កាដុមឆែប! អាត្មាក៏ចេះ​បើកដែរញ៉ោម តែខុស​​បច្ចេកទេស

ខេត្ត​ព្រះ​សីហ​នុ​ ៖ ព្រះសង្ឃវ័យក្មេង​មួយ​អង្គ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បញ្ជូន​ទៅ​កាន់​ការិយាល័យ​ចរាចរ​ណ៍​ភ្លាម​ៗ​​ បន្ទាប់​ពី​បើក​រថយន្ត​បុក​​មនុស្ស​​​៤​នាក់ បណ្តាល​ឱ្យ​​រង​របួសធ្ងន់-​ស្រាល ​ក្នុង​នោះក៏មាន​​ជនជាតិ​បរទេស​ដែរ ខណៈ​ពួក​គេ​​ជិះ​ម៉ួ​តូ​​បញ្ច្រាស​ទិស​គ្នា ជាមួយ​រថយន្ត​បង្ក​ បង្កឱ្យ​ភ្ញាក់ផ្អើល​មនុស្ស​ម្នា​ទូ​ទាំង​ក្រុងព្រះសីហនុ ​កាលពី​នៅ​វេលា​ម៉ោង០៧ និង​១០​នាទីយប់ថ្ងៃ​ទី​២២ ​សីហា​​២០១៦ ស្ថិត​​ត្រង់​ចំណុច​តាម​ប​ណ្តោ​យ​វិ​ថី​ឯករាជ្យ ក្បែរ​ស្ពាន​អូរ​សំអាត ​ក្នុង​ភូមិ​លេខ១ សង្កាត់​លេខ​៣ ខេត្ត​ព្រះ​សីហ​នុ ។

បើ​តាម​​សមត្ថកិច្ច​មូលដ្ឋាន​​ឱ្យ​​ដឹង​ថា មុន​ពេល​កើតហេតុ​ គេ​ឃើញ​រថយន្ត​ម៉ាកហា​យ​ឡិនឌ័រ​មួយគ្រឿង បើក​ដោយ​ព្រះសង្ឃមួយ​អង្គ​យ៉ាង​លឿន មក​ពី​​ផ្លូវ​លើ លុះ​​​មក​ចំណុច​កើតហេតុ ក៏​ស្រាប់​តែ​ព្រះសង្ឃ​ដែល​ជា​តៃ​កុង​​រថយន្ត​នោះ បានកាច់ចង្កូត​ត្រឡប់​ក្រោយ​យ៉ាង​តក់ក្រហល់ ។

ជា​ហេតុធ្វើ​ឱ្យ​ម៉ូតូ​ជន​រង​គ្រោះ​ទាំង​២គ្រឿង ​​ដែល​​បើក​​​ពី​ក្រោយ​គេច​​មិន​ទាន់​​បាន​​​បុកជាមួយ​​រថយន្ត​ព្រះសង្ឃ​នោះ​​យ៉ាង​ពេញទំហឹង​តែ​ម្តង​ទៅ ។ ​​សំណាក់​ល្អ ក្នុង​ហេតុ​ការ​នោះ ​មិន​បណ្តាល​ឱ្យ​មនុស្ស​ណា​ម្នា​ក់រងរ​បូស​ធ្ងន់​គ្រោះថ្នាក់​ដ​ល់​អាយុជីវិត​នោះ​ទេ ។

​ប្រភពបន្ត​​ថា ​ព្រះសង្ឃ​​លើ​នេះ​មាន​ព្រះ​នាម យុ សុ​ទិ​ ​ព្រះ​ជន្ម​១៦ព្រះ​វស្សា មាន​ទីលំនៅ​ក្នុងភូមិភ្នំ​តូច ស្រុក សំរោង​ទង ខេត្តកំពង់​ស្ពឺ មានសង្ឃដីកាមហានិកាយលេខ១៨១៥ ។​ ចំពោះ​រថយន្តម៉ាក​ហា​យឡិនឌ័រ មាន​ពាក់​ស្លាកលេខភ្នំពេញ 2Z-7137​ ពណ៌​ទឹក​ប្រាក់ ជា​កម្មសិទ្ធិ​របស់​ព្រះសង្ឃ ព្រះ​នាម​ដែន មក​រា ជា​ព្រះសង្ឃគង់នៅ​វត្ត​ក្នុង​ខេត្តកំ​ពង់ស្ពឺ​ ។

ចំណែកភាគី​ខាង​ជន​រង​គ្រោះ ម៉ូតូទី១​-ម៉ាក​អ៊ែ​ប្លែត​ អត់​ស្លាក​​លេខ បើកបរ​ដោយ​ជនជាតិ​បរទេស​ម្នាក់ ​និងរួមដំណើរ​​២​នាក់ ​ជា​ជន បរទេស​ដូច​គ្នា អ្នក​ទាំង​៣ជា​បុគ្គលិក​កា​ស៊ី​ណូ​ដាយ​មិន​ស៊ី (​រងរ​បូស​មធ្យម​) ។ រីឯ​ម៉ូតូ​រង​គ្រោះ​ទី​២-ម៉ាកToLa អត់​ស្លាក​លេខ បើក​​ដោយ​​ជន​រង​គ្រោះ​ឈ្មោះ​​ស៊ា​ន ឆាយ ភេទ​ប្រុស អា​យុ​២២​ឆ្នាំ ​ជា​សិស្ស មាន​ទីលំនៅក្នុងភូមិលេខ១ សង្កាត់លេខ​៣ ក្រុង​ព្រះ​សី​ហនុ​(​រងរ​បូស​ស្រាល​)​ ។ បច្ចុប្បន្ន ម៉ូតូ​ជន​រង​គ្រោះ​ទាំង​២​គ្រឿង រូ​ម​នឹង​រថយន្ត​បង្ករ​របស់​ព្រះសង្ឃ ត្រូវសមត្ថកិច្ច​ប៉ូលិស​ចរាចរ​ណ៍ នាំ​យក​ទៅ​រក្សា​ទុក ដើម្បី​ចាត់ការ​តាម​ច្បាប់​ ។ ​​

ចំពោះ​ព្រះសង្ឃបង្ក​ហេតុ​ ក៏​កំពុង​ត្រូវ​បានសមត្ថកិច្ច​ប៉ូលិស​ស្នងការដ្ឋាននគ​របាល​ខេត្ត ​នាំ​យក​ទៅធ្វើការ​សាកសួរ​​ ​ដើម្បី​ឱ្យប្រាកដ​ថា ជា​ព្រះ​ពិត​ ឬ​ក្លែងក្លាយ ​។

រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​២៣​ សីហា​ នេះ ព្រះសង្ឃ​​ខាងលើ ត្រូវ​បាន​មន្ទី​ធម្មការ​ និងសាសនា​ខេត្ត​ព្រះ​សីហ​នុ និង​ព្រះ​ចៅអធិការ​វត្ត​ឥណញ្ញាណ ហៅ​វត្ត​ក្រោម ​ធ្វើការ​ផ្សឹក ហើយ​បញ្ជូន​ខ្លួន​ទៅ​កាន់​សាលាតំបូង​ចាត់ការ​តាម​ផ្លូវច្បាប់ ​។