ឃាត់​បាន​រថយន្ត​១​គ្រឿង​ដឹកឈើ​ក្រ​ញូ​ង ឯ​ម្ចាស់​គេចខ្លួន​បាត់

ខេត្តបន្ទាយមានជ័យ ៖ កម្លាំង​នគរបាល​ឃាត់​រថយន្ត HIGHLANDER មួយ​គ្រឿង​ដឹកឈើ​ក្រ​ញូ​ង​ជាង​១០​ដុំ រីឯ​ម្ចាស់​គេចខ្លួន​ដោយ​សុវត្ថិភាព​កាលពី​វេលា​ម៉ោង​១០​និង​២០​នាទី​យប់ ថ្ងៃ​ទី​២២ ខែសីហា ឆ្នាំ​២០១៦ នៅ​ចំណុច​ភូមិ​ព្រៃ​សហគមន៍​តា​ម៉ែ​ន ភូមិ​តា​ម៉ែ​ន ឃុំ​/​ស្រុក​ព្រះនេត្រព្រះ​។ មន្ត្រី​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តបន្ទាយមានជ័យ​មាន​ប្រសាសន៍​ថា នៅ​ពេល​ដែល​ឃាត់​រថយន្ត​១​គ្រឿង​ម៉ាក HIGHLANDER ដែល​ពាក់​ស្លាក់​លេខ​ភ្នំពេញ 2V-5823 គឺ​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត បាន​សហ​ការណ៍​ជាមួយ​កម្លាំង​នគរបាល​អធិការ​នគ​បាល​ស្រុក​ព្រះនេត្រព្រះ​បាន​ធ្វើការ​ស្រាវជ្រាវ ហើយ​កំណត់​មុខ​ស​ញ្ញ​រថយន្ត​សង្ស័យ រួច​បាន​ដេញ​តាម​ប្រផាត់​ប្រ​ភីង​ហើយ​ឃាត់​រថយន្ត​១​គ្រឿង​ដែល​អ្នកបើកប​រថយន្ត​គេចខ្លួន​ដោយ​សុវត្ថិភាព រក​ឃើញ​មាន​ដឹកឈើ​ក្រ​ញូ​ង​ក្នុង​រថយន្ត​។

មន្ត្រី​នគរបាល​រូប​នោះ​បាន​បញ្ជាក់​ថា ក្រោយ​ពេល​កម្លាំង​នគរបាល​ចម្រុះ​ឃាត់​រថយន្ត​១​គ្រឿង​ឃើញ​ដឹកឈើ​ក្រ​ញូ​ង​បាន​នាំ​យក​មក​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ រហូត​ដល់​ម៉ោង​២​និង​២០​នាទី​ថ្ងៃ​ទី​២៣ ខែសីហា ឆ្នាំ​២០១៦ មិន​ទាន់​ទម្លាក់​ចេញពី​រថយន្ត​រាប់​នៅឡើយ តែ​ឈើ​ក្រ​ញូ​ង​ទាំង​តូច​ទាំង​ធំ​មាន​ប្រមាណ​ជាង​១០​ដុំ​។​ចំពោះ​រថយន្ត​ដឹកឈើ​ក្រ​ញូ​ង​តាម​ការ​ស្រាវជ្រាវ​ពី​កម្លាំង​នគ​បាល​ជំនាញ និង​កំណត់​មុខ​ស​ញ្ញ​ឈ្មួញ​បាន​នាំ​យក​មក​ពី​ខេត្តឧត្តរមានជ័យ​នាំ​ចូល​ស្តុក​ទុក​នៅ​ខេត្តបន្ទាយមានជ័យ ហើយ​នាំ​ចេញ​ទៅ​ខេត្ត​ដទៃ​ទៀត​។

គួរ​រំលឹក​ថា មួយ​រយៈពេល​នេះ​ទទួល​ព័ត៌មាន​ដឹង​គឺ​ឈ្មួញ​បាន​លួច​នាំ​ឈើ​ក្រ​ញូ​ង​បាន​នាំ​ចូល​ពី​ប្រទេស​ថៃ​ឆ្លងកាត់​មក​ខេត្ត​បន្ទា​មាន​ជ័យ យ៉ាង​គគ្រឹកគគ្រេង​ដែល​ត្រូវ​បាន​បង់លុយ​ឲ្យ​កម្លាំង​ជំនាញ​ឈរជើង​តាម​ផ្លូវ បើ​មិន​បាន​បង់លុយ​ឲ្យ​ទេ គឺ​ដេញចាប់​ដូច​បែប​នេះឯង ហើយ​អ្នក​ដែល​ដឹកឈើ​ក្រ​ញូ​ង​ភាគច្រើន​ជា​កងកម្លាំង​សមត្ថកិច្ច​ជា​អ្នក​រកស៊ី និង​ប្រព្រឹត្ត​បទល្មើស​៕