កងទ័ពនៅព្រំដែនជំទាស់នឹងការដាក់រូបសំណាកលោក កែម ឡី នៅទីលានប្រជាធិបតេយ្យ

សមាគមអតីតយុទ្ធជននិងកងទ័ពកម្ពុជានៅព្រំដែនថៃអះអាងថា ពួកគេជំទាស់ទៅនឹងសំណើសង់រួបសំណាក់លោកបណ្ឌិត កែម ឡី នៅទីលានប្រជាធិបតេយ្យ ដោយលើកឡើងថាការលះបង់របស់ពួកគេគឺច្រើនជាងអ្នកវិភាគរូបនេះ។

ក្នុងហ្វេសបុកដែលដាក់ឈ្មោះថាអគ្គលេខាធិការដ្ឋានសមាគមអតីតយុទ្ធជនកម្ពុជាបានសរសេរកាលពីថ្ងៃទី២១ សីហានេះថា ពួកគេជាកងពលតូចអន្តរាគមន៍លេខ៨ដែលឈរជើងនៅព្រំដែនកម្ពុជា-ថៃ បានជំទាស់ទៅលើការស្នើសុំរបស់តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិខេត្តតាកែវដែលស្នើសុំសាលារាជធានីដាក់រូបសំណាក់លោក កែម ឡី នៅទីលានប្រជាធិបតេយ្យ ដោយលើកជាសំណួរថា តើលោក កែម ឡី កន្លងមកមានស្នាដៃអ្វីលើសពីពូកគេ? ហ្វេសប៊ុកដដែលបានសសេរទៀតថា ពួកគេបានលះបង់សាច់ស្រស់ឈាមស្រស់ ដើម្បីប្រទេសជាតិពិតដែលត្រូវផ្តល់ងារអ្វីមួយដែលលើសពីលោក កែម ឡី។

ហ្វេសប៊ុកនោះសរសេរថា៖ “យើងខ្ញុំមិនឯកភាពជាដាច់ខាត នូវកាប៉ុនប៉ង ធ្វើរូបសំណាករបស់លោក កែម ឡី នៅទីលានប្រជាធិបតេយ្យនោះទេ។ ជាពិសេសខាង គណបក្សសង្រោះជាតិ ដែលមានបំណងយ៉ាងនេះ សូមមេត្តា កុំយករឿង លោក កែម ឡី មកប្រសិទ្ធនាមជា វីរ:បុរស មកតម្កើងខ្លាំងពេក ព្រោះលោកជាមនុស្ស ដែលគ្រាន់តែចេះ ស៊ីឈ្នួលបរទេសវិភាគរឿងនយោបាយ ឬស្មាន អ្នកនេះ អ្នកនោះ វាទៅអញ្ចេះអញ្ចោះ មិនមានសារៈសំខាន់ រហូតទៅដល់ពាក្យថា( វីរ:បុរស)ឬ មនុស្សសំខាន់របស់ប្រទេសជាតិទាំងមូលនោះទេ”។

វីអូឌីមិនអាចទាក់ទងអ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ជិន ប៊ុនធឿន បាននៅឡើយទេ ដោយទូរសព្ទលោកចុចចូលជាច្រើនលើកតែគ្មានអ្នកទទួល។

តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិដែលបានដាក់លិខិតស្នើសុំសង់រូបសំណាក លោក កែម ឡី នៅទីលានប្រជាធិបតេយ្យ លោក អ៊ូ ច័ន្នរ័ត្ន បានចោទជាសំណួរថាការជំទាស់នេះ គំនិតរបស់អតីតយុទ្ធជនពិតប្រាកដឬក៏ជាការជំទាស់របស់ស្ថាប័ន តែលោកថាប្រសិនបើការជំទាស់នេះគឺដើម្បីទាមទារឲ្យមានការទទួលស្គាល់ពីវីរភាពរបស់ទាហានការពារប្រទេស លោក អ៊ូ ច័នរ័ត្ន បានទទួលស្គាល់និងបានលើកទឹកចិត្តឲ្យពួកគាត់ស្នើឲ្យមានកន្លែងមួយសម្រាប់តម្កល់ឈ្មោះអ្នកដែលបានពលីជូនជាតិទាំងអស់ផងដែរ។

លោកបន្តថា៖ “បើគាត់ជំទាស់ ដើម្បីទាមទារបែបហ្នឹងខ្ញុំយល់ថាល្អ ហើយខ្ញុំក៏មានគំនិតអញ្ជឹងដែរ ស្នើសុំឲ្យរាជរដ្ឋាភិបាលពិចារណារឿងហ្នឹងដែរ គួរមានកន្លែងមួយសម្រាប់តម្កល់ឈ្មោះពួកគាត់ឬក៏វីរជនណាដែលគាត់ល្បីល្បាញ ដែលអាចធ្វើរូបសំណាក់ជូនគាត់បានធ្វើទៅ ខ្ញុំគាំទ្រ។ ប៉ុន្តែប្រសិនជាជំទាស់ក្នុងការសង់រូបលោកបណ្ឌិត កែម ឡី គ្មានវីរភាពសម្រាប់យកមកដាក់នៅទីលានប្រជាធិបតេយ្យទេ ខ្ញុំយល់ថាមិនមែនជាការត្រឹមត្រូវទេ ដោយសារយើងយល់ថា ដោយយោងទៅតាមមតិរបស់មហាជនទាំងក្នុងប្រទេសទាំងក្រៅប្រទេសរួមទាំងអន្តរជាតិមួយចំនួនផង លោកយល់ថា លោកបណ្ឌិតបានបរិច្ចាកច្រើនណាស់សម្រាប់ប្រទេសជាតិ“។

ប្រធានវេទិកាអនាគតលោក អ៊ូ វីរៈយល់ថាការលើកឡើងពីការលះបង់របស់អតីតយុទ្ធជននិងកងទ័ពជូនជាតិនេះជាការសមហេតុផល។ ការសង់រូបសំណាកលោក កែម ឡី វិញ គួរតែត្រូវបានធ្វើឡើងទន្ទឹមនឹងការសាងសង់ស្តូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនដែលលះបង់ជូនជាតិផងដែរ។

លោកបន្ថែមថា៖ “អ្នកដែលលះបង់សម្រាប់ផលប្រយោជន៍ជាតិខ្លាំងមែនទែន គឺនៅទស្សវត្សឆ្នាំ៨០។ ហើយអញ្ចឹង ខ្ញុំយល់ថាគួរតែរំលឹកសង់ស្តូបវិញ្ញាណក្ខន្ធជូនដល់យោធាដែលលះបង់ជីវិតនៅទស្សវត្ស៨០នៅគ្រប់ភាគីទាំងអស់ ភាគីនៅព្រំដែន ភាគីនៅក្នុងប្រទេសទាំងអស់ហ្នឹង ខ្ញុំថាជារឿងមួយល្អដែរ។ ប៉ុន្តែទន្ទឹមគ្នាផងដែរមិនមែនបានន័យថាយើងមិនអាចរំលឹកឬមួយក៏ធ្វើការគោរពវិញ្ញាក្ខន្ធនៃវីរបុរសផ្សេងទេ។ មិនមែនបានន័យថាយើងដាក់ស្តូបបង កែម ឡី បានន័យថាយើងមិនអាចគោរពវិញ្ញាណក្ខន្ធអ្នកដែលបានលះបង់ជីវិតផ្សេងៗ។ វាគួរតែធ្វើទាំងពីរទៅគឺល្អ“។

ប្អូនប្រុសលោក កែម ឡី គឺលោក កែម រិទ្ធិសិត ធ្លាប់ប្រាប់វីអូឌីកាលពីថ្ងៃទី១៨សីហា ចំពោះការស្នើសុំសង់រូបលោក កែម ឡី ថា លោកថាមិនមានសង្ឃឹមថាសាលារាជធានីភ្នំពេញយល់ព្រមនោះទេ។ មិនមានសង្ឃឹមក៏ព្រោះតែលោកថា លោក កែម ឡី ជាពលរដ្ឋសាមញ្ញ ដែលជាហេតុធ្វើឲ្យរដ្ឋាភិបាលមិនអនុញ្ញាត។

លោកបណ្ឌិត កែម ឡី ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ក្នុងហាងលក់ទំនិញ (Star Mart) ស្ថិតនៅស្ថានីយប្រេងឥន្ធនៈកាលតិចជាប់ស្តុបបូកគោកាលពីថ្ងៃទី១០ខែកក្ដដាឆ្នាំ២០១៦។

មុនពេលគេធ្វើឃាត លោក កែម ឡី បានធ្វើយុទ្ធនាការ១០០រាត្រី ដើម្បីចងក្រងឯកសារព្រំដែន។ ស្របពេលនោះ លោកក៏បានធ្វើអត្ថាធិប្បាយបន្ថែមលើរបាយការណ៍ស៊ើបអង្កេតរបស់អង្គការ Global Witness ដែលដាក់ចំណងជើងថា «អាណាចក្រជំនួញ ត្រកូលហ៊ុន»៕

ប្រភព៖ VOD


Related Posts