សហព័ន្ធ​កីឡា​ប៉េតង់​មាន​មោទនភាព​ខ្លាំង​ខណៈ​ទទួល​បាន​មេដាយ​យ៉ាងច្រើន​ពី​ប្រទេស​ឡាវ

រាជធានី​ភ្នំពេញ ៖ ប្រតិភូ​កីឡា​ប៉េតង់​កម្ពុជា ដែល​បាន​ធ្វើ​ដំណើរ​ទៅ​ចូលរួម​ប្រកួត​នៅ​ក្នុង​ព្រឹត្តិការណ៍ The 3rd SEAPA Petanque Champion 2016 នៅ​ទីក្រុង​វៀងចន្ទន៍ ប្រទេស​ឡាវ ចាប់ពី​ថ្ងៃ​ទី​១៧​ដល់​ថ្ងៃ​ទី​២០ ខែសីហា បាន​ត្រឡប់​មក​វិញ​ជាមួយនឹង​មេដាយ​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ។

ប្រតិភូ​កីឡា​ប៉េតង់​កម្ពុជា បាន​វិល​មក​ដល់​កម្ពុជា​វិញ​កាលពី​យប់​ថ្ងៃ​ទី​២១ ខែសីហា ដោយ​បាន​ទទួល​ការ​រង់ចាំ​ទទួល​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ពី​លោក អ៊ុ​ក សិទ្ធ​ជាតិ អគ្គនាយក​កីឡា​នៃ​ក្រសួង​អប់រំ​យុវជន និង​កីឡា និង​លោក ហ៊ុន សា​មុត ប្រធាន​នាយកដ្ឋាន​អប់រំ​កាយ​និង​កីឡា ។ សម្រាប់​ការ​ប្រកួត​នៅ​ក្នុង​ព្រឹ​តិ្ត​ការណ៍​នេះ មាន​ប្រទេស​ចំនួន​៤​ចូល​រួម ក្នុង​នោះ​មាន​ប្រទេស​ឡាវ​ជា​ម្ចាស់ផ្ទះ កម្ពុជា វៀតណាម និង​សិង្ហ​បុរី ។ សម្រាប់​កម្ពុជា​ទទួល​បាន​មេដាយ​សរុប​ចំនួន​១៦​គ្រឿង ក្នុង​នោះ​មេដាយមាស​៥ លើ​វិញ្ញាសា​ប្រកួត ១​នាក់​ទល់​១​នាក់​ផ្នែក​យុវជន  វិញ្ញាសា​២​នាក់​ទល់​២​នាក់​ផ្នែក​នារី  វិញ្ញាសា​នារី​៣​នាក់​ទល់​៣​នាក់ វិញ្ញាសា​បុរស​៣​នាក់​ទល់​៣​នាក់ និង​វិញ្ញាសា​ប្រកួត​វាយ​យក​ពិន្ទុ​ផ្នែក​កីឡា​ការិនី​​វ័យចាស់ គឺ​អ្នកស្រី​កែ ឡេ​ង នៅ​តែ​ជា​អ្នក​បន្ត​ប្រកួត​យក​មេដាយមាស​លើ​វិញ្ញាសា​មួយ​នេះ​បាន​ដដែល ។

ចំពោះ​មេដាយ​ប្រាក់​កម្ពុជា​ទទួល​បាន​ចំនួន​៥​គ្រឿង លើ​វិញ្ញាសា​១​នាក់​ទល់​១​នាក់​ផ្នែក​យុវជន ២​នាក់​ទល់​២​នាក់​ផ្នែក​នារី ៣​នាក់​ទល់​៣​នាក់​ផ្នែក​នារី ៣​នាក់​ទល់​៣​នាក់​ផ្នែក​បុរស និង​វិញ្ញាសា​ប្រកួត​វាយ​យក​ពិន្ទុ​ផ្នែក​បុរស ។ ចំណែក​មេដាយ​សំរឹទ្ធិ​៦​គ្រឿង ដណ្ដើម​បាន​ពី​ការ​ប្រកួត​លើ​វិញ្ញាសា ១​នាក់​ទល់​១​នាក់​បុរស ១​នាក់​ទល់​១​នាក់​នារី ២​នាក់​ទល់​២​នាក់​បុរស ២​នាក់​ទល់​២​នាក់​នារី ប្រកួត​វាយ​យក​ពិន្ទុ​បុរស ប្រកួត​វាយ​យក​ពិន្ទុ​នារី និង​ប្រកួត​វាយ​យក​ពិន្ទុ​យុវជន ។ សរុប​មេដាយ​ដែល​កម្ពុជា​ទទួល​បាន មាន​ចំនួន​១៦​គ្រឿង គឺ​មេដាយមាស​៥​គ្រឿង មេដាយ ប្រាក់​៥​គ្រឿង និង​មេដាយ​សំរឹទ្ធិ​៦​គ្រឿង ។

លោក អ៊ុ​ក សិទ្ធ​ជាតិ មាន​ប្រសាសន៍​ថា នេះ​គឺជា​សមិទ្ធផល​ថ្មី​មួយទៀត​ដែល​ធ្វើ​ឱ្យ​កម្ពុជា​មាន​មោទនភាព​យ៉ាង​ខ្លាំង ។ ម្យ៉ាងវិញទៀត គេ​ថែម​ទាំង​ដឹង​ថា​ក្នុង​ចំណោម​ប្រភេទ កីឡា​ជា​ច្រើន​មាន​តែ​កីឡា​ប៉េតង់​ប៉ុណ្ណោះ ដែល​ដណ្ដើម​បាន​មេដាយមាស​នៅ​លើ​ឆាក​អន្តរជាតិ ស្ទើរតែ​គ្រប់​ព្រឹត្តិការណ៍​នៃ​ការ​ប្រកួត ។ ជាក់ស្ដែង ជ័យជម្នះ​ក្នុង​ពេល​នេះ​គឺជា​សមិទ្ធផល​យ៉ាង​ធំធេង​ដែល​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​ថា ទម្រាំ​ដល់​ថ្ងៃ​ដែល​កម្ពុជា​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣២ នៅ​ឆ្នាំ​២០២៣ វិស័យ​កីឡា​ប៉េតង់​កម្ពុជា​នឹង​មានកា​រីក​ចម្រើន​កាន់តែ​ខ្លាំង​ថែម​ទៀត ៕