ស្លាប់ក្មេងប្រុសម្នាក់អាយុ៣ឆ្នាំ សង្ស័យពុលនំចាហួយកញ្ចប់

ស្លាប់ក្មេងប្រុសម្នាក់អាយុ៣ឆ្នាំ សង្ស័យពុលនំចាហួយកញ្ចប់



ខេត្តស្ទឹងត្រែង ៖ ក្មេងប្រុសមានអាយុ៣ឆ្នាំម្នាក់បានស្លាប់ នៅក្នុងមន្ទីរពេទ្យខេត្តស្ទឹងត្រែង វេលាម៉ោង៦ និង៣០នាទីល្ងាចថ្ងៃទី២២ សីហា ២០១៦ ត្រូវបានក្រុមគ្រួសារអះអាងថា ពុល​ក្រោយពីញាំនំចាហួយ ដែលគេទិញមកពីផ្ទះកន្លែងលក់ដូរក្នុងភូមិ ។ ហេតុការណ៍ពុលនេះបានកើតឡើងកាលពីថ្ងៃទី២១ សីហា  នៅភូមិលើ ឃុំព្រះរំកិល ស្រុកថាឡាបរិវាត់ ខេត្តស្ទឹងត្រែង ។

ប្រភពពីមេប៉ុស្តិ៍ឃុំព្រះរំកិល លោកហម ណាវី បានអោយដឹងថា ក្មេងប្រុសឈ្មោះ វណ្ណា បន អាយុ ៣ឆ្នាំ បានទៅទិញនំចាហួយជ័រដែលគេលក់ដាក់ក្នុងធុងក្លាហ្សេទឹកកកទុកយូរមកញាំ បណ្តាលអោយពុលស្លាប់ ។ ឪពុកឈ្មោះហ្វត វណ្ណា និងម្តាយឈ្មោះ ខត កែវ រស់នៅភូមិលើ ឃុំព្រះរំកិល ស្រុកថាឡាបរិវាត់ ។

បើតាមសម្តីឪពុកបានប្រាប់សមត្ថកិច្ចថា កាលពីថ្ងៃទី២១ សីហា កូនរបស់គាត់បានទៅទិញនំចាហួយកំប៉ុង ពីផ្ទះអ្នកលក់ដូរក្នុងភូមិ ក្រោយពីក្មេងនោះញាំរួចហើយ បែរជាមានសភាពមិនស្រួលកើតឡើង ក្អួតចង្អោ ។ ម្តាយឃើញបែបនេះក៏ហៅពេទ្យ ក្នុងភូមិមកចាក់ថ្នាំ តែមិនបាត់សោះ ។ លុះព្រឹកឡើង ថ្ងៃទី២២ ពួកគាត់ក៏បានយកកូនទៅព្យាបាលបន្តនៅមន្ទីរពេទ្យបង្អែក ខេត្តស្ទឹងត្រែងទៀត តែជាអកុសល ក្មេងប្រុសមិនអាចជួយសង្គ្រោះជីវិតបានឡើយ។ សពត្រូវក្រុមគ្រួសារដឹកចេញពីមន្ទីរពេទ្យបង្អែកខេត្ត ទៅកាន់ស្រុកកំណើតវិញទាំងយប់ ។

សមត្ថកិច្ចនៅមិនទាន់អាចបញ្ជាក់អោយបានច្បាស់ថា ករណីស្លាប់ក្មេងប្រុសខាងលើនេះ ដោយសារការពុលនំចាហួយ ឫមួយគ្រូពេទ្យដែលចាក់ថ្នាំក្នុងភូមិនោះទេ? តែទោះជាយ៉ាងណា ករណីនេះទុកអោយសមត្ថកិច្ចជំនាញ ស្រាវជ្រាវបន្តរកមូលហេតុពិតបន្តទៀត ។

លោកមេប៉ុស្តិ៍ឃុំព្រះរំកិលបានអោយដឹងចុងក្រោយថា សពក្មេងប្រុស ត្រូវបានឪពុកម្តាយយកទៅកប់ នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦ នេះហើយ ៕

  • ម្តាយមីងនិងក្មួយស្រីស្លាប់ក្នុងថ្ងៃតែមួយ សង្ស័យពុលភេសជ្ជៈកញ្ចប់

ខេត្តក្រចេះ ៖ មន្ត្រីនគរបាលស្រុកឆ្លូង លោក ឌួង សុទ្ធី បានថ្លែងនៅរសៀលថ្ងៃម្សិលមិញនេះថា ស្ត្រីរងគ្រោះដែលស្លាប់ទាំង២នាក់នេះ ម្តាយមីងឈ្មោះ ដួង ពិ អាយុ៥៣ឆ្នាំ បានស្លាប់ពេលបញ្ជូនទៅសង្គ្រោះ ឯក្មួយស្រីឈ្មោះ ប្រាក់ ហឿង អាយុ៣៦ឆ្នាំ បានស្លាប់ក្រោយពេលបញ្ជូនទៅសង្គ្រោះរយៈពេលជាងកន្លះម៉ោងនៅមន្ទីរពេទ្យឆ្លូង ។

ទោះបីជាបែបណា ការស្លាប់របស់ម្តាយមីង និងក្មួយស្រីជាបន្តបន្ទាប់នេះ ក្រុមគ្រូពេទ្យមិនទាន់បានកំណត់ថា បណ្តាលមកពីការពុល ឬក៏យ៉ាងណានោះទេ ព្រោះតែស្ត្រីរងគ្រោះទាំង២នាក់ មានអាការធ្ងន់ខ្លាំង និងបានស្លាប់នៅពេលបញ្ជូនទៅសង្គ្រោះ ។

សូមបញ្ជាក់ថា មានការភ្ញាក់ផ្អើលរបស់អ្នកភូមិមួយ បានកើតឡើងកាលពីថ្ងៃទី៨ ខែមិថុនា ២០១៦ បន្ទាប់មានអ្នកក្នុងភូមិ២នាក់ ដែលជាម្តាយមីងនិងក្មួយស្រី បានស្លាប់ជាបន្តបន្ទាប់គ្នាក្នុងថ្ងៃតែមួយដោយអាការដូចគ្នា ។ អ្នកភូមិស្រែស្តេច ឃុំដំរីផុង ស្រុកឆ្លូង ខេត្តក្រចេះបានដាក់ការសន្និដ្ឋានថា ការស្លាប់ជាបន្តបន្ទាប់គ្នារបស់អ្នកភូមិ២នាក់ដែលជាម្តាយមីង និងក្មួយស្រី អាចបណ្តាលមកពីពុលទឹកភេសជ្ជៈកញ្ចប់ ព្រោះស្ត្រីរងគ្រោះទាំង២នាក់មានអាការមិនស្រួលខ្លួនក្រោយពេល បានទទួលទានភេសជ្ជៈកញ្ចប់ ដោយទន់ដៃទន់ជើងណែនដើមទ្រូង និងបានស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យឆ្លូង ។

ប្រធានមន្ទីរពេទ្យបង្អែកឆ្លូងលោក ប៊ិន បុណ្ណាវេត ថ្លែងថា គ្រូពេទ្យបានយកសំណាកភេសជ្ជៈដែលនៅសល់ទៅធ្វើកោសល្យវិច័យរកមូលហេតុ ហើយក្រោយពីមានការសន្និដ្ឋានពីក្រុមគ្រួសាររបស់ស្ត្រីរងគ្រោះថា ការស្លាប់របស់ស្ត្រីទាំងពីរនាក់ ផ្តើមចេញពីការពុលភេសជ្ជៈកញ្ចប់ ដែលអ្នកនិយមហូបនោះនិយាយថា ភេសជ្ជៈកញ្ចប់នេះមានរសជាតិផ្សេងៗគ្នាដូចជា ទឹកក្រូច ទឹកគូលែន ទឹកទៀបបាំង ឬទំពាំបាយជូរ ដែលអ្នកលក់បានក្លាស្សេក្នុងធុងទឹកកក ។ តែទោះជាយ៉ាងណា លទ្ធផលមិនទាន់មាននៅឡើយទេ ។

បើតាមការលើក ឡើងរបស់សាច់ញាតិស្ត្រីរងគ្រោះ បានប្រាប់សមត្ថកិច្ចថា កាលពីថ្ងៃទី៨ ខែមិថុនា ស្ត្រីរងគ្រោះឈ្មោះ ដួង ពិ ពេលត្រឡប់ពីបត់ជើងបានប្រាប់ថា រូបគាត់វិលមុខចង់ក្អួតចង្អោរ ក៏បានកោសខ្យល់និងទិញថ្នាំវិលមុខមកលេប ។ ក្រោយពីលេបថ្នាំនិងកោសខ្យល់ ស្ត្រីរងគ្រោះបានឲ្យកូនទៅទិញទឹកផ្លែឈើពីផ្ទះលក់គ្រឿងទេសមួយ ក្នុងភូមិយកមកហូប បន្តិចក្រោយមកស្រាប់តែវិលមុខទន់ដៃទន់ជើងកាន់តែខ្លាំង និងបានស្លាប់ពេលបញ្ជូនមកមន្ទីរពេទ្យ ។

ចំណែកឯក្មួយស្រី ឈ្មោះ ប្រាក់ ហឿង ត្រូវបានសាច់ញាតិនិយាយថា មុនពេលចេញទៅចម្ការស្ត្រីរងគ្រោះកើតមានអការវិលមុខ និងបានកោសខ្យល់ ហើយក៏ប្រើកូនឲ្យទៅទិញភេសជ្ជៈកញ្ចប់ពីផ្ទះលក់គ្រឿងទេសនៅ ក្នុងភូមិដដែលមកទទួលទានអស់២កញ្ចប់ ស្រាប់តែវិលមុខខ្លាំង ទន់ដៃទន់ជើង និងបានស្លាប់ពេលកំពុងទទួលការសង្គ្រោះ ។

ជាមួយនឹង ការស្លាប់របស់ពីរនាក់ម្តាយមីងនិងក្មួយស្រីនៅភូមិជាមួយគ្នា និងនៅផ្ទះក្បែរគ្នានេះ អាជ្ញាធរនៅមិនទាន់កំណត់ថា បណ្តាលមកពីសារធាតុពុល ឬក៏យ៉ាងណានោះទេ បើទោះជាមានការលើកហេតុផលពីការពុលភេសជ្ជៈកញ្ចប់ដោយអ្នកភូមិ យ៉ាងណាក្តី ។

លោកអធិការនគរបាលស្រុកឆ្លូងបញ្ជាក់ថា អាជ្ញាធរនឹងចុះស្រាវជ្រាវ និងប្រមូលសំណាកសង្ស័យថា មានសារធាតុពុល ដែលនៅសេសសល់មួយចំនួនទៅធ្វើកោសល្យវិច័យ បន្ថែមទៀត៕