​តា​រា​កំប្លែង ​នាយ​ឆើត ទទួល​បាន​ថវិកា និង​អំណោយ​ផ្សេងៗ ពី​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត

(ភ្នំពេញ)៖ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានចុះសួរសុខទុក្ខ​ និងនាំយកអំណោយមនុស្សធម៌ របស់​សម្តេចកិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទ​ក្រហមកម្ពុជា រួមមាន ថវិកា ទឹកដោះគោ​ និងទឹកផ្លែឈើមួយចំនួន ទៅជូនដល់ លោក​ ពៅ​ គីសាន់​ ​ហៅនាយឆើត​ ជាតារាកំប្លែងជើងចាស់ ដែលកំពុងមានជំងឺ​សម្រាកព្យាបាល​នៅគេហដ្ឋាន ស្ថិតនៅភូមិត្រពាំងអារ័ក្ស​ សង្កាត់ឪឡោក​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ នៅរសៀល​ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦។

ការចុះសួរសុខទុក្ខនោះ លោកស្រី អគ្គលេខាធិការរងទី១ បានពាំនាំ​ប្រសាសន៍​ ផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្ដេចតែងតែយកចិត្តទុកដាក់ ចំពោះអ្នកសិល្បៈករជើងចាស់​ ដែលជាអ្នកបង្ហាត់បង្រៀន និងជាអ្នកបន្សល់ទុកនូវស្នាដៃសិល្បៈជាច្រើន សម្រាប់កូនចៅសិល្បៈជំនាន់ ក្រោយៗទៀត។ ជាមួយគ្នានោះដែរ​ លោកស្រី ម៉ែន នារីសោភ័គ​ បានផ្តាំផ្ញើដល់ លោក​ ពៅ​ គីសាន់ ក៏ដូចជាសិល្បករ-សិល្បការិនីទាំងអស់​ សូមយកចិត្តទុកដាក់​ថែទាំសុខភាពឱ្យបានល្អ​ យកពេលវេលា​សម្រាកឲ្យបានគ្រប់គ្រាន់ ទោះបីជាមមាញឹក ជាមួយការងារសិល្បៈខ្លាំង យ៉ាងណាក៏ដោយ។

ឆ្លើយតបទៅនឹងទឹកចិត្ត ដ៏សប្បុរសនេះ លោក​ ពៅ​ គីសាន់​ និងក្រុមគ្រួសារ បានថ្លែងអំណរគុណយ៉ាងជ្រាល​ជ្រៅជូនចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាល តែងបានយកចិត្តទុកដាក់ និងគិតគូរអំពីសុខទុក្ខ​ជាប់ជានិច្ចចំពោះសិល្បករគ្រប់រូប​ដែលមានជំងឺ និងជួបការលំបាកក្នុងជីវភាព ដោយមិនប្រកាន់នូវបក្សពួក និងនិន្នាការនយោបាយ អ្វីឡើយ៕

ប្រភព ៖
Khmertalking

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload