អង្គការ ១២ ជំរុញឲ្យមានដំណោះស្រាយការធ្លាក់ចុះស្ថានភាពសិទ្ធិមនុស្ស

ភ្នំពេញៈ មានអង្គការក្រៅរដ្ឋាភិបាលចំនួន ១២ បានចេញលិខិតចំហមួយទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិដោយបានជំរុញឲ្យស្វែងរកដំណោះស្រាយដ៏ខ្លាំងក្លាមួយទៅលើអ្វីដែលទាក់ទងនឹងការធ្លាក់ចុះដ៏ធ្ងន់ធ្ងរនៃស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា។

អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិប្រចាំកម្ពុជាលោកស្រី Rhona Smith គ្រោងនឹងទៅចូលរួមកិច្ចប្រជុំក្រុមប្រឹក្សានេះនៅឯកិច្ចប្រជុំលើកទី ៣៣ នៅខែក្រោយ។

ជាមួយនឹងហត្ថលេខីចំនួន ១២ ដែលបានស្នើឲ្យក្រុមប្រឹក្សានេះចេញសេចក្តីថ្លែងការណ៍មួយឲ្យរដ្ឋាភិបាលកម្ពុជាដោះលែងអ្នកទោសនយោបាយទាំងអស់នឹងលុបចោលច្បាប់មួយចំនួនដូចជាច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលច្បាប់សហជីព និងច្បាប់ទូរគមនាគមន៍ដែលពួកគេមើលឃើញថាវានៅមិនទាន់គោរពទៅតាមស្ដង់ដារអន្ដរជាតិ និងស្នើសុំឲ្យបញ្ឍប់ការរំលោភបំពានសិទ្ធិមនុស្សដែលមានលក្ខណៈធ្ងន់ធ្ងរ។

អ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន កាលពីម្សិលមិញបានឱ្យដឹងថាកម្ពុជាទំនងជាមិនយកចិត្តទុកដាក់ចំពោះដំណោះស្រាយណាមួយនោះទេដោយបានអះអាងថាអធិបតេយ្យភាពវាសំខាន់ជាងអនុសញ្ញាសិទ្ធិណាមួយដែលព្រះរាជាណាចក្រកម្ពុជាគឺជាហត្ថលេខីមួយដែរនោះ។

លោក ស៊ីផាន ថ្លែងថា៖ «តាមការយល់របស់ខ្ញុំគឺថាប្រទេសកម្ពុជាគឺជាប្រទេសកម្ពុជាគ្មាននរណាម្នាក់អាចធ្វើឲ្យប្រទេសកម្ពុជាក្លាយទៅជាអ្នកណាផ្សេងទៀតនោះទេ។ យើងមានច្បាប់ផ្ទាល់ខ្លួនរបស់យើងហើយសមាជិកសភារបស់យើងអនុម័តច្បាប់ទាំងនោះដែលប្រកាសឱ្យប្រើដោយព្រះមហាក្សត្ររបស់យើង»។

លិខិតដដែលនោះក៏បានលើកឡើងផងដែរពីលោកស្រី Smith ដែលថ្មីៗនេះលោកស្រីស្ថិតនៅក្រោមការរិះគន់ចំពោះការយល់ឃើញរបស់លោកស្រីពីភាពអសកម្មដែលត្រូវបានស្នើសុំឲ្យធ្វើការវាយតម្លៃលើការអនុវត្តការធ្វើកំណែទម្រង់សិទ្ធិមនុស្សដែលផ្ដល់អនុសាសន៍ដោយសមាជិករបស់អង្គការសហប្រជាជាតិនៅប្រទេសកម្ពុជា។

លោក Nicolas Agostini ជាអ្នកដែលបានសរសេរសេចក្តីព្រាង និងសម្របសម្រួលលិខិតនោះនៅក្នុងតួនាទីរបស់លោកជាអ្នកតំណាងរបស់សហព័ន្ធអន្តរជាតិសម្រាប់សិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបាននិយាយថាការវាយតម្លៃគឺដូចទៅនឹងការវាយតម្លៃរបស់អាណត្តិរបស់លោកស្រី Smith ដែរប៉ុន្តែថាក្រុមប្រឹក្សានេះនឹងត្រូវបានចោទសួរ និងស្នើសុំនៅក្នុងខួបនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនាពេលខាងមុខ។

លោក Agostini បានថ្លែងទៀតថា៖ «យើងសង្ឃឹមថាឥឡូវនេះរដ្ឋទាំងអស់នឹងរួមគ្នាដើម្បីផ្ញើសារទៅដល់រដ្ឋាភិបាលកម្ពុជាថាខ្លួននឹងមិនត្រូវបានអនុញ្ញាតឲ្យបំផ្លាញសំណល់ចុងក្រោយនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនោះទេ»។

ប្រព័ន្ធតុលាការមិនឯករាជ្យត្រូវបានគេលើកឡើងថាគឺជាមូលហេតុចម្បងមួយដែលធ្វើឲ្យមានការរំលោភបំពានសិទ្ធិមនុស្សនៅកម្ពុជា៕

ប្រភព៖ ភ្នំពេញប៉ុស្តិ៍


Related Posts