អាណិតណាស់! ម្នាក់ជូនម្នាក់រក​ លង់ខ្លួន​ដាច់​បាយ​ដាច់​ទឹក​

រាជធានី​ភ្នំពេញ ​៖ ក្មេង​ប្រុស​ម្នាក់ ​មាន​ឪពុក​ជា​អ្នកស៊ីឈ្នួល​ឃ្វាល-ក្របី​ឱ្យ​​គេ រួម​និង​មិត្តភក្ដិ​​ម្នាក់​ទៀត​​​ជា​​អ្នក​ភូមិ​ជាមួយ​គ្នា បាន​វង្វេងផ្លូវ​​​រក​គោលដៅ​មិនឃើញ ក្នុង​​ពេល​ដែល​ក្មេង​ប្រុស​​ទាំង​ពីរ​នាក់​នោះ​ជូន​គ្នា​ដើរ​តាម​រក​ឪពុក ប៉ុន្តែ​មិន​​ត្រឹម​តែ​រក​​មិនឃើញ​​​ទេ ថែម​ទាំង​វង្វេងផ្លូវ​បែប​នេះ​ខ្លួនឯង​ទៀត ​។

​ហេតុការណ៍នេះ ​ត្រូវ​បាន​អ្នក​ភូមិ​ប្រទះ​ឃើញ​កំពុង​ដើរ​តាម​ផ្លូវ​ពេល​​យប់​ក្នុង​ស្ថានភាព​ហេវ​ហត់ អត់បាយ​អត់​ទឹក គួរឱ្យ​អាណិត​អាសូរ ​ក៏​នាំ​គ្នា​ឃាត់​ឱ្យ​ឈប់​នាំ​​មក​ប្រគល់​ឱ្យ​​មេ​ភូមិ ថែរក្សា​ឱ្យ​​បាយ​ឱ្យទឹក​ហូប និង​ផ្ដល់​ទីកន្លែង​​ឱ្យ​​ដេ​ក​ ។ លុះ​ព្រឹក​​​ ទើប​នាំ​ទៅ​ប្រគល់​​ឱ្យខាង​នគរបាល​ជួយ​ស្រាវជ្រាវ​រក​ក្រុម​គ្រួសាររបស់ពួកគេ​ទទួល​យក​វិញ ហើយ​មិន​ឱ្យ​​ពួក​គេ​បន្តដំណើរ​ទៅ​មុខ​ទៀត​​​ទេ ព្រោះ​ខ្លាច​មាន​គ្រោះថ្នាក់​ ។

ក្មេង​ប្រុស​ទាំង​២​នាក់​នោះ ត្រូវ​​​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​កាលពី​វេលា​ម៉ោង​០៩​យប់​ថ្ងៃ​ទី​២២ ​សីហា ​២០១៦ ស្ថិត​​ក្នុងភូមិ​អណ្ដូង​តា​អន សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​ ។

ប្រភព​ពីនគរបាល​ឱ្យ​​ដឹង​ថា ក្មេង​ប្រុស​ទាំង​ពីរ​នាក់​ ម្នាក់​ឈ្មោះហៀ​ង ចិ​ត្ត្រា អាយុ​១១​ឆ្នាំ មាន​ឪពុក​ឈ្មោះ​សាល ជា​អ្នក​​ស៊ីឈ្នួល​ឃ្វាលក្របី​ឱ្យ​គេ​ មាន​ម្ដាយ​ឈ្មោះហេង ជា​​កសិករ មាន​ទី​លំ​ក្នុង​នៅ​ភូមិតា​ឡាក់ ឃុំ​ក្សេមក្សាន្ត ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ​ ។ រីឯ​ក្មេង​ម្នាក់​ទៀតជា​មិត្ត​ភក្តិ​​នឹងគ្នា​​ឈ្មោះ​ជឿន សុខ​គី​ម  អាយុ​១០​ឆ្នាំ មាន​ឪពុក​ឈ្មោះ​ស្នា និង​ម្ដាយ​ឈ្មោះ​ផល​ ជា​កសិករ មាន​ទីលំនៅ​ក្នុងភូមិ​ជាមួយ​គ្នា​ដែរ ​។

​បន្ទាប់​ពី​ធ្វើ​ការ​សួរនាំ​ក្មេង​ប្រុស​ឈ្មោះ​ហៀ​ង ចិ​ត្ត្រា បាន​ឱ្យ​​ដឹង​ថា រូបគេ​​ឱ្យ​​​ឈ្មោះ​ជឿន សុខ​គី​ម ជូន​តាម​រក​​ឪពុក ដែល​ជា​អ្ន​ក​ស៊ី​ឈ្នួល​ឃ្វាលក្របី​​នៅ​ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ​ពួក​គេ​បាន​ធ្វើរ​ដំណើរ​ដោយ​ថ្មើរជើង​ចេញពីផ្ទះ តាំងពី​វេលា​ព្រឹក​ថ្ងៃ​ទី​២២ ​សីហា បន្ទាប់​មក​​បាន​វង្វេងផ្លូវ រក​កន្លែង​ដែល​ឪពុក​ស្នាក់​នៅ​មិនឃើញ​ ។

​ម្យ៉ាងទៀត​ពេល​នោះ​យប់​​ទៀត ទើប​មិនដឹង​ថា​ ត្រូវ​ទៅ​ណា ក៏​ចេះ​តែ​នាំ​គ្នា​ដើរ​តាម​ផ្លូវ​រហូត​បាន​ជួប​អ្នក​ភូមិ បាន​ឃាត់​ឲ្យ​ពួក​គេ​ឈប់ធ្វើការ​សួរនាំ រួច​បាន​នាំ​ទៅ​ប្រគល់ឲ្យ​មេ​ភូមិ ទើប​មាន​បាយ​ហូប​និង​មាន​កន្លែងដេក មួយ​យប់​លុះ​ព្រឹក​ឡើង ទើប​លោក​មេ​ភូមិ​អណ្ដូង​តា​អន នាំ​ទៅ​ប្រគល់​ឲ្យ​នគរបាល​ប៉ុស្ដិ៍ ដើម្បី​ជួយ​ស្វែងរក​ក្រុម​គ្រួសារ​ទៅ​ទទួលយក​ពួក​គេ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ ។