ដួលសន្លប់បែបពពុះមាត់ ព្រោះតែឈ្លោះគ្នាអស់ ៨ ម៉ោង

6 Videos


កាលពីពេលថ្មីៗនេះ មានហេតុការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលមួយបានកើតឡើង ក្រោយពីស្ត្រីពីរនាក់រស់នៅក្នុងខេត្ត Shanxi ប្រទេសចិន ឈរឈ្លោះគ្នារហូតដួលសន្លប់រៀងៗខ្លួនលើផ្លូវសាធារណៈ ។

យោងតាមសារព័ត៌មានបានដឹងថា ស្ត្រីទាំងពីរនាក់បានឈរឈ្លោះគ្នាក្រោមកម្តៅថ្ងៃតៅរយៈពេល ៨ ម៉ោងពេញ ដោយគ្មានឈប់នោះទេ ។ បើតាមការស៊ើបអង្កេតបានរកឃើញថា អ្នកទាំងពីរបានឈ្លោះប្រកែកគ្នាពីបញ្ហាបំណុល ហើយដោយសារតែពាក្យសម្តីជ្រុលជ្រួលទៅវិញទៅមក ទើបបង្កឲ្យជម្លោះកាន់តែក្តៅទៅៗ រហូតរកកន្លែងបញ្ចប់មិនឃើញ ។

ដួលសន្លប់បែបពពុះមាត់ ព្រោះតែឈ្លោះគ្នាអស់ ៨ ម៉ោង

អ្នកទាំងពីរបានជួបគ្នានៅម៉ោង ២ ថ្ងៃត្រង់ ហើយពីរម៉ោងក្រោយមក ម្នាក់ក្នុងចំណោមពួកគេក៏បានទូរស័ព្ទទៅប៉ូលិសផងដែរ ។ ទោះបីជាមានការអន្តរាគមន៍ពីមន្ត្រីមានសមត្ថកិច្ចយ៉ាងណាក្តី អ្នកទាំងពីរមិនបានស្តាប់តាមនោះទេ ដោយសុខចិត្តឈរឈ្លោះប្រកែកដាច់អហង្ការរៀងខ្លួនៗទៅតាមទំនៀមទម្លាប់ចាស់របស់អ្នកលក់ដូរ ។ ជម្លោះបានបន្តរហូតដល់ម៉ោង ១០ យប់ ក្រុមប៉ូលិសក៏បានមកដល់កន្លែងកើតហេតុម្តងទៀត ហើយក៏បានឃើញអ្នកទាំងពីរដួលសន្លប់រៀងៗខ្លួនអស់ទៅហើយ ដោយមានម្នាក់បែបពពុះមាត់ទៀតផង ។

ក្រោយមកអ្នកទាំងពីរក៏ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់ ហើយគេមិនទាន់ដឹងថា អ្នកទាំងពីរមានអាការធូរស្បើយ ឬ យ៉ាងណានៅឡើយទេ ។

ដួលសន្លប់បែបពពុះមាត់ ព្រោះតែឈ្លោះគ្នាអស់ ៨ ម៉ោង

រឿងហេតុនេះត្រូវបានបណ្តាអ្នកលេងអ៊ីនធឺរណេតជាច្រើនចែកចាយបន្តគ្នា ព្រោះតែហួសចិត្តខ្លាំងពេក ៕

ថាវរិទ្ធ (ប្រភព ៖ សៀងហៃ អ៊ីស)