ព្រៃឈើ​ប្រកបដោយ​ប្រសិទ្ធភាព ព្រោះ​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​ក្រសួងបរិស្ថាន​។

​សេចក្ដីរាយការណ៍​ខ្លះ​បាន​ឲ្យ​ដឹងថា​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ស្ពឺ និង​ប្រធាន​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ គឺជា​អ្នក​ឃុបឃិត​ឲ្យ​មាន​បទល្មើស​កាប់​ឈើ​ដឹក​ចេញពី​តំបន់​អភិរក្ស​យ៉ាង​ពេញបន្ទុក ហើយ​ឈ្មួញ​ធំៗ​នៅតែ​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​នោះ ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ប្រជាពលរដ្ឋ​ក្នុងស្រុក​ឱ​រ៉ា​ល់ និង​ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ បាន​ឲ្យ​ដឹង​ទៀតថា សកម្មភាព​រថយន្ត​គោយន្ត​ដឹកឈើ​ដឹកអុស​ចេញពី​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់​យ៉ាង​ពេញបន្ទុក​ដូច​សព្វថ្ងៃនេះ​ជា​ភស្ដុតាង​បង្ហាញថា ព្រៃឈើ​នៅ​តំបន់ភ្នំ​ឱ​រ៉ា​ល់ កំពុង​ប្រឈម​នឹង​សេចក្ដី​វិនាស​ចៀស​មិន​ផុត​ឡើយ ប្រសិនបើ​ក្រសួងបរិស្ថាន មិន​ចាត់វិធានការ​បង្ក្រាប​ប្រកបដោយ​ប្រសិទ្ធភាព​។ ទន្ទឹមនឹងនេះ​មានការ​អំពាវនាវ​ឲ្យ​ថ្នាក់ដឹកនាំ​ក្រសួងការពារជាតិ និង​អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ បង្ក្រាប​ក្រុម​ឈ្មួញ​ជាម​ន្ត្រី​យោធា​មួយចំនួន​ដែល​ប្រើប្រាស់​រថយន្ត​ពាក់​ស្លាក​លេខ ខ​.​ម ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ផងដែរ ព្រោះ​ទង្វើ​របស់​ពួកគេ​កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​ស្ថាប័ន​ការពារជាតិ​ទាំងមូល​៕

saysamal855លោក សាយ​ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន logging-kspeu e8869fe0-d0a7-48ca-b46a-b2e43c49787d k-timber-oral