ម៉ោង​រូប​​ និង​ខ្មែរ​ព្រឹក​មិញ​ សិស្ស​ធ្វើ​បាន​ពេញ​ៗ និង​សង្ឃឹម​ច្រើនលើគណិត រសៀលនេះ

ការ​ប្រលង​បាក់​ឌុប​លើ​វិញ្ញាសា​អក្សរសាស្ត្រ​ខ្មែរ និង​រូប​វិទ្យា​នៅ​ព្រឹក​មិញ តាម​ការ​ឲ្យ​ដឹង​ពី​បេក្ខជន​​មួយ​ចំនួន​ដែល​ប្រលង​នៅ​មណ្ឌល​វិទ្យាល័យ​ព្រះ​យុគន្ធរ ​​បាន​ប្រាប់​ថា​​ពួក​គេ​ធ្វើ​បាន​​ពេញ​​​ទាំង​អស់​ ព្រម​ទាំង​​សង្ឃឹម​ច្រើន​​លើ​មុខ​វិជ្ជា​ទាំង​នោះ ​រួម​ទាំង​វិញ្ញាសា​គណិត​វិទ្យា​ដែល​នឹង​ប្រលង​ពេល​​រសៀល​នេះ​​​ផង​ដែរ។ ​​​

 

ម៉ោង​រូប​​ និង​ខ្មែរ​ព្រឹក​មិញ​ សិស្ស​ធ្វើ​បាន​ពេញ​ៗ និង​សង្ឃឹម​ច្រើនលើគណិត រសៀលនេះ

 

កញ្ញា​ ថុង​ សោភា ជា​បេក្ខជន​មក​ពី​វិទ្យាល័យ​​ទួល​ស្វាយ​ព្រៃ​បាន​​​ឲ្យ​ដឹង​​ថា​ មុខវិជ្ជា​​ប្រលង​ព្រឹក​មិញ​រូប​គេ​​ធ្វើ​បាន​ពេញ​ទាំង​អស់​ និង​​សង្ឃឹម​​៧០​ភាគ​រយ​លើ​​មុខ​វិជ្ជា​ទាំង​នោះ។ ចំពោះ​​វិញ្ញាសា​ គណិត​វិទ្យា ​ដែល​ប្រលង​​រសៀល​នេះ​​កញ្ញា​​​មាន​ការ​ព្រួយ​បារម្ភ​​លើ​​​មេរៀន​ អនុគមន៍​ខ្សែ​កោង តែ​យ៉ាង​ណា​ក្ដី​កញ្ញា​ថា​សង្ឃឹម​​ច្រើន​គឺ​ ៧០​ភាគ​រយ​ចំពោះ​មុខ​វិជ្ជា​នោះ​។

 

យុវតី​សោភា បាន​និយាយ​​ថា៖ “ធ្វើ​បាន​ពេញ​។ ខ្ញុំ​គិត​ថា​​​(វិញ្ញាសា​ប្រលង​ឆ្នាំ​នេះ) ម៉ា​ល្មម​​ ម៉ា​អាច​ធ្វើ​បាន វា​អត់​ពិបាក​ពេក​ទេ តែ​បើ​សិន​ជា​យើង​ខំ​ប្រឹង​រៀន​ គឺ​អាច​ធ្វើ​បាន”។

 

ចំណែក​យុវជន​ ​ជួន ពិសិដ្ឋ មក​ពី​សាលា​​បញ្ញា​សាស្រ្ត​​សាខា​បឹង​កេង​កេង បាន​​ប្រាប់​ថា រូប​គេ​​មុខ​វិជ្ជា​ប្រលង​ព្រឹក​មិញ​ រូប​គេ​ធ្វើ​បាន​ហើយ​ពេញ​ទាំង​អស់ ព្រម​ទាំង​សង្ឃឹម​ច្រើន​។ ដោយ​ឡែក​​វិញ្ញាសា​គណិត​វិទ្យា​ដែល​​នឹង​ប្រលង​ពេល​ថ្ងៃ​នេះ យុវជន​រូប​នេះ​បាន​ប្រាប់​ថា៖ សង្ឃឹម​ជឿ​ជាក់​ថា អ្វី​ដែល​ខ្ញុំ​រៀន​ហ្នឹង​ អាច​ចេញ​មក​ត្រូវ។ សង្ឃឹម​៨០​ភាគ​រយ… ពីរ​មុខ​ព្រឹក​មិញ​​​៨០​​ភាគ​រយ​ដែរ”។ ​

 

ងាក​ទៅ​ស្ដាប់​យុវតី ​​ ជា ​ដាណា ដែល​ប្រលង​នៅ​មណ្ឌល​វិទ្យាល័យ​ព្រះ​យុគន្ធរ​ដដែល​បាន​ឲ្យ​ដឹង​ថា កញ្ញា​សង្ឃឹម​៨០​​ភាគ​រយ​លើ​មុខ​វិជ្ជា​ព្រឹក​មិញ ដោយ​ធ្វើ​បាន​ពេញ​ទាំង​អស់​ ចំណែក​​ ​វិញ្ញាសា​គណិតវិទ្យា​ប្រលង​រសៀល​នេះ​ យុវតី​មក​ពី​វិទ្យាល័យ​ទួល​ស្វាយ​ព្រៃ​រូប​នេះ​ថា​​​​​សង្ឃឹម​៧០​ភាគ​រយ។ ​

 

“ធ្វើ​បាន​ពេញ​​។…ពិបាក​ជាង​គេ​​​ខ្មែរ ​ខ្មែរ​យើង​អត់​​សូវបាន​រៀន​… ត្រង់​តែង​សេចក្ដី​ព្រោះ​ត្រូវ​លើក​ឧទាហរណ៍​មក​បញ្ជាក់​ច្រើន។ ​សង្ឃឹម​​ ៨០​ភាគ​រយ។ គណិត​ប្រហែល​ជា​ យក​បាន​ត្រឹម​៥០​ភាគ​រយ “។ នេះ​ជា​ការ​លើក​ឡើង​របស់​ យុវជន​ឈឹម ឆារៈ បេក្ខជន​មក​ពី​វិទ្យាល័យ​បាក់​ទូក៕

 

ចុចអាន៖  ចប់​ប្រលង​ថ្ងៃ​ទី ១ បេក្ខជន​ត្អូញ​មុខវិជ្ជា គីមី ហាក់​លំបាក​បន្តិច​

 

អត្ថបទ៖ មាន​ រតនា​​​​