មហា​យក្ស​ឥណ្ឌា​ចាប់ផ្តើម​លូកដៃ​ចូលក្នុង​សង្គ្រាមស៊ីវិល​ស៊ី​រី​? និពន្ធដោយ : ថ្មីៗ       August-23-2016, 9:39 pm         782

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132មហា​យក្ស​ឥណ្ឌា​ចាប់ផ្តើម​លូកដៃ​ចូលក្នុង​សង្គ្រាមស៊ីវិល​ស៊ី​រី​?​អនុរដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌា​លោក Mubashir Javed Akbar ជួប​ជជែក​ពិភាក្សា​ជាមួយ​ប្រធានាធិបតី​ស៊ី​រី បា​សា អាល់ អាសាដ នៅ​ចុង​សប្តាហ៍​កន្លងទៅនេះ​។ មេដឹកនាំ​ទាំងពីរ​បាន​ពិភាក្សា​លើ​បញ្ហា​ភេរវកម្ម ការកសាង​ទំនុកចិត្ត និង កិច្ចសហប្រតិបត្តិការ​សន្តិសុខ​។ ហើយ​អ្នក​ទាំងពីរ​ក៏​បង្ហាញ​ជំហរ​ប្រឆាំង​រាល់​ការជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​ពី​ប្រទេសក្រៅ​ផងដែរ​។

​មេដឹកនាំ​រដ្ឋាភិបាល​ក្រុង​ដា​ម៉ាស បានដាក់​សំណើរ​សុំ​ឲ្យ​រដ្ឋាភិបាល​ឥណ្ឌា​ពិ​ចា​ណា​ជួយ​កសាង​សេដ្ឋកិច្ច​ស៊ី​រី​ឡើងវិញ​ក្រោយ​សង្គ្រាម​ផុតរលត់​ទៅ​។ សំណើរ​នេះ​ត្រូវបាន​ឡើង​ក្នុងពេលដែល​ប្រធានាធិបតី បា​សា អាល់​អាសាដ ជួបពិភាក្សា​ជាមួយ​អនុរដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌា​លោក Mubashir Javed Akbar  នៅ​ថ្ងៃ​សៅរ៍ ចុង​សប្តាហ៍​មុន​។​

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​ឥណ្ឌា Sana មេដឹកនាំ​ទាំងពីរ​បាន​ចំណាយពេល​ជាច្រើន​ពិភាក្សាគ្នា ហើយ​ក្រៅពី​ស្នើសុំ​ឥណ្ឌា​ឲ្យ​ជួយ​កសាង​សេដ្ឋកិច្ច លោក​ក៏​ជជែក​ពី​បញ្ហា​ភេរវកម្ម ការកសាង​ទំនុកចិត្ត និង​ការបង្កើត​កិច្ច​ស​ប្រតិបត្តិការ​ផ្នែក​សន្តិសុខ​ផងដែរ​។ តែ​វត្តមាន​មន្ត្រីជាន់ខ្ពស់​របស់​ឥណ្ឌា​នៅ​ស៊ី​រី​នេះ បញ្ជាក់​ច្បាស់​ថា មហា​យក្ស​អាស៊ី​ខាងត្បូង​នេះ​កំពុង​ព្យាយាម​ពង្រឹង​និង​ពង្រីក​ឥទ្ធិពល​ក៏ដូចជា​តួនាទី​ក្នុងការ​ដោះស្រាយ​ជម្លោះ​និង​បញ្ហា​សន្តិសុខ​អន្តរជាតិ​ឲ្យ​ស័ក្តិ​សមជា​មហាអំណាច​មួយ​ប្រកបដោយ​ការទទួលខុសត្រូវ​។​

 ពាក់ព័ន្ធ​បញ្ហា​នេះដែរ អ្នកនាំពាក្យ​ក្រសួងការបរទេស​ឥណ្ឌា Vikas Swarup បាន​សរសេរ​បង្ហោះ​តាម​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម Twitter របស់ខ្លួន​ថា ៖«​ឥណ្ឌា​ត្រៀមខ្លួន​ដើម្បី​ផ្តល់​រាល់​ជំនួយ​ដែល​ខ្លួន​អាច​ធ្វើបាន​ដើម្បី​ជួយ​បញ្ចប់​ការឈឺចាប់​របស់​ប្រជាជន​ស៊ី​រី និង​ចូលរួម​លើកស្ទួយ​ការអភិវឌ្ឍ និង​កសាង​ប្រទេស​ស៊ី​រី​ឡើងវិញ​ឲ្យ​កាន់​តែមាន​ប្រសិទ្ធិភាព​។​

​ក្នុងជំនួប​ពិភាក្សា​ទ្វេភាគី​នោះ ប្រធានាធិបតី​ស៊ី​រី ក៏បាន​ស្នើសុំ​តាមរយៈ​អនុរដ្ឋមន្ត្រី Mubashir Javed Akbar  ឲ្យ​ឥណ្ឌា​ក្នុងនាម​ជា​មហាអំណាច​តំបន់​មួយ​នោះ​ចាប់ផ្តើម​បង្កើន​តួនាទី​ក្នុងការ​ប្រឆាំង​ភេ​រកម្ម​។ ហើយ​អ្នក​ទាំងពីរ​ក៏បាន​ឯកភាពគ្នា​បង្កើន​កិច្ចពិភាក្សា​ពិគ្រោះ​យោបល់​លើ​បញ្ហា​សន្តិសុខ​ទ្វេភាគី​ផងដែរ​។​

​ហើយ​ក្នុងនាម​ជា​សមាជិក​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ថ្មី BRICS និង​ជា​ប្រទេស​ដែល​គោលជំហរ​អ​ព្យា​ក្រឹត្យ គាំទ្រ​រដ្ឋ​អធិបតេយ្យ​និង​ប្រឆាំង​រាល់​ការអន្តរាគមន៍​និង​ជ្រៀតជ្រែក​របស់​បរទេស​នោះ ឥណ្ឌា​ពិតជា​ធ្វើ​ឲ្យ​រដ្ឋាភិបាល​លោក បា​សា អាល់​អាសាដ ពេញចិត្ត​។  ហើយ​វត្តមាន​មន្ត្រីជាន់ខ្ពស់​ឥណ្ឌា​នៅ​ស៊ី​រី​និង​ជួប​ជាមួយ​ប្រធានាធិបតី​ស៊ី​រី​នេះ​ទៀត​ក៏​ជួយ​ស្តារ​ភាពស្របច្បាប់​របស់​រដ្ឋា​ភិ​បាល​ក្រុង​ដា​ម៉ាស​បច្ចុប្បន្ន​ដែរ​។ ចំណែក លោក អាសាដ វិញ​ក៏បាន​ថ្លែងអំណរគុណ និង​ស្វាគមន៍​ចំពោះ​គោលជំហរ​របស់​ឥណ្ឌា​ដែល​ប្រឆាំង​រាល់​ការជ្រៀតជ្រែក​ពី​ក្រៅ​។

​តាមពិតទៅ​កាលពី​ជំនាន់​នាយករដ្ឋមន្ត្រី​Manmohan Singh បានបញ្ជាក់​ជាច្រើន​ដង​ដែរ​ពី​គោលជំហរ​របស់​ឥណ្ឌា​ក្នុងពេលដែល​លោក​ជួបពិភាក្សា​ជាមួយ​នាយករដ្ឋមន្ត្រី​ស៊ី​រី  Wael Al-Halki នៅក្រៅ​កិច្ចប្រជុំ​កំពូល​ក្រុម​ប្រទេស​មិន​ចូលបក្ស​សម្ព័ន្ធ​នៅ​អ៊ីរ៉ង់​ឆ្នាំ ២០១២​។ លោក​បាន​ថ្លែងថា ដំណោះស្រាយ​បញ្ចប់​វិបត្តិ​ស៊ី​រី​គួរតែ​ធ្វើឡើង​តាមរយៈ​ការចរចា​នយោបាយ​ដែល​ទទួលយក​ដោយ​ភាគី​នយោបាយ​និង​ប្រជាជន​ស៊ី​រី​ទូទៅ​ដែរ​៕