លោក ហ៊ុន សែន យកការអភិវឌ្ឍតាមតំបន់ព្រំដែនជាយុទ្ធសាស្រ្តការពារព្រំដែនល្អបំផុត

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងពីការការពារព្រំដែនរបស់កម្ពុជា នៅក្នុងវេទិកាការពារធម្មជាតិ កាលពីព្រឹកថ្ងៃច័ន្ទ ទី២២ ខែសីហា ឆ្នាំ២០១៦។ លោក ហ៊ុន សែន មានប្រសាសន៍ថា វិធីដែលមានប្រសិទ្ធភាពបំផុតក្នុងការការពារព្រំដែន គឺការរៀបចំឲ្យប្រជាជនទៅរស់នៅទីនោះដោយសមរម្យ។ អ្នកវិភាគសង្គមឯកភាពលើគំនិតនេះ ប៉ុន្តែពួកគេថារដ្ឋាភិបាលត្រូវធ្វើឲ្យបានដូចការនិយាយ។

ថ្លែងនៅក្នុងវេទិកាស្ដីពីការការពារ និងអភិរក្សធនធានធម្មជាតិ ទៅកាន់អ្នកចូលរួម មានដូចជាសង្គមស៊ីវិល មន្ត្រីរដ្ឋាភិបាល និងតំណាងសហគមន៍ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឆ្លៀតយកឱកាសបន្តិចដើម្បីលើកឡើងពីបញ្ហាព្រំដែន។

លោក ហ៊ុន សែន បានឲ្យដឹងថា លោកទើបតែចុះហត្ថលេខាអនុញ្ញាតឲ្យមានការអភិវឌ្ឍផ្លូវតាមខ្សែក្រវាត់ព្រំដែនភាគខាងកើត។ លោកបន្តថា ការរៀបចំឲ្យប្រជាពលរដ្ឋរស់នៅបានសមរម្យតាមទល់ដែន គឺជាយុទ្ធសាស្ត្រការពារមួយដែលលោកថា តែងតែប្រាប់ដល់ថ្នាក់ដឹកនាំខេត្ត៖ «បានណែនាំខេត្តតាកែវ ថ្ងៃមុន និងបណ្ដាខេត្ត វិធីដែលល្អជាងគេគឺវិធីពង្រាយប្រជាជនទៅតាមខេត្ត។ ទាំងខាងកើត ទាំងខាងលិច ទាំងខាងជើង។ ប៉ុន្តែមិនអាចយកប្រជាជនទៅចោលបានទេ ត្រូវតែរៀបចំហេដ្ឋារចនាសម្ព័ន្ធឲ្យគាត់។ ជម្រើសល្អជាងគេក្នុងការការពារទល់ដែន គឺជម្រើសដាក់ប្រជាពលរដ្ឋអភិវឌ្ឍនៅតាមទល់ដែន»។

ការលើកឡើងរបស់លោក ហ៊ុន សែន នេះ ធ្វើឡើងបន្ទាប់ពីបុគ្គលិកអង្គការ ដាប៊លយូ.ស៊ី.អេស (WCS) សុំឲ្យលោកបញ្ឈប់ការដាក់ដីក្នុងតំបន់ការពារទៅជាដីសម្បទានសង្គមកិច្ច។

ចំពោះការលើកឡើងរបស់លោក ហ៊ុន សែន ទៅលើការពង្រាយប្រជាជន និងរៀបចំហេដ្ឋារចនាសម្ព័ន្ធនៅតាមព្រំដែន លោកបណ្ឌិត សុខ ទូច ប្រធានក្រុមអ្នកស្រាវជ្រាវកិច្ចការព្រំដែននៃរាជបណ្ឌិត្យសភា ឲ្យដឹងថា នេះក៏ជាអ្វីដែលក្រុមស្រាវជ្រាវចង់បានដែរ។ លោកបន្តទៀតថា នៅតាមតំបន់ព្រំដែនក្នុងផ្នែកខ្លះនៃខេត្តស្វាយរៀង គឺសឹងតែគ្មានមនុស្សរស់នៅ។ លោកបានហៅកង្វះប្រជាជននេះថាជាកង្វះបង្គោលព្រំដែនរស់ ដែលមានសារសំខាន់សម្រាប់ការពារព្រំដែន៖ «អត់មានប្រជាជនរស់នៅហ្នឹងហើយ ដែលធ្វើឲ្យយើងមានការលំបាក ព្រោះ (ប្រជាជន) ជាបង្គោលរស់ជួយតាមដាន ព្រោះប្រទេសជាតិជាប្រទេសរបស់យើង មិនមែនរបស់នរណាម្នាក់ទេ។ អ៊ីចឹងយើងត្រូវមើលទាំងអស់គ្នា»។

បន្ថែមពីលើនេះទៀត លោកបណ្ឌិត សុខ ទូច បានលើកឡើងពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅព្រំដែនខាងលិច។ ដោយឡែក លោកថាព្រំដែនខាងកើតនៅមានការយឺតយ៉ាវខ្លះ។

អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី បង្ហាញពីការព្រួយបារម្ភ ជាពិសេសនៅតាមតំបន់ព្រំដែនខាងកើតដែលជាប់ជាមួយប្រទេសវៀតណាម។ លោកស្នើឲ្យរដ្ឋាភិបាលមានយុទ្ធសាស្ត្រច្បាស់លាស់ក្នុងការអភិវឌ្ឍព្រំដែន គឺមិនមែនមានតែនៅលើក្រដាសនោះទេ៖ «ឧទាហរណ៍ជាក់ស្តែងដូចយើងមើលឃើញនៅតាមព្រំដែនវៀតណាម នៅពេលយើងអត់មានការអភិវឌ្ឍ ពលរដ្ឋយើងគឺរត់ចោលដីតែម្តង។ អ៊ីចឹងបានមានករណីជួលដីទៅឲ្យវៀតណាម ដោយសារពលរដ្ឋខ្មែរគ្មានលទ្ធភាពធ្វើដូចម្តេចអាចរស់លើដីនោះបាន។ ដូចយើងឃើញពេលខ្លះ យើងចូលទឹកដីគេមិនទាន់បាន ១០០ម៉ែត្រផង ឃើញថាខៀវស្រងាត់ តែចូលដល់ដីយើងវិញក្រៀមក្រោះ។ សំណួរដែលត្រូវសួរនោះ គឺតើភាគីម្ខាងទៀតគេគិតថាយើងជាភាគីស្មើភាពគ្នាដែរអត់? កន្លងមក យើងឃើញមានកំណត់ហេតុទូតជាច្រើនលើកច្រើនសាដែលបានផ្ញើឲ្យភាគីវៀតណាម ឲ្យគេគោរពបូរណភាពទឹកដីយើង។ សូម្បីតែជីកស្រះ យើងសុំឲ្យគេលុបវិញ សូម្បីតែសង់ប៉ុស្តិ៍ចូលមកតំបន់ស យើងសុំឲ្យគេបញ្ឈប់ គេធ្វើជាមិនដឹងមិនឮនឹងយើងហើយ ថែមទាំងមិនឆ្លើយតបនឹងយើងទៀតថាដូចម្តេចទៀត»។

ការអភិវឌ្ឍព្រំដែនយឺតយ៉ាវ គឺជាបញ្ហាមួយដែលមនុស្សភាគច្រើនចាត់ទុកថាជាចំណុចខ្សោយមួយរបស់កម្ពុជា ក្នុងការការពារទឹកដីរបស់ខ្លួនពីការរំលោភបំពានពីប្រទេសជិតខាង។ ការមិនសូវអើពើពីសំណាក់រដ្ឋាភិបាលទៅកាន់ប្រជាជននៅតាមព្រំដែន រឹតតែធ្វើឲ្យពលរដ្ឋនៅតាមព្រំដែនធ្វើចំណាកស្រុកចេញពីតំបន់ព្រំដែនកាន់តែច្រើន ដើម្បីស្វែងរកការងារនៅកន្លែងផ្សេង ដែលធ្វើឲ្យតំបន់ព្រំដែនក្លាយជាតំបន់គ្មានពលរដ្ឋខ្មែររស់នៅច្រើន។ ការមិនយកចិត្តទុកដាក់អភិវឌ្ឍតាមតំបន់ព្រំដែន ដូចជាប្រព័ន្ធធារាសាស្ត្រជាដើម កន្លងមកបានបង្ខំឲ្យពលរដ្ឋខ្មែរមួយចំនួនជួលដីស្រែរបស់ខ្លួនទៅឲ្យពលរដ្ឋវៀតណាម ដែលប្រការនេះធ្វើឲ្យមានការបារម្ភពីការបាត់បង់ទឹកដីខ្មែរនៅថ្ងៃខាងមុខ៕

ប្រភព៖ RFA


Related Posts