បង​ប្រុុស​របស់ «Omrane» បាន​ស្លាប់ បន្ទាប់​ពី​រង​របួស​ធ្ងន់

បងប្រុស​របស់កុមារម្នាក់ ដែលនៅក្នុងរូបថត ឃើញដិតដាម​​ពោរពេញ​ដោយឈាម ជាប់មុខនិងខ្លួន កាល​ពី​សប្ដាហ៍​មុននេះ បានដាច់ខ្យល់​ស្លាប់​កាលពីថ្ងៃសៅរ៍ បន្ទាប់ពីកុមារទាំងនេះ​បានរងគ្រោះ ព្រោះការផ្លោង​គ្រាប់​កាំភ្លើង​ធំ និង​ការ​ទម្លាក់​គ្រាប់បែក ពី​សំណាក់​កងទ័ព​រដ្ឋាភិបាលស៊ីរី ធ្វើប្រឆាំងនឹងក្រុមបះបោរ នៅក្រុង អាឡិប (Alep - ភាគ​ខាង​ជើង​ប្រទេស​ស៊ីរី)។
បង​ប្រុុស​របស់ «Omrane» បាន​ស្លាប់ បន្ទាប់​ពី​រង​របួស​ធ្ងន់

កុមារ អ៊ូមរ៉ាន ប្រឡាក់ដោយឈាម និងធូលី ដែលត្រូវបានយកមកអង្គុយ នៅក្នុងរថយន្ដសង្គ្រោះ។ (រូបថតលើទ្វីសធើរ)

រូបថត និងវីដេអូ បង្ហាញពីកុមារ អ៊ូមរ៉ាន (Omrane) ដែលដិតដាមដោយឈាម នៅជាប់នឹងផ្ទៃមុខ និងលើ​ដង​ខ្លួន បានបង្កភាពរន្ធត់ញាប់ញ័រ នៅទូទាំងពិភពលោក។ ប៉ុន្តែទិដ្ឋភាពនេះ នៅបន្តលងកុមារ អ៊ូមរ៉ាន និង​គ្រួសារ​នៅ​ឡើយ ដោយសារកុមារ អាលី (Ali) បងប្រុសរបស់កុមារ អ៊ូមរ៉ាន បានស្លាប់កាលពីចុងសប្ដាហ៍នេះ ដោយ​មិន​អាច​ទ្រាំទ្រនឹងរបួសដ៏ធ្ងន់ធ្ងរ របស់ខ្លួនបាន។ នេះបើតាមក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្ស នៅក្នុងប្រទេសស៊ីរី ហៅ​កាត់​ថា «OSDH»។

ក្រុមអ្នកឃ្លាំមើល បានអះអាងថា៖ «អាលី ដែលមានអាយុ១០ឆ្នាំ បានផុតជីវិត កាលពីថ្ងៃសៅរ៍ ដោយ​សារ​របួស​ធ្ងន់ធ្ងររបស់ខ្លួន ដែលបណ្ដាលមកពីការទម្លាក់គ្រាប់បែក កាលពីថ្ងៃទី១៧ ខែសីហាកន្លងមក។ ការ​ទម្លាក់​គ្រាប់​បែក ដែលបានបង្ករបួស​យ៉ាងធ្ងន់ធ្ងរដូចគ្នា ចំពោះកុមារ អ៊ូមរ៉ាន ដែលត្រូវជាប្អូន។»

បណ្ដាព័ត៌មាន «Aleppo Média Centre» ដែលប្រមូលផ្ដុំដោយអ្នកសារព័ត៌មានស្ម័គ្រចិត្តជាច្រើន នៅនឹង​កន្លែង ក្នុងក្រុង អាឡិប (Alep) ក៏បានអះអាងដូចគ្នាដែរ ពីព័ត៌មានខាងលើ។ បណ្ដាញព័ត៌មាននេះ ថែមទាំង​បាន​បញ្ចេញ​វីដេអូ បង្ហាញអះអាងពីមរណភាពដ៏ខ្លោចផ្សារនេះ លើកឡើងដោយគ្រូពេទ្យម្នាក់ ដែលបាន​ថែ​រក្សា​កុមារ អាលី នៅមុនពេលស្លាប់។

مركز #حلب الإعلامي: الطبيب "أبو رسول" يتحدث عن حالة الطفل الشهيد "علي" شقيق الطفل عمران دقنيش#AleppoAMC pic.twitter.com/2l5ndm8Gxs

— مركز حلب الإعلامي (@AleppoAMC) 20 août 2016

រឿងរ៉ាវរបស់ក្រុមគ្រួសារ របស់កុមារ អ៊ូមរ៉ាន បានបង្កការញ័ររន្ធត់ពេញទាំងពិភពលោក បន្ទាប់ពី​រូបភាព​របស់​កុមាររូបនេះ អង្គុយនៅក្នុងរថយន្ដសង្គ្រោះមួយ ដែលមានខ្លួនប្រាណ ពោរពេញដោយឈាម និងភាព​ប្រលូក​ប្រឡាក់ ដិតដាមដោយធូលីដី។ រូបភាពនោះ ត្រូវបានសារព័ត៌មាននានា យកទៅចុះផ្សាយបន្ត និងបាន​ធ្វើ​អត្ថាធិប្បាយ ពីរូបភាពសង្គ្រាម នៅក្នុងប្រទេសស៊ីរី ថាមានពោរពេញដោយភាពអមនុស្សធម៌ និងជា​រូបភាព​សង្គ្រាម ដែលគ្មានន័យអ្វីទាំងអស់។

សម្រាប់រដ្ឋាភិបាលអាមេរិកវិញ បានចាត់ទុករូបភាពនេះ ថាជា«មុខមាត់ពិតប្រាកដ នៃសង្គ្រាមនៅក្នុង​ប្រទេស​ស៊ីរី ដែលបានសម្លាប់មនុស្ស ជាង២៩០ ០០០នាក់ រាប់ចាប់តាំង​ពីខែមិនា ឆ្នាំ២០១១មក»។

ក្រុង អាឡិប ដែលស្ថិតនៅភាគខាងជើង នៃប្រទេសស៊ីរី បានក្លាយជាទីលាន សម្រាប់ការប្រយុទ្ធស្លាប់រស់ និង​ការដណ្ដើមកាន់កាប់ រវាងក្រុមអ្នកបះបោរ ប្រឆាំងនឹងរបបដឹកនាំស៊ីរីសព្វថ្ងៃ ជាមួយនឹងកងទ័ពនៃ​ប្រទេស​ស៊ីរី។ រាប់ចាប់តាំងពីថ្ងៃទី៣១ ខែកក្កដា ថ្ងៃដែលក្រុមបះបោរ បានបើកការវាយលុក កំទេចទីតាំងថ្មីមួយ ដែល​បង្កើត​ឡើង ដោយរបបដឹកនាំស៊ីរី នៅកណ្ដាលក្រុងនោះ មានជនស៊ីវិលយ៉ាងហោច ៣៣៣នាក់ បានស្លាប់​បាត់​បង់​ជីវិត។

របាយការណ៍ចុងក្រោយមួយ របស់អង្គការ «Unicef» ដែលជាអង្គការគាំពារកុមារ របស់អង្គការសហប្រជា​ជាតិ បានអះអាងថា កុមារស៊ីរីដែលមានអាយុស្របាល នឹងកុមារ អ៊ូមរ៉ាន បានបើកភ្នែកឃើញពន្លឺថ្ងៃ ជាមួយនឹង​សង្គ្រាម។ ពួកគេបានធំធាត់ នៅក្នុងសភាពហិង្សា ភ័យខ្លាច និងការសម្លាប់ផ្ដាច់ពូជ។ របាយការណ៍ បាន​និយាយ​ថា កុមារស៊ីរីប្រមាណជា ៨,៤លាននាក់ បានរងគ្រោះពីសង្គ្រាមរាំងជល់មួយនេះ រាប់​ទាំង​កុមារ​ដែល​កំពុង​ស្ថិត​ក្នុង​ប្រទេស ឬកំពុងភៀសខ្លួន៕

Three years passed the Chemical massacre But the criminal is still free without any judgment.#AleppoAMC pic.twitter.com/xslUxO7cOY

— مركز حلب الإعلامي (@AleppoAMC) 22 août 2016