សហគមន៍​ការពារ​ព្រៃ​ឈើ​ខេត្ត​ស្ទឹងត្រែង​អំពាវនាវ​ឲ្យ​តុលាការ​ពន្លឿន​នីតិវិធី​ដោះស្រាយ​បណ្ដឹង

សហគមន៍​ការពារ​ព្រៃ​ឈើ​ភូមិ​អន្លង់ក្រមួន ខេត្ត​ស្ទឹងត្រែង អំពាវនាវ​ឲ្យ​តុលាការ​ពន្លឿន​នីតិវិធី​លើ​សំណុំ​រឿង​របស់​សហគមន៍ ដែល​ប្ដឹង​អាជ្ញាធរ​មូលដ្ឋាន និង​ឈ្មួញ​មួយ​ចំនួន​រឿង​ឈូស​ឆាយ​ដី​ព្រៃ​សហគមន៍។ សហគមន៍​ថា ពួក​គេ​មាន​សង្ឃឹម​តិច​ណាស់​ចំពោះ​ចំណាត់​ការ​តាម​ប្រព័ន្ធ​តុលាការ ថា​អាច​ផ្ដល់​យុត្តិធម៌​ឲ្យ​សហគមន៍ ខណៈ​សំណុំ​រឿង​នេះ​បាន​អូស​បន្លាយ​ជាង ៣​ឆ្នាំ​មក​ហើយ។

ប្រជា​សហគមន៍​ការពារ​ព្រៃ​ឈើ​ភូមិ​អន្លង់ក្រមួន ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២២ សីហា ថា តំណាង​អយ្យការ​ខេត្ត​ស្ទឹងត្រែង បាន​កោះ​ហៅ​សហគមន៍​ដែល​ជា​ដើម​បណ្ដឹង ៤​នាក់​មក​ឆ្លើយ​បំភ្លឺ​កាល​ពី​ដើម​ខែ​កក្កដា ឆ្នាំ​២០១៦ សំណុំ​រឿង​ឈូស​ឆាយ​ព្រៃ​សហគមន៍​ជាប់​ពាក់ព័ន្ធ​មេ​ភូមិ មេ​ឃុំ និង​ឈ្មួញ។ សំណុំ​រឿង​នេះ សហគមន៍​បាន​ចោទ​មេ​ភូមិ និង​មេ​ឃុំ ថា​ជា​អ្នក​នៅ​ពី​ក្រោយ​ខ្នង​នៃ​សកម្មភាព​កាប់​បំផ្លាញ​ព្រៃ​សហគមន៍​ជា​បន្តបន្ទាប់​តាំង​ពី​ឆ្នាំ​២០១២។

តំណាង​សហគមន៍ លោក ថាន់ វ៉ន មើល​ឃើញ​ថា តុលាការ​ហាក់​ដូចជា​ស្ទាក់ស្ទើរ​កាត់​ក្តី​សំណុំ​រឿង​នេះ បើ​ទោះ​បី​ជា​សហគមន៍​មាន​ភស្តុតាង​ជាក់លាក់​ដែល​បញ្ជាក់​ថា អាជ្ញាធរ​មូលដ្ឋាន​ជាប់​ពាក់ព័ន្ធ​ការ​កាប់​ព្រៃ​រាន​យក​ដី​ក៏ដោយ។ លោក​ថា ការ​ស្វែងរក​ដំណោះស្រាយ​តាម​រយៈ​ប្រព័ន្ធ​តុលាការ ជា​ជម្រើស​ចុង​ក្រោយ​របស់​ពួក​គេ ខណៈ​សហគមន៍​បាន​ស្វែងរក​អន្តរាគមន៍​ទៅ​អាជ្ញាធរ​មូលដ្ឋាន រហូត​ដល់​ថ្នាក់​ជាតិ តែ​ពុំ​មាន​លទ្ធផល។ លោក​កត់​សម្គាល់​ថា ព្រៃ​ការពារ​សហគមន៍​ភូមិ​អន្លង់ក្រមួន ត្រូវ​បាន​គេ​កាប់​បំផ្លាញ​ប្រមាណ​ជាង ៤០០​ហិកតារ និង​គ្រប់គ្រង​ជា​កម្មសិទ្ធិ​បុគ្គល។ បន្ទាប់​ពី​ការ​កាប់​បំផ្លាញ ឈ្មួញ​បាន​ដាំ​ដំឡូងមី និង​សង់​ខ្ទម​ជាង​៥០ ក្នុង​បរិវេណ​ដី​ព្រៃ​សហគមន៍​នោះ៖ «ដល់​ពេល​ប្ដឹង​ទៅ​គាត់ (មេ​ឃុំ) អំពាវនាវ​ប្រាប់​ប្រជាពលរដ្ឋ​ថា សហគមន៍​រក​ប្ដឹង​ប្រជាពលរដ្ឋ។ ពលរដ្ឋ​កាប់​ព្រៃ​មិន​បាន​អី​មិន​បាន ដល់​ពេល​គាត់​ទៅ​លើ​នៅ​តុលាការ គាត់​និយាយ​ថា គាត់​បង្កើត​ធ្វើ​ម៉េច​បើ​ពលរដ្ឋ​សុទ្ធតែ​ក្រីក្រ ក្នុង​ប្រទេស​គេ​កំពុង​តែ​អភិវឌ្ឍ។ ខ្ញុំ​ថា អភិវឌ្ឍ​មែន​ហើយ តែ​រដ្ឋាភិបាល​គេ​មាន​កន្លែង​អភិវឌ្ឍ»

លោក ថាន់ វ៉ន បន្ថែម​ថា សហគមន៍​ភូមិ​អន្លង់ក្រមួន បាន​ដាក់​ពាក្យ​ប្ដឹង​អ្នក​ពាក់ព័ន្ធ​ដែល​ជា​ឈ្មួញ​ចំនួន ២​នាក់​ផ្សេង​ទៀត ឈ្មោះ មាស សុខសាន និង ដេត ទៅ​តំណាង​អយ្យការ​នៃ​សាលា​ដំបូង​ខេត្ត​ស្ទឹងត្រែង តាំង​ពី​ឆ្នាំ​២០១៣។ ចំណែក​ឈ្មួញ​ទាំង​នោះ​បាន​សន្យា​ចំពោះ​មុខ​តុលាការ​ថា នឹង​ប្រគល់​ដី​ឲ្យ​សហគមន៍​វិញ ក៏ប៉ុន្តែ​តួលេខ​ដែល​ឈ្មួញ​កាប់​ទន្ទ្រាន​នោះ​ហាក់​មិន​សមាមាត្រ​គ្នា និង​ការ​ប្រគល់​ឲ្យ​សហគមន៍​នោះ​ឡើយ៖ «អស់​ខ្ញុំ​អ្នក​ទប់ស្កាត់​គ្មាន​ឥទ្ធិពល ដោយសារ​តែ​មេ​ឃុំ និង​មេ​ភូមិ​អត់​ទទួល​ស្គាល់។ មិន​ទទួល​ស្គាល់​ពួក​ខ្ញុំ​បម្រើ​សហគមន៍​ក៏​ហី​ទៅ​ចុះ តែ​គាត់​អត់​ទទួល​ស្គាល់​ត្រា​របស់​គាត់​ផង ត្រា​ឈ្មោះ​ផង ត្រា​ឃុំ​ផង។ គាត់​ចាត់​ទុក​ថា ច្បាប់​វា​អត់​ប្រយោជន៍។ ព្រៃ​នេះ​វា​កាត់​តែ​រិចរិល​ទៅ​ហើយ»

សមាជិក​សហគមន៍​ភូមិ​អន្លង់ក្រមួន ថាន់ វ៉ន ៦២០
សមាជិក​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​កួយ ភូមិ​អន្លង់ក្រមួន ឃុំ​ស្រែឫស្សី ស្រុក​ថាឡាបរិវ៉ាត់ ខេត្ត​ស្ទឹងត្រែង លោក ថាន់ វ៉ន ផ្តល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​២៩ ខែ​កញ្ញា ឆ្នាំ​២០១៥។ RFA/Men Sothyr


ព្រៃ​សហគមន៍​ភូមិ​អន្លង់ក្រមួន មាន​ផ្ទៃដី​ចំនួន ៨១០​ហិកតារ ឋិត​នៅ​ឃុំ​ស្រែឫស្សី ស្រុក​ថាឡាបរិវ៉ាត់ ខេត្ត​ស្ទឹងត្រែង ដោយ​ពុំ​ទាន់​ចុះ​បញ្ជី​ជា​ដី​សមូហភាព​សហគមន៍​ស្រប​ច្បាប់​ឡើយ ក៏ប៉ុន្តែ​មាន​តែ​ផែនទី​កំណត់​ទំហំ​ផ្ទៃដី​គ្រប់គ្រង ដែល​រៀបចំ​ឡើង​ដោយ​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ និង​មាន​ការ​ជួយ​ជ្រោមជ្រែង​ដោយ​អង្គការ​មិន​មែន​រដ្ឋាភិបាល។ សហគមន៍​អះអាង​ថា អាជ្ញាធរ​ឃុំ​ធ្លាប់​ទទួល​ស្គាល់​ដី​ព្រៃ​សហគមន៍​នេះ និង​ធ្លាប់​ធ្វើ​លិខិត​ស្នើសុំ​ទៅ​អាជ្ញាធរ​ស្រុក ក៏ប៉ុន្តែ​ត្រូវ​បាន​អាក់ខាន​ដោយ​លោក​អតីត​អភិបាល​ស្រុក​បដិសេធ។

ឆ្លើយ​តប​ការ​ចោទ​ប្រកាន់​នេះ មេ​ឃុំ​ស្រែឫស្សី លោក លួន ណាន បញ្ជាក់​ថា ដី​ព្រៃ​សហគមន៍​ភូមិ​អន្លង់ក្រមួន ពុំ​ទាន់​ទទួល​ស្គាល់​ជា​ផ្លូវ​ការ​នៅ​ឡើយ។ ហេតុ​នេះ ការ​កាន់​កាប់ គឺ​ធ្វើ​ឡើង​ដោយ​ខុស​ច្បាប់។ លោក​ថា ពលរដ្ឋ​បាន​កាប់​ឆ្ការ​បន្តិចបន្តួច​នៅ​កន្ទុយ​ដី​ពង្រីក​ផ្ទៃដី​កសិកម្ម។ លោក​កត់​សម្គាល់​ថា កាល​ពី​ឆ្នាំ​២០១៣ មាន​ពលរដ្ឋ​ចំនួន ១៨០​នាក់ ធ្លាប់​បាន​ផ្ដិត​មេដៃ​មិន​ទទួល​ស្គាល់​សហគមន៍​ការពារ​ព្រៃ​ឈើ​អន្លង់​ក្រមួន ដោយ​លើក​ហេតុផល​ថា សហគមន៍​បាន​រារាំង​អ្នក​ភូមិ​មិន​ឲ្យ​កាប់​ឆ្ការ​ព្រៃ​បន្តិចបន្តួច ដើម្បី​យក​ដី​ធ្វើ​ចម្ការ​ជា​លក្ខណៈ​គ្រួសារ៖ «អាជ្ញាធរ​ភូមិ-ឃុំ​ក៏​ហាម​ទប់ស្កាត់​ដែរ (ការ​ទន្ទ្រាន​ដី) ក៏ប៉ុន្តែ​ហាម​មិន​បាន​ដោយសារ​អី ដោយសារ​គាត់​បទល្មើស​គាត់​ចេះ​តែ​កាប់​រំលំ។ គម្រោង​ការ​របស់​ឃុំ ទប់ស្កាត់​ពេល​លើ​ផែនការ គឺ​ទប់ស្កាត់​ព្រៃ​ឈើ​មិន​ឲ្យ​ភាព​អនាធិបតេយ្យ​រុក​រាន​ដី​រដ្ឋ។ ធ្វើ​ឯកជន​វា​ខុស​ច្បាប់។ ដូច្នេះ​ខំ​ដែរ តែ​វា​ទប់​មិន​បាន ព្រោះ​ថា​មនុស្ស​វា​កើន​ផ្ទៃដី​ឃុំ​វា​តិច»

អាស៊ីសេរី មិន​អាច​ទាក់ទង​ប្រធាន​សាលា​ដំបូង​ខេត្ត​ស្ទឹងត្រែង លោក អៀង គឹមថុល ដើម្បី​សុំ​ការ​បំភ្លឺ​ករណី​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​២២ សីហា ព្រោះ​ទូរស័ព្ទ​មិន​អាច​ទាក់ទង​បាន។

តំណាង​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​ស្ទឹងត្រែង លោក ផាត់ ថៃ ធ្លាប់​មាន​ប្រសាសន៍​ថា តំណាង​អយ្យការ​បាន​ចុះ​ធ្វើ​ការ​អង្កេត​លើ​សំណុំ​រឿង​នេះ និង​បាន​ដាក់​ជូន​ប្រធាន​ចៅក្រម​ខេត្ត​រួច​រាល់​ហើយ​កាល​ពី​ចុង​ឆ្នាំ​២០១៤ ដើម្បី​ពិនិត្យ​សម្រេច។ លោក​បង្ហើប​ថា ករណី​នេះ​អាជ្ញាធរ​មូលដ្ឋាន​អាច​ជាប់​ពាក់ព័ន្ធ​បទល្មើស​ព្រៃ​ឈើ​ផ្អែក​តាម​ច្បាប់​ព្រៃ​ឈើ​ឆ្នាំ​២០០២ មាត្រា​១០០។

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ខេត្ត​ស្ទឹងត្រែង លោក ហូ សំអុល ថ្លែង​ថា ប្រមុខ​រដ្ឋាភិបាល​ធ្លាប់​ជំរុញ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់ លើក​ទឹក​ចិត្ត​ដល់​សហគមន៍​ការពារ​ព្រៃ​ឈើ និង​ជួយ​ជ្រោមជ្រែង​ឲ្យ​សហគមន៍​គ្រប់គ្រង​ដី​ព្រៃ​ស្រប​ច្បាប់ ដើម្បី​សង្គ្រោះ​ធនធាន​ធម្មជាតិ​នៅ​សេសសល់​ចុង​ក្រោយ។ លោក​មើល​ឃើញ​ថា ការ​សហការ​គ្នា​ជាមួយ​សហគមន៍​ដើម្បី​ទប់ស្កាត់​បទល្មើស​ព្រៃ​ឈើ​របស់​អាជ្ញាធរ និង​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​ឋិត​នៅ​ភាព​ផុយ​ស្រួយ​នៅ​ឡើយ បណ្ដាល​ឲ្យ​បទល្មើស​ទ្រង់ទ្រាយ​ធំ​នៅ​តែ​បន្ត​កើត​មាន។ លោក​បារម្ភ​ថា នីតិវិធី​របស់​សាលា​ដំបូង​ខេត្ត​ស្ទឹងត្រែង ដែល​អូស​បន្លាយ​ពេល​នេះ ប៉ះពាល់​ដល់​ដំណើរ​ការ​អភិរក្ស​ព្រៃ​ឈើ​របស់​សហគមន៍​ដែល​កំពុង​រង​ការ​កាប់​ទន្ទ្រាន​ជា​ប្រព័ន្ធ ខណៈ​សហគមន៍​មិន​ទាន់​មាន​លទ្ធភាព​អភិរក្ស​ព្រៃ​សហគមន៍ និង​ការ​ចុះ​ល្បាត​រឹងមាំ​នៅ​ឡើយ​ទេ៖ «ប្រសិន​បើ​តុលាការ​នៅ​តែ​មិន​ធ្វើ​ការ​ចោទ​ប្រកាន់ ឬ​ចោទ​ប្រកាន់​ហើយ​ដាក់​ទោស​ទណ្ឌ​តិច​ពេក វា​អាច​ជា​គំរូ​មួយ​អាក្រក់​ដល់​ឲ្យ​ឧក្រិដ្ឋជន​ក្រោយៗ​វា​អត់​ខ្លាច។ យើង​អត់​ទាន់​ឃើញ​តុលាការ​ក៏ដោយ ជា​ចៅក្រម​ជម្រះ​ណា​ដាក់​ជន​ល្មើស​ឲ្យ​ចេញ​ជា​ដុំ​កំភួន»

ច្បាប់​ព្រៃ​ឈើ​ឆ្នាំ​២០០២ មាត្រា​១០០ ចែង​ថា សកម្មភាព​ទាំងឡាយ​ណា​ដែល​ធ្វើ​ឡើង​ដោយ​អាជ្ញាធរ​ដែនដី ឬ​មន្ត្រី​អាជ្ញាធរ​ផ្សេង​ទៀត​ដើម្បី​ធ្វើ​ការ​អន្តរាគមន៍​ផ្តល់​ការ​អនុញ្ញាត​ដោយ​ផ្ទាល់ ឬ​ដោយ​ប្រយោល ជួយ​ដល់​អាជីវកម្ម​ព្រៃ​ឈើ និង​ធ្វើ​សកម្មភាព​គ្រប់​យ៉ាង​ផ្ទុយ​ពី​បទបញ្ញត្តិ​នៃ​ច្បាប់ ត្រូវ​ចាត់​ទុក​ជា​បទល្មើស​ត្រូវ​ផ្ដន្ទាទោស​ពី ១​ឆ្នាំ​ទៅ ២​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ១០​លាន​រៀល​ទៅ ១០០​លាន​រៀល។

ប្រពៃណី​ចិញ្ចឹម​ជីវិត​របស់​ជនជាតិ​ដើម​ភាគតិច​កួយ ដូចជា​បោច​វល្លិ រក​ឃ្មុំ បរបាញ់​សត្វ បេះ​បន្លែ​ផ្លែ​ឈើ និង​ដង​ជ័រ​ជាដើម។ ប្រពៃណី​នេះ​គឺ​ជា​ដង្ហើម​នៃ​របរ​ចិញ្ចឹម​ជីវិត​របស់​ពលរដ្ឋ​ជនជាតិ​ដើម​ភាគតិច​កួយ តាំង​ពី​ដើម​មក។ ការ​ថែ​រក្សា​ព្រៃ​ឈើ​ឲ្យ​គង់វង្ស គឺ​ជា​បំណង​ប្រាថ្នា​របស់​ជនជាតិ​ដើម​ភាគតិច និង​ជា​ផ្នែក​មួយ​ជួយ​អភិរក្ស​បរិស្ថាន​ធម្មជាតិ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។