ជន​​​​ជាតិ​​​​ប៉ា​គីស្ថាន​ត្រូវ​បានចាប់​ខ្លួន​​​​ពីបទ​​​​ប៉ុនប៉ង​ជួញដូរ​​​មនុស្ស​

យោងតាមមន្រ្តី បុរសជនជាតិប៉ាគីស្ថានពីរនាក់និងស្រី្តខ្មែរម្នាក់ដែលជាប់សង្ស័យថាប៉ុនប៉ងជួញដូរស្រ្តីបីនាក់ទៅប្រទេសប៉ាគីស្ថានដើម្បីធ្វើជាស្រីពេស្យាត្រូវបានចាប់ខ្លួន ពេលជិះរ៉ឺម៉កកង់បីនិងនៅក្នុងផ្ទះសំណាក់ក្នុងភ្នំពេញកាលពីពីរថ្ងៃមុន។ លោក ផាត ផល្លា អនុប្រធានកម្លាំងប្រឆាំងការជួញដូរនៃនគរបាលក្រុងបាននិយាយថា ជនសង្ស័យឈ្មោះ និអាស អាមេដ (Niaz Ahmed) អាយុ៥៥ឆ្នាំ និងយ៉ាស្សេហ្វ អាមេដ(Yazef Ahmed)អាយុ ២៤ឆ្នាំ និងជនសង្ស័យជាមេខ្យល់អ្នកស្រី ប៊ិន ញ៉ អាយុ ៧២ឆ្នាំបានស្ថិតក្រោមការតាមដានឃ្លាំមើលកាលពីដើមខែនេះ ក្រោយពីប៉ូលិសបានទទួលពាក្យបណ្តឹងថាបុរសទាំងនោះលក់ស្បែកជើងនិងកុំព្យូទ័រនៅតាមផ្លូវ។ លោក ផល្លា បាននិយាយថា ការស៊ើបអង្កេតដែលធ្វើឡើងបាននាំឲ្យមន្រ្តីនគរបាលទៅកាន់ផ្ទះសំណាក់ ដឹហ្គ្រេយ កាលពីថ្ងៃព្រហស្បិ៍ ដែលនៅទីនោះពួគេបានរកឃើញស្រ្តីជនជាតិខ្មែរបីនាក់ដែលជឿថាជាជនរងគ្រោះពីការជួញដូរ និងបុរសម្នាក់ដែលតួនាទីរបស់គាត់មិនទាន់ដឹងច្បាស់នៅឡើយកាលពីថ្ងៃម្សិលមិញ។ ពួកគេមិនបានចាប់ខ្លួនទេពេលនេះ។ លោក ផល្លា បាននិយាយថាលោក នីអាស អ្នកស្រី ញ៉ និងស្រី្តម្នាក់ត្រូវបានចាប់ខ្លួនពេលកំពុងជិះរ៉ឺម៉កកង់បីនៅខណ្ឌដូនពេញកាលពីយប់ថ្ងៃអាទិត្យ ចំណែកឯលោក យ៉ាស្សេហ្វ និងស្រ្តីពីរនាក់និងបុរសជនជាតិខ្មែរម្នាក់ត្រូវបានចាប់ខ្លួនក្នុងបន្ទប់នៅឯផ្ទះសំណាក់កាពីតាល់នៅខណ្ឌ៧មករាកាលពីព្រឹកថ្ងៃច័ន្ទ។ លោក ផល្លា បាននិយាយថា “យើងបានចាប់ខ្លួនជនជាតិប៉ាគីស្ថានពីរនាក់និងមេខ្យល់ជនជាតិខ្មែរ ពីព្រោះកម្លាំងយើងបានស៊ើបអង្កេតនិងបានរកឃើញថា ពួកគេបានប៉ុនប៉ងនាំស្រ្តីដែលជួយសង្គ្រោះទាំងបីនាក់ទៅប្រទេសប៉ាគីស្ថានដើម្បីធ្វើជាស្រីពេស្យា”។ លោកបាននិយាយថា “ជនសង្ស័យបានយកសៀវភៅគ្រួសាររបស់ស្រី្តទាំងបីនាក់នោះ ហើយបានធ្វើលិខិតឆ្លងដែនក្នុងគោលបំណងនាំស្រី្តទាំងនោះទៅប្រទេសថៃតាមឡានក្រុង បន្ទាប់មកជិះយន្តហោះទៅប្រទេសប៉ាគីស្ថាន”។ លោក ផល្លា បាននិយាយថា ជនសង្ស័យ ជនរងគ្រោះពីការជួញដូរ និងបុរសជនជាតិខ្មែរម្នាក់កំពុងតែឃុំខ្លួននៅឯការិយាល័យប្រឆាំងការជួញដូរមនុស្សក្រុងភ្នំពេញ។ លោក ផល្លា បាននិយាយថា “ឥឡូវនេះយើងកំពុងតែកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅតុលាការ។ លោកបានបង្វែរសំណួរបន្តទៀតទៅមេរបស់លោកគឺ លោក កែវ ធា។ លោក ធា បានបដិសេធមិនធ្វើអត្ថាធិប្បាយថាតើលោកបានដឹងអំពីករណីផ្សេងទៀតទាក់ទងនឹងស្រ្តីខ្មែរដែលត្រូវគេជួញដូរទៅប្រទេសប៉ាគីស្ថាននោះទេ។ ក្រុមប្រឆាំងការជួញដូរមនុស្សបួនក្រុមទាក់ទងកាលពីថ្ងៃច័ន្ទបាននិយាយថា ពួកគេមិនបានដឹងអំពីការប៉ុនប៉ងពីមុនៗដោយជោគជ័យឬមិនជោគជ័យ ក្នុងការបញ្ជូនស្រ្តីខ្មែរទៅប្រទេសអាស៊ីខាងត្បូងដើម្បីធ្វើជាស្រីពេស្យានោះទេ៕ មាំ វិបុល © 2016, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

The post ជន​​​​ជាតិ​​​​ប៉ា​គីស្ថាន​ត្រូវ​បានចាប់​ខ្លួន​​​​ពីបទ​​​​ប៉ុនប៉ង​ជួញដូរ​​​មនុស្ស​ appeared first on The Cambodia Daily.