ពិតមែនឬ? នៅជនបទ គេដេញកំរោល ឬ ខ្មោចម្រឹត្យុដោយវិធីបែបនេះ (មានវីដេអូ)

6 Videos


មកទល់ពេលនេះវិធីដេញកំរោល ឬ ដេញខ្មោចម្រឹត្យុ ចេញពីខ្លួនមនុស្ស គេកម្រនឹងបានជួប ណាស់នាសម័យកាលនេះព្រោះគេមិនជឿលើអបិយជំនឿបុរាណតែបើនៅតាមជនបទគេអាចបាន ឃើញមានធ្វើម្តងម្កាលដែរ ។

ចាស់បុរាណបានចាត់ទុកថានៅពេលដែលគេបានឃើញអ្នកនៅក្នុងស្រុកភូមិណាម្នាក់កំពុងដើរតែមិនឃើញមានក្បាលគេក៏កំណត់ថាអ្នកនោះជួបគ្រោះធំណាស់ពោលគឺមានកំរោលចូលឬហៅថា ខ្មោចម្រឹត្យុចូលគ្រប់គ្រងខ្លួនអ្នកនោះហើយ។ដូច្នេះបើគេមិនរកវិធីដោះស្រាយទេនោះជនដែលគេចាត់ ទុកថាកំរោលចូលឬហៅថាខ្មោចម្រឹត្យុចូលនឹងជួបគ្រោះភ័យដូចជានៅសុខៗរត់ទៅចងកសម្លាប់ខ្លួនឬក៏ត្រូវមានគ្រោះថ្នាក់ដោយប្រការផ្សេងៗជៀសមិនផុតឡើយ ។ព្រោះតែដូច្នេះហើយទើបគេតែងតែរកវិធីកែខៃបញ្ហានោះទៅតាមជំនឿអ្នកស្រុកដូចជាខ្លះនាំទៅឲ្យព្រះសង្ឃស្រោចទឹករំដោះគ្រោះឲ្យ,តែខ្លះថា ត្រឹមស្រោចទឹកវាមិនចេញទេខ្មោចកំរោលនោះគឺទាល់តែប្រើវិធីបណ្តេញវាចេញទើបជនរងគ្រោះឬហៅថារូបនោះបានសុខផុតទុក្ខភ័យក្លាយមកជាធម្មតាវិញ។

បើតាមចាស់ៗមានជំនឿតគ្នាមកថាចំពោះកំរោលឬខ្មោចម្រឹត្យុនេះវារឹងរូសណាស់មិនព្រមចេញពីខ្លួនមនុស្សដោយងាយឡើយគឺទាល់តែធ្វើវិធីបណ្តេញចេញដោយការឧបកិច្ចដូចជាឲ្យសមត្ថកិច្ចឬអ្នករាជការធ្វើការចោទប្រកាន់ទោសដល់រូបអ្នកកំរោលចូលនោះឲ្យធ្ងន់ធ្ងររហូតថាត្រូវយកទៅបាញ់ចោល,យកទៅសម្លាប់ចោល,យកទៅកាប់ចោល…ជាដើម ។

ការធ្វើរឿងនេះដាច់ខាតមិនឲ្យសាមីខ្លួនដែលត្រូវកំរោលចូលដឹងរឿងមុនឡើយពោលគឺគ្រាន់តែចោទប្រកាន់ភ្លាមគេក៏ចូលចាប់ចងនិងនាំបណ្តើរទៅទីកន្លែងស្ងាត់ឆ្ងាយពីភូមិរួចរកកន្លែងណាដែលមាន រណ្តៅឬក្បែរដើមចេកក៏ឲ្យជននោះអង្គុយហើយគេក៏ស្រែកសន្ធាប់ថាត្រូវតែបាញ់ចោលរួចហើយក៏បាញ់កាំភ្លើងឬដុតផាវក្បែរជនកំរោលចូលដើម្បីឲ្យកំរោលនៅក្នុងខ្លួនវាស្លុតភ័យខ្លាចហើយចាកចេញពីខ្លួន មនុស្សនោះទៅ ។ នៅតាមខេត្តស្រុកខ្លះគេក៏ប្រើកាំបិតបន្ទាប់ពីស្រែកកងរំពងថាត្រូវតែសម្លាប់ចោលរួចហើយគេក៏បានយកកាំបិតទៅកាប់ដើមចេកដែលចងជាមួយជននោះឲ្យដាច់ផុតពីលើក្បាលរួចក៏ធាក់ ជននោះផ្តួលលើដីដើម្បីឲ្យកំរោលនៅក្នុងខ្លួនជននោះវាចេញ ។

ខាងក្រោមនេះជាវិធីបណ្តេញកំរោលឬខ្មោចម្រឹត្យុរបស់អ្នកស្រុកនៅតាមទីជនបទមួយគ្រាន់តែមិនដឹងច្បាស់ថានៅទីណាប្រាកដឡើយ ?តែវាជាការដែលអ្នកស្រុកមានជំនឿតគ្នាហើយធ្វើដើម្បី សង្គ្រោះអ្នកដែលមានកំរោលឬខ្មោចម្រឹត្យុចូល ។

សូមនាំគ្នាតាមដានទស្សនាព្រោះពេលខ្លះអាគមក៏អាចជួយផ្សំអាយុមនុស្សយើងដែរ ៕

ដេវីត