ល្បិចនោះល្បិច! ចង់ត្រូវមេមកបំពេរកូន ​ត្រូវនាង…

រាជធានី​ភ្នំពេញ ​៖ ​មាន​​រឿង​គួរ​ឱ្យ​​ចាប់​អារ​ម្ម​ណ៍ដែល​​គ្រួសារ​មួយ បន្ទាប់​ពី​ចាប់ដៃ​គ្នា​ជា​ប្ដី​-ប្រពន្ធ​រយៈពេល​១០​ឆ្នាំ រហូត​មានកូន​ប្រុស​២​នាក់​​ក្នុង​បន្ទុក​​​ ប៉ុន្តែ​ដោយសារតែការ​​​រស់នៅមិន​ចុះសម្រុង​​គ្នា ក៏​​ឈាន​ដល់​ការ​ចែកផ្លូវ​លែងលះ​​ផ្ដាច់​​សង្វាស​​ជា​ប្ដី​​​ប្រពន្ធ​ ​។

​ប៉ុន្តែ​អ្វី​ដែល​បង្ក​ឱ្យ​​ភ្ញាក់ផ្អើល​នោះ គឺ​ក្រោយ​​បែក​បាក់​គ្នា​រយៈពេល​២​ឆ្នាំ​មកហើយ​ រហូត​ខាង​ស្រី​​​​បាន​សម្រេចចិត្ត​យកប្ដី​ថ្មី​ម្នាក់​​ទៀត​ទៅ​​ហើយ​នោះ ស្រាប់តែ​បុរស​ជា​អតីត​ប្ដី ទំនងជា​អស់​ផ្លូវ​ដើរ​ ក៏​​បាន​វិល​រក​​មក​វិញ ។ ​ទោះបីជា​បែប​ណា​ នាង​ជា​ប្រពន្ធមិន​បាន​ព្រម​នោះ​​ទេ​ព្រោះ​នាង មាន​ប្ដី​ថ្មីទៅ​​ហើយ ។ ជាហេតុធ្វើ​ឱ្យ​​បុរស​នោះ​ រក​គ្រប់​ល្បិច​កល ដើម្បី​បាន​រស់នៅ​ជាមួយ​នាង​វិញ ហើយ​នៅ​ចុង​ក្រោយ​​នេះ បុរស​ខាងលើ​​ប្រើ​ល្បិច​ដ​ណ្ដើ​ម​កូន​ប្រុស​២​នាក់ ដែល​កំពុង​រស់នៅ​ជាមួយ​ប្រពន្ធ​ទៅ​​នៅ​ជាមួយ​ខ្លួន ។ ក្នុង​គោល​បំណង​ឱ្យ​​នាង​ជា​អតីត​ប្រពន្ធ​ទៅ​តាម ​រស់នៅ​ជាមួយ​ខ្លួន​វិញ ។​

ប៉ុន្តែ​​ត្រូវ​នាង​នៅ​តែ​មិន​ព្រម​ដដែល ទើប​នាំ​គ្នារ​ត់​រក​នគរបាល​ប៉ុស្ដិ៍​ចោម​ចៅ​ឱ្យ​​ជួយ​រក​​យុត្តិធម៌ កាលពី​វេលា​ម៉ោង​១០ ​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​២៣ សីហា ​២០១៦ ​ប៉ុន្តែ​នៅ​ពេល​ទៅ​ដល់​នគរបាល​បាន​​ឱ្យ​ពួក​គេ​ទៅ​រក​មន្ត្រី​សាលាសង្កាត់​វិញ ព្រោះ​នេះ​​គឺ​ជា​រឿង​រដ្ឋ​ប្បវេណី​ប៉ុណ្ណោះ មិនមែន​រឿង​ព្រហ្ម​ទណ្ឌទេ​។ 

អតីត​ប្ដី​-ប្រពន្ធ​មួយគូ​នោះ ខាង​ស្ត្រី​​​ឈ្មោះ​សូ សី អាយុ​២៦​ឆ្នាំ ជា​កម្ម​កា​រិ​នី​រោងចក្រ​កាត់ដេរ មានស្រុក​កំណើត​នៅ​ក្នុងភូមិ​ច្រក​ទ្រាល ឃុំ​ភក្តី ស្រុក​​​បរ​សេដ្ឋ ខេត្តកំពង់ស្ពឺ ។ ​រីឯ​បុរស​​ជា​អតីត​ប្តីឈ្មោះវង់ ណា​ក់ អាយុ​៣៥​ឆ្នាំ ​ជាអ្នកបើក​រថយន្ត​ មានស្រុក​កំណើត​​នៅ​ក្នុងភូមិ​ត្រពាំង​គាប ឃុំ​ត្រពាំង​​ក្រសាំង ស្រុក​បាទី​ ខេត្តតាកែវ ។

នាង​​ជា​អតីត​ប្រពន្ធ​​​​និយាយ​ថា នាង​បាន​រៀប​ការ​ជាមួយ​ឈ្មោះ​វង់ ណា​ក់ (បុរសខាងលើ) កាលពី​អំឡុង​ឆ្នាំ២០០៦ ប៉ុន្តែ​ក្រោយ​ពេល​រស់នៅ​ជាមួយ​គ្នា​​ជា​ប្តី​ប្រពន្ធ​​រយៈពេល​១០​ឆ្នាំ មានកូន​​​ប្រុស​ចំនួន​២​នាក់​ តែ​មានការ​​ប្រេះឆា​​គ្នា​កើតឡើង ប៉ុន្តែ​នាង​មិន​បាន​និយាយ​​ថា មានរឿង​រ៉ាវ​អ្វីខ្លះ​នោះ​​ឡើយ​ រហូត​​ឈាន​ដល់​ការ​​លែងលះ​គ្នា ដែល​គិត​មក​ទល់​​​ពេល​នេះ ​បាន​រយៈ​ពេល​២​ឆ្នាំ​ហើយ និង​បាន​​លែង​គ្នា​ដាច់ស្រេច​ទៀតផង ។ ដោយ​មាន​​ធ្វើ​កិច្ចសន្យា ផ្តិត​មេដៃ​ព្រមព្រៀង​គ្នា នៅ​​​ចំពោះ​មុខ​អាជ្ញាធរ​ភូមិ ​ឃុំ និង​ស្រុក និង​​ព្រមព្រៀង​ឱ្យ​នាង​នោះ​យក​កូន​ទាំង​​២​នាក់​ទៅ​ចិញ្ចឹម​​ ។

ស្ត្រី​ខាងលើ​​​បន្ត​ថា ក្រោយ​ពេល​លែងលះ​គ្នា​ដាច់​ស្រេច នាង​​​សម្រេចចិត្ត​យកប្ដី​ថ្មី​ ​និង​បាន​ទទួល​រាប់​រង​ចិញ្ចឹម​កូន​ទាំង​ពីរ​នាក់​យ៉ាង​លំបាក​បំផុត និង​បាន​សងបំណុល​ធនាគារ​ជំនួស​អតីត​ប្ដី​ម្នាក់​នោះ​​ ។ ពេល​នេះ​ឮ​ថា​ គាត់​បាន​ជំពាក់​បំណុល​ធនាគារ​ទៀត​ហើយ ទើប​​រត់មករក​នាង​ម្ដងទៀត ​។

ក្រោយ​​ពេល​លែង​លះ​គ្នា នាង​​​រៀប​ការ​ប្ដី​ថ្មី​ដោយ​បើកចំហរ ប៉ុន្តែ​បុរស​ដែល​ជា​អតីត​ប្ដី​នោះ មិន​បាន​តាម​រករឿង​នោះ​ទេ គឺ​បាន​បើកដៃ​ឱ្យ​រៀប​ការ​តាម​សម្រួល​ទៀត​​​ ។​ លុះ​ពេល​ថ្មី​ៗ​​នេះ ស្រាប់តែ​ប្រែប្រួល​ចិត្ត​បាន​ទៅ​សុំ​ឱ្យ​នាង​រួមរស់​ជាមួយ​គាត់​វិញ ដែល​នាង​មិន​យល់​នោះ​ឡើយ ។ ហើយ​នាង​មិនបានយល់​​ព្រម​នោះ​ទេ ព្រោះ​ពេល​នេះ​នាង​មាន​ប្ដី​ថ្មី​ទៀត​រួច​ទៅ​​ហើយ នាង​ត្រូវការ​សាង អនាគត​និង​គ្រួសារ​ថ្មី​ទៀត ។ ​

ដោយឡែក​ នៅ​ថ្ងៃ​កើតហេតុ​ខាង​លើ ខណៈ​​ដែល​នាង​និង​កូន​២​នាក់ កំពុង​ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​៤ ដើម្បី​ទៅ​ផ្ទះ ​ស្រាប់តែ​អតីត​ប្តី​រូប​នោះ​ឃើញ​បាន​ដេញ​តាម​ចាប់​ដណ្តើម​យក​កូន​ពី​នាង និង​សុំ​រួមរស់​ជាមួយ​នាង​វិញ ។ ប៉ុន្តែ​នាង​មិន​ព្រម  ហើយដោយ​ខ្លាច​មាន​គ្រោះថ្នាក់ ទើប​ធ្វើ​ដំណើរ​ទៅ​កាន់ប៉ុស្ដិ៍​នគរបាល​ចោម​ចៅ ហើយ​បុរស​នោះ​ក៏​បាន​ទៅ​តាម​ដែរ ហើយ​នាង​បាន​ទាមទារ​យក​កូន​ទាំង​ពីរ​នាក់​នោះ មិន​ឱ្យ​​ទៅ​បុរស​នោះ​ឡើយ​។

ដោយឡែក ​បុរស​ជា​អតីត​ប្ដី​នោះ បាន​បដិសេធ​រាល់​ការ​ចោទប្រកាន់របស់​នាង​ជា​អតីត​ប្រពន្ធ​ទាំងស្រុង ប៉ុន្តែ​គាត់​មិន​បាន​និយាយ​​បែប​​ណា​នោះ​ឡើយ ។ ​បុរស​នោះ​បាន​ត្រឹមតែទូរស័ព្ទ​ហៅ​ឪពុកម្ដាយរបស់​ខ្លួន​​ឱ្យធ្វើ​ដំណើរ​ទៅ​កាន់​ប៉ុស្ដិ៍​ចោម​ចៅជួយ​និយាយ​ជាមួយ​​អតីត​ប្រពន្ធ​ ​ឱ្យយល់ព្រម​រួមរស់​ជាមួយ​ខ្លួន​វិញ​​ប៉ុណ្ណោះ ។​