លោករដ្ឋមន្ត្រីឥណ្ឌា ចុះពិនិត្យស្ថានភាពទឹកជំនន់ ធ្វើឫកឡូយហួស!

ឥណ្ឌា ៖ ជារឿងមួយគួរឱ្យអស់សំណើច ខណៈដែលរដ្ឋមន្រ្តី Shivraj Singh Chouhan នៃប្រទេសឥណ្ឌា ចុះទៅពិនិត្យស្ថានភាពទឹកជំនន់ដោយមានអ្នកសែងឱ្យផុតពីទឹកដើម្បីកុំឱ្យទទឹក ។ រូបថតនៃរដ្ឋមន្រ្តីរូបនេះ ត្រូវបានទំព័រមុខរបស់កាសែត នៅក្នុងប្រទេសឥណ្ឌាយកមកចុះផ្សាយ បង្កឱ្យមានកំហឹង និង ប្រតិកម្មយ៉ាងខ្លាំង នៅលើបណ្តាញទំនាក់ទំនងព័ត៌មានសង្គម នៅថ្ងៃទី ២៣ សីហា ២០១៦ នេះ។មហាជនបានចំអកឡកឡាយទៅមន្រ្តីរូបនេះថា ធ្វើខ្លួនដូចជាកូនក្មេងខ្លាចទឹក ព្រោះទឹកនោះមានជម្រៅមិនដល់ត្រឹមជង្គង់ផង ក៏លោកត្រូវការអ្នកសែងហែហមដែរ ពិតជាមិនសមជាអ្នកចុះត្រួតពិនិត្យទឹកជំនន់សោះ ។

គួរបញ្ជាក់ឱ្យដឹងថា ប្រទេសឥណ្ឌាភាគកណ្តាល និង ភាគខាងកើត បានទទួលរងគ្រោះទឹកជំនន់យ៉ាងធ្ងន់ធ្ងរកាលពីចុងសប្តាហ៍នេះ ដែលយ៉ាងហោចណាស់ធ្វើឱ្យមនុស្ស ៤០ នាក់បានស្លាប់បាត់បង់ជីវិត និង រាប់រយរាប់ពាន់នាក់ត្រូវបានគេជម្លៀសចេញទៅទីមានសុវត្ថិភាព ៕ វង្សា