គ្នាទើបចូលធ្វើការ​៤ថ្ងៃ ត្រូវ​អស់​ជីវិត

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា កម្មករ​ម្នាក់​រួម​ទាំង​សន្លឹក​ម្នាងសិលា​ បានរអិល​ធ្លាក់​ពី​រថយន្ត​ម៉ាក​ហ៊ី​ដាយមួយ​គ្រឿង​ ខណៈ​កំពុងបើក​មក​ដល់​ចំណុចផ្លូវកែង​ បណ្តាល​​កម្មករ​នោះ​​បោក​ស្លាប់​ភ្លាម​ៗ ដែល​ហេតុការណ៍​នេះ​ កើតឡើង​កាលពី​វេលា​ម៉ោង​១១ និង​២៥​នាទី​ព្រឹក​ថ្ងៃ​ទី​២៣ សីហា ២០១៦ នេះ ស្ថិត​នៅ​ខាងក្រោយ​ម៉ុង​ឌី​យ៉ា​ល់ ផ្លូវ​២០២ កែង​២០៩ សង្កាត់​ផ្សារ​ដេប៉ូ​១ ខណ្ឌទួលគោក ។

ប្រភព​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ​អូន ទើប​ចូល​ធ្វើការ​បាន​៤​ថ្ងៃ​ប៉ុណ្ណោះ ។ ចំណែកឯ​ថៅកែ​ជា​អ្នក​បើករថយន្ត​ឈ្មោះ​ផល​ សំណាង អាយុ​៥៧​ឆ្នាំ ជា​មេជាង​ផង​ដែរ មាន​ទីលំនៅ​ទឹកល្អក់​៣ បើករថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពាក់​ស្លាក​លេខ​បាត់ដំបង ២A-​4564 ។

ប្រភព​បន្ត​ថា មុន​ពេល​កើតហេតុ រថយន្ត​ខាងលើ​ធ្វើ​ដំណើរ​ចេញពីផ្ទះ​នៅ​ទឹកល្អក់​៣​នោះ ដោយ​មាន​ដឹក​​កម្មករ (​ជន​រង​គ្រោះ​) ​និង​ម្នាងសិលា​ចំនួន​១៥​សន្លឹក ក្នុង​ទិស​ដៅ​ពី​លិច ទៅ​កើត ។ លុះ​មក​ដល់​ចំណុច​កើតហេតុ ទំនងជា​រថយន្ត​មាន​ល្បឿន ហើយ​ជា​ចំណុច​​​​ផ្លូវកែង​និង​ទួល បណ្តាល​ឱ្យ​ផ្អៀង​ធ្លាក់ទាំង​មនុស្ស​​ទាំង​ម្នាងសិលា​​តែ​ម្តង ។ ក្រោយ​កើតហេតុ អ្នកបើកបរ​ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន​បាន ។