ក្រុមណាហ្គាវើល រំពឹងឈ្នះក្រុមកំពូលរបស់នេប៉ាល់ នៅល្ងាចនេះ

ក្រុមណាហ្គាវើល ហាក់មានរំពឹងយ៉ាងខ្ពស់ ក្នុងការឆ្លងផុតវគ្គជម្រុះតាមពូលជាបឋមក្នុងពានរង្វាន់លំដាប់ទី២ប្រចាំតំបន់អាស៊ី AFC Cup 2017 នៅលើទឹកដីប្រទេសម៉ុងហ្គោលី ខណៈលោក មាស ចាន់ណា ដែលជាគ្រូបង្វឹក បានមើលឃើញថា ក្រុម Three Star Club របស់ប្រទេសនេប៉ាល់ និងក្រុម Erchim របស់ម្ចាស់ផ្ទះម៉ុងហ្គោលី មានបច្ចេកទេសលេង មិនលើសក្រុមណាហ្គាវើលនោះ។

mm1

បើទោះបីជាកីឡាករបរទេស២នាក់របស់ណាហ្គាវើលគឺ ខ្សែប្រយុទ្ធ George Kelechi និងខ្សែការពារ Anderson Zogbe មិនទាន់ត្រូវបានគេអនុញ្ញាតិឲ្យចូលលេង ស្របពេលកីឡាករជើងចាស់ ស៊ុន សុវណ្ណរិទ្ធី អាចនឹងអវត្តមានដោយសារបញ្ហារបួស ប៉ុន្តែលោក មាស ចាន់ណា គ្រូបង្វឹកក្រុមណាហ្គាវើល នៅតែមើលឃើញថា ក្រុមរបស់លោក អាចនឹងយកឈ្នះទាំងក្រុម Three Star Club និងក្រុម Erchim។

mm2

លោក មាស ចាន់ណា បានប្រាប់ថា៖«បើទោះបីជាកីឡាករបរទេស២នាក់របស់យើង មិនទាន់ត្រូវបានគេដាក់ឲ្យលេង ប៉ុន្តែខ្ញុំនៅតែមានរំពឹងថា យើងអាចឈ្នះក្រុមទាំង២នេះ ព្រោះការប្រមូលអារម្មណ៍របស់កីឡាករ ការហ្វឹកហាត់ និងការស្នាក់នៅរបស់យើងបានល្អ»។

ការលើកឡើងរបស់លោក មាស ចាន់ណា បែបនេះ ដោយសារលោកបានមើលឃើញពីទម្រង់លេងរបស់ក្រុមThree Star Club និងក្រុម Erchim នៅពេលក្រុមទាំង២នេះ បានធ្វើការប្រកួតបើកឆាកប្រចាំពូលB កាលពីថ្ងៃអាទិត្យ ដោយក្នុងនោះក្រុម Three Star Club បានយកឈ្នះក្រុម ២-០។

គ្រូបង្វឹកវ័យក្មេងរូបនេះ លោកបញ្ជាក់ថា៖«ក្រុមទាំង២អត់មានកីឡាករណាលេចធ្លោ ធ្វើឲ្យយើងពិបាកបិទនោះទេ គឺកីឡាករទាំងអស់ងហាក់មានកម្រិតស្មើៗគ្នា រីឯបច្ចេកទេសលេងក៏មិនលើសយើង ប៉ុន្មានដែរ។ គេអាចលើយើងបន្តិចខាងលេងបាល់លើ ដោយសារគេមានមាឌធំៗជាងយើង តែគេខ្សោយខាងបាល់ក្រោម ដូច្នេះយើងត្រូវចាប់ផ្តើមដោយការលេងពីបាល់ក្រោមទៅ និងការពារនៅដីខ្លួនឯង រួចព្យាយាមវាយបកតាមរយៈបាល់ក្រោម ដើម្បីរកគ្រាប់បាល់ជ័យជម្នះ»។

ក្រុមណាហ្គាវើល នឹងត្រូវធ្វើការប្រកួតបើកឆាក ជាមួយក្រុម Three Star Club នៅលើទីលាន MFF Footbal Centre ក្នុងទីក្រុង Ulaanbaatar ប្រទេសម៉ុងហ្គោលី នាល្ងាចម៉ោង ៤(ម៉ោងនៅកម្ពុជា) ថ្ងៃអង្គារនេះ មុនពេលក្រុមតំណាងឲ្យកម្ពុជាមួយនេះ ត្រូវទៅជួបក្រុមម្ចាស់ផ្ទះ Erchim នៅថ្ងៃទី២៥ ខែសីហា។

គួរបញ្ជាក់ថា ការប្រកួតជម្រុះជាបឋមពានរង្វាន់ AFC Cup 2017 នេះមានក្រុមចំនួន៩បានចូលរួម ហើយបានចែកការប្រកួតជា៣ពូល ហើយក្រុមទទួលបានចំណាត់ថ្នាក់លេខ១ប្រចាំពូលនីមួយៗ នឹងត្រូវឡើងទៅប្រកួតបន្តនៅវគ្គចាប់ពូល(Group Stage) ជាមួយក្លិបតំណាងប្រទេសផ្សេងៗទៀតនៅ។ រីឯលទ្ធផលជាបណ្តោះអាសន្ននៅពេលនេះ ក្រុម Benfica de Macau របស់ម៉ាកាវ និង Dordoi របស់គៀរហ្ស៊ីគីស្ថាន ដែលឈរនៅពូលA កំពុងមាន៣ពិន្ទុស្មើគ្នា ព្រោះបានឈ្នះក្រុម Rovers FC របស់ហ្គាម ដូចគ្នា ហើយក្រុម Tatung របស់ចិនតៃប៉ិ និងក្រុម Terton របស់ប៊ូតាន ឈរនៅពូលDជាមួយក្រុម Sheikh Russel របស់បង់ក្លាដេសបានចែកគ្នា១ពិន្ទុ បន្ទាប់ពីស្មើគ្នា ០-០៕

now-table

The post ក្រុមណាហ្គាវើល រំពឹងឈ្នះក្រុមកំពូលរបស់នេប៉ាល់ នៅល្ងាចនេះ appeared first on CamboSport.