​ក្អួត​រហូតស្លាប់ ក្រោយញ៉ាំចាហួយ

ខេត្តស្ទឹងត្រែង​ ៖ ក្មេង​ប្រុស​ម្នាក់​ស្លាប់​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តស្ទឹងត្រែង​ បន្ទាប់​ពី​ក្អួត​ចង្អោរ​មិន​ឈប់​ឈ​រ​ ដោយសារ​មាន​​ជាតិ​
ពុល​​​ធ្វើការ​សង្គ្រោះ​មិន​បាន ហើយ​ត្រូវ​ឪពុក​ម្តាយ​នាំ​យក​​ទៅ​ស្រុក​កំណើតដើម្បី​បញ្ចុះ កាលពី​វេលា​ម៉ោង​៦​ព្រឹក​ថ្ងៃ​ទី​២៣​ សីហា​ ២០១៦​ ។ ​ពាក់ព័ន្ធ​ការ​ស្លាប់​ក្មេង​ប្រុស​ខាងលើ​នោះ​ សមត្ថកិច្ច​មានការ​សង្ស័យ​ខ្ពស់​​ទៅ​លើ​ចំណីអាហា​រ​ដែល​វិច​ខ្ចប់ ​គ្មាន​គុណភាព​ផ្សំ​ឡើង​ដោយសារ​ធាតុគីមី ទើប​បង្ករ​ឲ្យ​ប្រតិកម្ម​ដល់​សុខភាព​ក្មេង​បែប​នេះ​ ។

​លោក​ហម ណា​វី មេ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ព្រះ​រំកិល​ បាន​ប្រាប់​កោះសន្តិភាព​ថា​ សព​ក្មេង​ប្រុស​ម្នាក់​នោះ​ ត្រូវ​​​ឪពុក​ម្តាយ​នាំ​យក​ទៅ បញ្ចុះ កាលពី​ព្រឹក​ថ្ងៃ​ទី​២៣ ​សីហា​ ២០១៦ បន្ទាប់​ពី​ស្លាប់​កាលពី​យប់​ទៀប​ភ្លឺ ។ ​កម្លាំង​ជំនាញ​ពុំ​បានដឹង​ និង​ឃាត់​ទុក​ ដើម្បី​ពិនិត្យ​នោះ​​ដែរ ​។

លោក​មេ​ប៉ុស្តិ៍​បាន​បញ្ជាក់​យោង​តាម​ការ​អះអាង​ពី​ស្ត្រី​ឈ្មោះកែវ ក ត្រូវជា​ម្តាយ​ក្មេង​រង​គ្រោះ​​ថា កាលពី​រសៀល​ថ្ងៃ​ទី​២១​ សីហា ថា ​កូន​គាត់​យំទា​រ​​ទិញ​ចាហួយ បន្ទាប់​ពី​ទិញ​​និង​បាន​​ញាំ​អស់​រួច​មក ​ស្រាប់តែ​ក្អួតចង្អោរ​មិន​​ឈប់ ។ ស្ត្រី​ជា​ម្តាយ​និង​ឪពុក​ ក៏​​នាំ​ទៅ​ឱ្យ​ពេទ្យ​ពិនិត្យ​ និង​ដាក់​សេរ៉ូមនៅ​តែ​មិន​បាត់ ។

​ថ្ងៃ​បន្ទាប់​ទី​២២ ​សីហា​ ក៏ស​ម្រេច​បញ្ជូន​ទៅ​មន្ទី​ពេទ្យ​ខេត្ត ក្រោយ​បញ្ជូន​ដល់​​មន្ទីរពេទ្យ គ្រូពេទ្យ​ប្រាប់​ថា​ មាន​ជាតិពុល​បាន​ជ្រាប​ពេញ​ខ្លួន​ និង​អា​ការៈធ្ងន់ធ្ងរ​ទៅ​ហើយ ​មិន​អាច​សង្គ្រោះ​បាន​ទេ ។

​ស្ត្រី​ជា​ម្តាយ​​បន្ត​​ថា ​កូន​គាត់​ឈ្មោះវ៉ា​ន់ បន ​​អាយុ​៣ឆ្នាំ ​រស់នៅ​ភូមិ​លើ ឃុំ​ព្រះ​រំកិល ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង​ ។​ ស្ត្រី​រូប​នោះ​​​បញ្ជាក់​​​ទៀតថា​ កូនប្រុស​​​គាត់​មិន​មាន​ជំងឺ​អ្វី​ក្នុង​ខ្លួន​នោះ​ទេ តែ​នៅ​រសៀល​ថ្ងៃ​ទី​២១ កូន​​​យំទា​រ​ទិញ​ចាហួយ បន្ទាប់​ពី​ញ៉ាំ​​ហើយ​ស្រាប់តែ​ក្អួត​មិន​​ឈប់​តែម្តង ​។

​ទាក់ទិន​ករណី​ខាងលើ​នេះ​ ភ្នាក់ងារ​កោះសន្តិភាព​ មិន​អាច​ទំនាក់ទំនង​ទូរស័ព្ទ​សុំ​ការ​បំភ្លឺ​ពី​លោក​ស៊ុ​យ សុភាព ប្រធាន​មន្ទីរពេទ្យ​បង្អែក​ខេត្ត​បាន​ទេ ដោយសារ​ទូរស័ព្ទ​របស់​លោក​មិន​អាច​ទំនាក់ទំនង​បាន ។

​មន្ត្រី​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​​ឃុំ​ព្រះ​រំកិលឱ្យ​ដឹង​​បន្ថែម​ថា ​ក្រោយ​ក្មេង​ប្រុស​នោះ​មាន​អា​ការៈ​ក្អួតមិន​ឈប់​ ម្តាយ​ឪពុក​បញ្ជូន​ទៅ​ឲ្យ​ពេទ្យ​ពិនិត្យ​សួរនាំ​ថា​ ពុល​ចំណី ពួក​គេ​​ក៏​ទៅ​យកសំបក​ថង់​ទឹកក្រូច​​កញ្ចប់​ពណ៌​លឿង និង​សំបក​ចាហួយ​ពីរ​ដុំ​ទៀត ​មករក្សា​ទុក​​ពិនិត្យ​ ។

ក្រោយ​ហេតុការណ៍​កើតឡើង​ សមត្ថកិច្ច​មិន​អាច​ស្រាយ​បំភ្លឺ​ជុំវិញ​ករណី​នេះ​បាន​ទេ ដោយសារ​សព​ក្មេង​រង​គ្រោះ​ ត្រូវ​​​ឪពុក​ម្តាយ​នាំ​យក​ទៅ​បញ្ចុះ​បាត់​ទៅ​ហើយ ​។