បាក់​ឌុប​៖ ព្យួរសេរ៉ូម ដាក់​អុកស៊ីសែន ដើម្បី​បន្ត​ការប្រឡង​ និពន្ធដោយ : ថ្មីៗ       August-23-2016, 4:59 pm         277

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132បាក់​ឌុប​៖ ព្យួរសេរ៉ូម ដាក់​អុកស៊ីសែន ដើម្បី​បន្ត​ការប្រឡង​រូបថតទាំងអស់ ACUសម្រាប់​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុប​) នា​រយៈពេល​២​ថ្ងៃនេះ  បេក្ខជន​មួយចំនួន​មាន​សុខ​ភាពមិនប្រក្រតី ដោយ​អ្នកខ្លះ​ឈឺក្បាល វិលមុខ ចុកពោះ ក្អួត ជាដើម​។ បេក្ខជន​ខ្លះ ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ បេក្ខជន​ខ្លះ​ទទួល​ការព្យាបាល​ផ្ទាល់​ដោយ​ក្រុមគ្រូពេទ្យ​នៅ​មណ្ឌល​ប្រឡង​។​

​នៅ​ថ្ងៃ​អង្គារ ទី​២៣ ខែសីហា ដែលជា​ថ្ងៃទី​ពីរ និង​ជា​ថ្ងៃ​ចុងក្រោយ នៃ​ការប្រឡង​បាក់​ឌុប​ឆ្នាំ​២០១៦ មន្ត្រី​សង្កេតការណ៍​ប្រឡង​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ ACU បាន​ផ្សព្វផ្សាយ​ពី​បេក្ខជន​មួយចំនួន​ដែលមាន​សុខ​ភាពមិនប្រក្រតី​នាពេល​ប្រឡង​។​

​នៅ​ខេត្តបាត់ដំបង មន្ត្រី ACU បាន​រាយការណ៍​ថា បេ​ក្ខ​នារី​ម្នាក់​ដែលជា​សិស្ស​ពូកែ និយាយ​មិន​ចេញ ហើយ​បាន​ត្រឹម​សរសេរ​លើ​ក្រដាស​នូវ​ពាក្យ​មួយ​ម៉ាត់​ថា «​ឈឺ​» មុននឹង​ដួលសន្លប់​។ ប៉ុន្តែ​ដោយសារ​មានការ​ជួយសង្គ្រោះ និង​ដាក់​ខ្យល់​អុកស៊ីសែន បេ​ក្ខ​នារី​នៅ​មណ្ឌល​សកល​វិទ្យាល័យ​បាត់ដំបង រូបនោះ អាច​បន្ត​ការប្រឡង​មុខវិជ្ជា​រូបវិទ្យា ជាមួយនឹង​ទំនុកចិត្ត​ខ្ពស់​។​

​នៅ​ខេត្តបាត់ដំបង​ផងដែរ សិស្ស​ប្រុស​ម្នាក់​ដែល​ឈឺ​កាលពី​ព្រឹក បាន​រើ​ជំងឺ​ខ្លួន​ឡើងវិញ​នៅពេល​ថ្ងៃ​។ ក្រុមគ្រូពេទ្យ បានដាក់​អុកស៊ីសែន​ជំនួយ​ដើម្បី​ឲ្យ​គាត់​អាច​បន្ត​ការធ្វើ​កិច្ចកា​លើ​វិញ្ញាសា​គណិតវិទ្យា ក្រោម​ការយកចិត្តទុកដាក់​ផ្នែក​សុខភាព​ពី​គ្រូពេទ្យ​។​

​ដោយឡែក​នៅ​មណ្ឌល​វិទ្យាល័យ​សុរា​ម្រឹត​ខាងកើត​នៃ​ខេត្តកំពង់ឆ្នាំង បេក្ខជន​ម្នាក់ ព្យួរសេរ៉ូម​បណ្តើរ​ប្រឡង​បណ្តើរ​នៅ​ម៉ោង​គណិតវិទ្យា​។  បើតាម​មន្ត្រី ACU ប្រធាន​គណ​:​មេ​ប្រយោគ និង​ប្រធាន​មណ្ឌល សម្រេច​ផ្លាស់ប្តូរ​កន្លែង​អង្គុយ​បេក្ខជន​ទៅជិត​បង្អួច និង​អាច​ចង​បន្តោក​សេរ៉ូម​បាន ដោយ​ឪពុក​និង​បងស្រី របស់​បេក្ខជន​រូបនោះ នាំគ្នា​រង់ចាំ​មើល​ស្ថានភាព​គាត់​៕