«ការ​ណាត់​ជួប​ដ៏​អស្ចារ្យ» របស់ PNN បញ្ចប់​រដូវកាល​ទី១​របស់​ខ្លួន​ជាមួយ​សប្តាហ៍​ពិសេស

កម្មវិធី «ការ​ណាត់​ជួប​ដ៏​អស្ចារ្យ» ឬThe Date របស់​ស្ថានីយ​ទូរទស្សន៍​ភីអិនអិន​បាន​ឈាន​ដល់​វគ្គ​បញ្ចប់​រដូវកាល​ទី១​របស់​ខ្លួន​ជាមួយ​នឹង​សប្តាហ៍​ពិសេស។ នៅ​ថ្ងៃអង្គារ ទី២៣ និង៣០ ខែសីហា នេះ ទូរទស្សនិកជន​នឹង​បាន​ប្លែក​ភ្នែក ប្លែក​អារម្មណ៍​ជាមួយ​សប្តាហ៍​ថ្មីនៃ​កម្មវិធី​ដែល​ពោរ​ពេញ​ដោយ​ក្ដី​ស្រឡាញ់ និង​ការ​យក​ចិត្ត​ទុក​ដាក់ ហើយ​ក៏​ជា​កម្មវិធី​ដែល​ស្តែង​ចេញ​ពី​ជីវិត​ពិត​នោះ​គឺ កម្មវិធី «ការ​ណាត់​ជួប​ដ៏​អស្ចារ្យ»។

 

នៅ​ពីរ​សប្តាហ៍​ចុង​ក្រោយ​នៃ​កម្មវិធី​ការ​ណាត់​ជួប​ដ៏​អស្ចារ្យ ពិធីការនី​ដ៏​ស្រស់​សោភា​ចំនួន​ពីរ​រូប គឺ​អ្នកនាង អេនជី និង​កញ្ញា​ ចរិយា នឹង​រំលឹក​ឡើង​វិញ​នូវ​អនុស្សាវរីយ៍ រឿង​រ៉ាវ​ល្អៗ​ជាមួយ​តារា​កិត្តិយស​ដែល​ធ្លាប់​ចូល​រួម​ក្នុង​កម្មវិធី​ជូន​ទៅ​ដល់​ទូរទស្សនិកជន។ក្នុង​នោះ​មាន​ដូច​ជា​រឿងរ៉ាវ​របស់ កញ្ញា ថន លក្ខិណា អ្នកនាង ខាត់ សុឃីម កញ្ញា ចាន់ គង់ការ លោក សាយ សៀរ៉ា លោក នេន ទុំ តារា​ហ្វេសប៊ុក ប៉ីប៉ីឌី លោក អេ ភូថន កញ្ញា ស៊ិន យូប៊ីន លោក វុធ ថុង លោក សាន ផានិត កញ្ញា នី មុនីនាថ រួមនិង​សិល្បករ​ល្បីៗ​ជាច្រើន​រូប​ទៀត។

 

«ការ​ណាត់​ជួប​ដ៏​អស្ចារ្យ» របស់ PNN បញ្ចប់​រដូវកាល​ទី១​របស់​ខ្លួន​ជាមួយ​សប្តាហ៍​ពិសេស

 

មិន​តែ​ប៉ុណ្ណោះ​តារា​កត្តិយស​៤រូប​ដែល​ធ្លាប់​បាន​ចូល​រួម​ក្នុង​កម្មវិធី​នឹង​ត្រឡប់​មក​វិញ​ម្តង​ទៀត​ដើម្បី​ចែក​រំលែក​នូវ​រឿង​រ៉ាវ​របស់​ពួកគាត់​ក្រោយ​ពី​ចូលរួម​ក្នុង​កម្មវិធី ការ​ណាត់​ជួប​ដ៏​អស្ចារ្យ។

 

ក្នុង​រយៈពេល​៣៥​សប្តាហ៍​កន្លង​ទៅ​នេះ កម្មវិធី​ជីវិត​ពិត​ដែល​ពោរពេញ​ទៅ​ដោយ​ក្តី​ស្រឡាញ់​មួយ​នេះ​មាន​នូវ​រឿង​រ៉ាវ​ល្អៗ​ជា​ច្រើន ដែល​បាន​ចាក់​ផ្សាយ​ជូន​ទៅ​ដល់​ទូរទស្សនិកជន។

 

កម្មវិធី​ដ៏​មាន​ប្រជាប្រិយ​ភាព​មួយ​ក្នុង​ចំណោម​កម្មវិធី​កម្សាន្ត​ជា​ច្រើន​របស់​ភីអិនអិន​មួយ​នេះ នឹង​បញ្ចប់​រដូវកាល​ទីមួយ​របស់​ខ្លួន​នៅ​ក្នុង​ខែ​សីហា​នេះ​ហើយ។

 

លោក ឈួង យីវឆូយ ផលិតករ​កម្មវិធី​បាន​និយាយ​ថា៖ «វា​ជា​ជោគជ័យ​ជា​ទី​ពេញ​ចិត្ត​មួយ ដែល​យើង​បាន​ជួយ​ឲ្យ​មនុស្ស​ជា​ច្រើន​បាន​សម្រេច​បំណង​របស់​ពួក​គាត់​ក្នុង​ការ​ចែក​រំលែក​ពេល​វេលា​ល្អៗ និង​ក្ដី​ស្រឡាញ់​ទៅ​កាន់​មនុស្ស​ពិសេស។​ ក្រៅ​ពី​នេះយើង​ក៏​សង្ឃឹម​ថា កម្មវិធី​នេះ​អាច​ជា​គំរូ​ដល់​មនុស្ស​ទូទៅ ដើម្បី​ឲ្យ​ពួក​គាត់​អាច​យក​ទៅ​អនុវត្ត​ក្នុង​ជីវិត​ពិត និង​អាច​ធ្វើ​នូវ​រឿងរ៉ាវ​ល្អៗ​ទាំង​នេះជាមួយ​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​គាត់​ផង​ដែរ»។

 

ចាប់​តាំង​ពី​ការ​ផ្សាយ​លើក​ដំបូង​របស់​ខ្លួន​មក ការ​ណាត់​ជួប​ដ៏​អស្ចារ្យ បាន​ទាញ​យក​ប្រជាប្រិយ​ភាព​ពី​អ្នក​ទស្សនា​ទាំង​តាម​កញ្ចក់​ទូរទស្សន៍ និង​បណ្តាញ​សង្គម​ ដោយ​ចំនួន​អ្នក​ទស្សនា​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​រហូត​ដល់​ទៅ​រាប់​ម៉ឺន​ដង​ឯណោះ។ ក្នុង​នោះ​ផង​ដែរ វីដេអូ​របស់​អ្នកនាង​ ខាត់ សុឃីម មាន​ចំនួន​អ្នក​ទស្សនា​ច្រើន​ជាង ២០ម៉ឺន​ដង លោក វុធ ថុង មាន​ចំនួន​អ្នក​ទស្សនា​ជាង​១០ម៉ឺន​ដង ចំណែក​ឯ​កញ្ញា​ ថន លក្ខិណា មាន​ចំនួន​ជាង​៧ម៉ឺន​ដង។

 

ការ​ណាត់​ជួប​ដ៏​អស្ចារ្យ ឬ The Date មាន​ផ្សាយ​ជូន​ទស្សនា​នៅ​រៀង​រាល់​ថ្ងៃ​អង្គារ វេលា​ម៉ោង​៨ និង​៣០នាទី រហូត​ដល់​ម៉ោង​៩​យប់ នៅ​លើ​កញ្ចក់​ទូរទស្សន៍​ភីអិនអិន៕
ទស្សនា​ឈុតខ្លី​របស់​កម្មវិធី​ការ​ណាត់​ជួប​ដ៏​អស្ចារ្យ​សូម​ចុច៖ PNNTV Cambodia

 

អត្ថបទៈ ពាណិជ្ជកម្ម