សាលាឧទ្ធរណ៍សម្រេចបំបែកសំណុំរឿងសកម្មជនបក្សប្រឆាំងជាពីរដាច់ដោយឡែកពីគ្នា

នៅព្រឹកថ្ងៃអង្គារនេះ តុលាការសាលាឧទ្ធរណ៍បានបើកសវនាការលើសកម្មជនគណបក្សប្រឆាំងចំនួន១១នាក់ លើបណ្តឹងចំនួនពីររបស់មេធាវីពួកគេ គឺបណ្តឹងស្នើសុំមោឃភាពនីតិវិធី និងបណ្តឹងប្រឆាំងនឹងសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ។ បន្ទាប់ពីបើកសវនាការពេញមួយព្រឹកនេះ ចៅក្រមសាលាឧទ្ធរណ៍បានសម្រេចបំបែកសំណុំរឿងសកម្មជនបក្សប្រឆាំងជាពីរដាច់ដោយឡែកពីគ្នា។ រីឯបណ្តឹងស្នើសុំមោឃភាពនីតិវិធីវិញ នៅមិនទាន់បានជំនុំជម្រះនៅឡើយទេ។

សកម្មជនគណបក្សប្រឆាំងទាំង១០នាក់ និងលោកមាជ សុវណ្ណារ៉ា ផងត្រូវកម្លាំងសមត្ថកិច្ចរុញចូលទៅរថយន្ត ដើម្បីបញ្ជូនទៅកាន់ពន្ធនាគារព្រៃសវិញ បន្ទាប់ពីបញ្ចប់សវនាការនៅម៉ោងប្រមាណជិត១២ ថ្ងៃត្រង់។ ក្នុងសម្លាក់បំពាក់ជាអ្នកទោសលោកមាជ សុវណ្ណារ៉ា បានស្រែកប្រាប់អ្នកកាសែតថា រឿងនយោបាយ ត្រូវដោះស្រាយតាមនយោបាយ ខណៈដែលសកម្មជនខ្លះទៀតស្រែកដង្ហោយរកយុត្តិធម៌។

សំឡេង

នៅខណៈពេលដែលរថយន្តដឹកសកម្មជនគណបក្សប្រឆាំងត្រឡប់ទៅវិញនោះ ភរិយារបស់លោកអ៊ុក ពេជ្យសំណាង បានដួលសន្លប់បាត់ស្មារតីភ្លាមៗ ក្រោយពីគាត់បានព្យាយាមរត់តាមរថយន្តដោយទឹកភ្នែកហូររហាម។

បន្ទាប់ពីបើកសវនាការពេញមួយព្រឹកនៅចំពោះមុខសកម្មជនបក្សប្រឆាំង ចៅក្រមសាលាឧទ្ទរណ៍បានសម្រេចបំបែកសំណុំរឿងសកម្មជនទាំងនេះ ដែលរងការចោទប្រកាន់ពីបទដឹកនាំ និងចូលរួមកុបកម្មនៅក្បែរទីលានប្រជាធិបតេយ្យជាពីរដាច់ដោយឡែកពីគ្នា គឺទី១ សំណុំរឿងអ្នកដឹកនាំកុបកម្ម និងមួយទៀត គឺសំណុំរឿងអ្នកចូលរួមនៅក្នុងកុបកម្ម។ ចំណែកបណ្តឹងស្នើសុំមោឃភាពនីតិវិធីរបស់សាលាដំបូងរាជធានីភ្នំពេញវិញ ចៅក្រមសាលាឧទ្ធរណ៍មិនបានជំនុំជម្រះនៅឡើយទេ។ យ៉ាងណាក៏ដោយ សម្រាប់មេធាវីការពារក្តីរបស់សកម្មជនគណបក្សប្រឆាំង ពួកគេចង់ឲ្យសាលាឧទ្ធរណ៍ដំណើរការសំណុំរឿងស្នើសុំមោឃភាពនីតិវិធីរបស់សាលាដំបូងរាជធានីភ្នំពេញ មុនដំណើរការសំណុំរឿងផ្សេងទៀត ព្រោះថា បើមេធាវី គឺវាផ្តល់ប្រយោជន៏ដល់កូនក្តីរបស់ពួកគេ។

លោកអំ សំអាត មន្ត្រីការពារសិទ្ធិមនុស្សរបស់អង្គការលីកាដូ ដែលបានចូលរួមស្ដាប់សវនាការនេះពេញមួយព្រឹកបានសង្កេតឃើញថា ដំណើរសវនាការលើសកម្មជនការពារសិទ្ធិលើកនេះ មានដំណើររលូនល្អ។ ទោះជាយ៉ាងណាក៏ដោយ អ្នកការពារសិទ្ធិមនុស្សរូបនេះ បានសម្តែងការសោកស្តាយចំពោះដំណើរការសវនាការ ដែលភាពយឺតយ៉ាវធ្វើឲ្យសកម្មជនគណបក្សប្រឆាំងស្ថិតនៅក្នុងពន្ធនាគាររយៈពេលយូរ។ ដូច្នេះលោកអំ សំអាត ចង់ឲ្យតុលាការដំណើរការរឿងក្តីនេះឲ្យបានលឿន ដើម្បីឆាប់បានបញ្ជាក់ថា ពួកគេមានទោស ឫត្រូវលើកលែងការចោទប្រកាន់នឹងអាងបាននៅក្រៅឃុំវិញ។

សូមបញ្ជាក់ថា លោកមាជ សុវណ្ណារ៉ា និងសកម្មជន ១០នាក់ផ្សេងទៀតត្រូវបានសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី១៥ កក្កដា ឆ្នាំ២០១៥ បានសម្រេចផ្ដន្ទាទោសពួកគេដាក់ពន្ធនាគារចន្លោះពី ៧ឆ្នាំទៅ ២០ឆ្នាំ ពីបទដឹកនាំ និងចូលរួមក្នុងចលនាកុបកម្ម រំដោះទីលានប្រជាធិបតេយ្យ ដែលបានប្រព្រឹត្តិទៅនៅថ្ងៃទី ១៥ កក្កដា ឆ្នាំ២០១៤កន្លងទៅ៕

ប្រភព៖ RFI


Related Posts