ចង់អស់សំណើច ! ​រឿង​ចោរនិង​ប៉ូលិស

ខេត្តស្ទឹងត្រែង ​៖ ​ជនសង្ស័យ​២​នាក់ ​បានផ្តួល​​ម៉ូតូ​រត់គេច​ខ្លួន​ ខណៈត្រូវ​​កម្លាំង​សមត្ថកិច្ច​​សង្ស័យ​តាម​សាកសួរ​​ពី​ម៉ូតូ​ដែ​ល​ពួក​គេ​យក​​ទៅ​លក់ ​កាលពី​ព្រឹក​ថ្ងៃ​ទី​២២ ​សីហា​២០១៦ ស្ថិត​នៅ​ឃុំ​ក្បាល​រមាស ស្រុក​សេ​សាន ក្រោយមក​ត្រូវ​កម្លាំង​នគរបាល​ព័ទ្ធ​ចាប់​ខ្លួន​​បាន​ម្នាក់ ​នៅ​យប់​ថ្ងៃ​​ដដែល រួមទាំង​​ម៉ូតូ​ម៉ាក​ឌ្រី​ម​​២​គ្រឿង​ ។

ប្រភព​​ឱ្យដឹង​ថា​ ដំបូង​ឡើយ​ គេ​ឃើញ​យុវជន​​ពីរ​នាក់​ជិះ​ម៉ូតូ​ម្នាក់​មួយ​គ្រឿង​ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧៨​ ស្រាប់​មាន​កម្លាំង​នគរ​បាល​ប៉ុស្តិ៍​រដ្ឋបាល​​ឃុំ​ក្បាល​រមាស​ជា​ច្រើន​ស្ទាក់​ និង​ដេញ​ពីក្រោយ ។ ភ្លាម​នោះ​ ពួក​គេ​បាន​ផ្តួល​ម៉ូតូ​ចោល​ហើយ រត់​សំដៅ​ទៅ​ព្រៃ គេច​ខ្លួន​បាត់​ ទាំង​មិនដឹង​ពី​មូលហេតុ​ ​​។

​មន្ត្រី​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ក្បាល​រមាស​ស្រុក​សេ​សានឱ្យ​ដឹង​ថា​ ​នៅ​មុន​កើតហេតុ​ ជនសង្ស័យ​​ជិះ​ម៉ូតូ​ម្នាក់​មួយ​គ្រឿង​ ទៅ​លក់​ឱ្យ​​ក្រុម​កម្មករ​ធ្វើ​ចំការ​នៅ​ឃុំ​ក្បាល​រមាស​​ ហើយ​ម៉ូតូ​ដែល​ត្រូវ​លក់​នោះ​តែ​មួយ​គ្រឿងទេ ​ក្នុង​តម្លៃ​៧០០​ដុល្លារ ។ ដោយសារ​កម្មករ​នោះ ​មិន​មាន​លុយ​ទិញ ​ពួក​គេ​បាន​លួងលោម​​​លក់​​បញ្ចុះតម្លៃ​ម្តង​​បន្តិច​ៗ​ រហូត​ធ្លាក់​មក​ត្រឹម​១០០​ដុល្លារ ។

កម្មករ​នោះ​មិន​បាន​សង្ស័យ​អ្វី​នោះ​​ទេ ដោយ​ហេតុតែ​ចង់បាន​ប្រាប់​វិញ​ថា ​ខ្លួន​មិន​មាន​លុយ​ទេ ទាល់តែ​ទៅ​ខ្ចី​លុយ​ថៅកែ​ម្ចាស់​ចំការ​គាត់​លក់​បាយ​នៅ​ច្រប់​សិន​ ។ ​រឿង​ដែល​អស់សំណើច​ ចោរ​មិន​ស្គាល់​ប៉ូ​លិស ប៉ូ​លិសក៏​​មិន​ស្គាល់​ចោរ ។​ លុះ​នាំ​គ្នា​ទៅ​ដល់ បាន​​ជួប​ជាមួយ​ម្ចាស់​ចំការ​ ​ជា​មេ​ប៉ុស្តិ៍​ឃុំ​ក្បាល​រមាស ក៏ត្រូវលោក​មេ​ប៉ុស្តិ៍​​​សួរនាំ​រក​​លិខិត​ស្នាម ។ ពួក​គេ​ឆ្លើយ​ថា​ បាត់ លោក​មេ​ប៉ុស្តិ៍​ក៏​ប្រាប់​ថា បើ​ចង់​លក់​ទៅ​ឱ្យ​មេ​ភូមិ មេឃុំ​បញ្ជាក់​សំបុត្រ​មក​​សិន​ ។

​មន្ត្រី​ប៉ុស្តិ៍​ដដែល​បន្ត​ថា​ ក្រោយ​ការ​សួរនាំ​ពួក​គេ​ក៏​ជិះ​ម៉ូតូ​ចេញ​​ទៅ​បាត់ តែ​ដោយសារ​មិន​អស់ចិត្ត​ថា​ ម៉ូតូ​អី​ក៏​​លក់​ថោកម្ល៉េះ លោក​មេ​ប៉ុស្តិ៍​​បាន​បើករថយន្ត​ដេញ​​តាមពួក​គេ​ត្រូវដឹងខ្លួន ក៏ផ្តួល​​ម៉ូតូ​រត់គេច​ខ្លួន​តែ​ម្តង​។

លោកល្លត ម៉ា​រ៉​ន មេ​ប៉ុស្តិ៍​ឃុំ​ក្បាល​រមាស ​ឱ្យដឹង​ទៀត​ថា​ ជនសង្ស័យ​​​ត្រូវ​កម្លាំង​នគរបាល ​រួម​ជាមួយ​ប្រជា​ការពារ​ភូមិ​ចាប់​បាន​ម្នាក់​មាន​ឈ្មោះផុ​ន រង្សី  អាយុ​១៨​ឆ្នាំ មានស្រុក​កំណើតភូមិ​កោះ​សម្ពាយ តែមក​រស់នៅ​គីឡូម៉ែត្រ​លេខ​៦ ​ចំការ​ម៉ៃសាក់ ​ភូមិ​រា​ជានុ​កូ​ល សង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹង​ត្រែង ​។ ​ចំណែក​ម្នាក់​ទៀត​ ជា​កូន​អ្នក​ភូមិ​ហាង​សាវ៉ា​ត សង្កាត់​សាមគ្គី ក្រុង​ស្ទឹង​ត្រែង ​។

​ក្រុម​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ ​បាន​ដើរ​លក់​ម៉ូតូ​តាំងពី​យប់​ថ្ងៃ​ទី​២១ ​រហូត​ព្រឹក​ថ្ងៃ​ទី​២២​ សីហា​ វេលា​ម៉ោង​១០​ព្រឹក ​ពួក​គេ​បាន​យក​ទៅ​លក់​ឲ្យ​កម្មករ​ជា​ជ័រ​របស់​លោក ។ ក្រោយមក​​ក៏​​ចេញ​ទៅ​វិញ​ទាំង​លោក​មិនដឹង​ថា​ ពួក​គេ​ជា​ចោរ​ ហើយ​ក្រុម​ចោរ​ទាំងនោះ​​ក៏​​មិន​ស្គាល់​លោក​ជា​មេ​ប៉ុស្តិ៍​នោះ​ដែរ ។ ​