ទឹក​ចិត្ត​ឪពុក​ម្តាយ! អ្នក​​ខ្លះ​អត់​ធ្វើ​ការ​ជូន​កូន​ទៅ​ប្រឡង និង​​ទន្ទឹង​រង់​ចាំ

ទឹក​ចិត្ត​ឪពុក​ម្តាយ! អ្នក​​ខ្លះ​អត់​ធ្វើ​ការ​ជូន​កូន​ទៅ​ប្រឡង និង​​ទន្ទឹង​រង់​ចាំ
ឪពុកម្តាយ និងអាណាព្យាបាលរបស់បេក្ខជនប្រលងបាក់ឌុបកំពុងតែរងចាំពួកកេចេញពីប្រលង នៅមណ្ឌលទួលទំពូង។ តាំង រីនិត្យ

ភ្នំពេញ៖ នៅវេលាព្រឹកនេះ នៅតាមបណ្តោយរបងនៃវិទ្យាល័យទួលទំពូង ដែលត្រូវបានគរប្រើប្រាស់ជាមណ្ឌលប្រឡងមួយក្នុងចំណោមមណ្ឌលប្រឡងទាំង ១៥៧ សម្រាប់ការប្រឡងមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបនៅឆ្នាំនេះ គេសង្កេតឃើញឪពុកម្តាយ និងអាណាព្យាបាលរបស់បេក្ខជនប្រឡងជាច្រើនកំពុងតែអង្គុយរង់ចាំកូនចេញពីប្រឡង ក្រោមកម្តៅព្រះអាទិត្យដ៏ក្តៅ។

ខ្លះអង្គុយលើម៉ូតូ ខ្លះអង្គុយលើបង់ ពួកគាត់បានសម្តែងនូវទឹកមុខព្រួយបារម្ភពីការប្រឡងរបស់កូនរបស់ខ្លួនៗ ដែលភាគច្រើនមកពីសាលាដែលនៅឆ្ងាយៗពីមណ្ឌលប្រឡង។

អ្នកស្រី ជុំ ផល្លា ជាកម្មការីនីរោងចក្រ បានដាក់ច្បាប់កន្លែងធ្វើការចំនួន ២ ថ្ងៃ ដើម្បីជូនកូនប្រុសរបស់អ្នកស្រី ដែលសិក្សានៅវិទ្យាល័យទួលទំពិលនៅជិតផ្ទះ មកប្រឡងនៅវិទ្យាល័យទួលទំពូង។

អ្នកស្រីនិយាយថា៖ «ខ្ញុំពុំមានអ្វីឲ្យកូនច្រើនពេលមកប្រឡងទេ មានតែទឹកចិត្តជូនកូនមកប្រឡងនេះហើយ។ ខ្ញុំខំធ្វើការដោយកម្លាំងបាយ ពុំមានចែកឲ្យកូនឡើយ មានតែចំណេះវិជ្ជានេះហើយ។ ម៉ែសប្បាយចិត្តណាស់ប្រសិនជាកូនបានប្រឡងជាប់ ហើយម៉ែសង្ឃឹមថា កូននឹងខិតខំប្រឹងប្រែងបន្តទៀត»។

លោក គុយ ចាន់ធី ជាគ្រូបង្រៀនម្នាក់នៅអនុវិទ្យាល័យព្រែកឯង ដែលជាសាលារបស់កូនប្រុសរបស់លោក ជាមួយភរិយា ក៏បានជូនកូនប្រុសរបស់លោកមកប្រឡងនៅមណ្ឌលទួលទំពូងដែរ ហើយនៅពេលថ្ងៃត្រង់ លោកត្រូវទិញបាយមកឲ្យកូនទទួលទាន ដើម្បីកុំឲ្យពិបាកទៅផ្ទះដែលនៅឆ្ងាយពេក។

លោកនិយាយថា៖ «ជាឪពុកម្តាយ គ្មានអ្វីដែលសប្បាយចិត្តជាងកូនទទួលបានជោគជ័យទេ។ ប៉ាសូមផ្តាំទៅប្រាប់កូនថា ប៉ាសូមជូនពរឲ្យកូនប្រឡងជាប់ ហើយពេលជាប់ហើយ សូមកូនខំប្រឹងរៀនបន្តទៅទៀត។ ដើម្បីអនាគតណាកូនប៉ា!»។

ចំណែកអ្នកស្រី ហ៊ោ ចំណាន ជាអាជីវករតូចតាចម្នាក់ បានសុខចិត្តលះបង់ពេលវេលាលក់ដូររយៈពេល ២ ថ្ងៃ ជូននិងរង់ចាំកូនច្បងរបស់អ្នកស្រី ដែលរៀននៅវិទ្យាល័យព្រែកឯង មកប្រឡងផងដែរ។

អ្នកស្រីបានថ្លែងទាំងក្តីសង្ឃឹមថា៖ «តាមការរៀបរាប់របស់កូនម្សិលមិញ ខ្ញុំមានសង្ឃឹមប្រហែល ៨០ ភាគរយហើយ។ សម្រាប់ខ្ញុំ គ្មានអ្វីអរលើសកូនប្រឡងជាប់ទេ»។

អ្នកស្រីបានផ្តាំផ្ញើទៅកូនអ្នកស្រីថា៖ «កូនអើយ! ម្តាយគ្មានកេរ្តិ៍អ្វីចែកឲ្យកូនទេ មានតែការផ្គត់ផ្គង់កូនឲ្យរៀននេះហើយ។ កូនត្រូវខិតខំរៀន កុំចុះចាញ់ឲ្យសោះ»។

លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ នៅក្នុងសម័យប្រឡងបាក់ឌុប ថ្ងៃ២២-២៣ សីហា ឆ្នាំ២០១៦ នេះ «បេក្ខជនសរុបមានចំនួន៩៣ ៧៥២នាក់ ស្រី៤៥ ២៣៧នាក់ ចែកជា១៥៧មណ្ឌលសំណេរ ស្មើនឹង ៣ ៧៨១បន្ទប់»។

នៅក្នុងចំណោមបេក្ខជនប្រឡងទាំងអស់ ជាង ២៥ ភាគរយគឺជាសិស្សដែលប្រឡងធ្លាក់កាលពីឆ្នាំមុនៗ៕តាំង រីនិត្យ

ប្រភព៖ postkhmer

  • ទឹក​ចិត្ត​ឪពុក​ម្តាយ! អ្នក​​ខ្លះ​អត់​ធ្វើ​ការ​ជូន​កូន​ទៅ​ប្រឡង និង​​ទន្ទឹង​រង់​ចាំ已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/08/23  Category:ជីវិតនិងសង្គម
Tags: