ប្រមុខ​ការទូត​៖ ហ្វីលីពីន​មិន​ចាក​ចេញពី​UN ឡើយ និពន្ធដោយ : តន ចាន់​រិ​ទ្ធា​រ៉ា       August-23-2016, 10:39 pm         366

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ប្រមុខ​ការទូត​៖ ហ្វីលីពីន​មិន​ចាក​ចេញពី​UN ឡើយ​ប្រមុខ​ការទូត​ហ្វីលីពីន លោក Perfecto Yasay Jr. បាន​ចេញមក​និយាយ​សម្រួលការ​គំរាម​ចាក​ចេញពី​អង្គការសហប្រជាជាតិ (UN) របស់​ប្រធានាធិបតី Rodrigo Duterte បន្ទាប់​រង​ការរិះគន់​ខ្លាំង​ពី​សំណាក់​មន្ត្រី​ជំនាញ​របស់ UN រួចមក​។ បើតាម​លោក Yasay ការនិយាយ​គំរាម​របស់​ប្រធានាធិបតី Duterte បណ្ដាលមកពី​ការមិន​ពេញចិត្ត​របស់លោក ទៅនឹង​ការ​ពាក្យរិះគន់​ទាំងនោះ​ប៉ុណ្ណោះ​។

​បន្ទាប់ពី​លោក Rodrigo Duterte ប្រើពាក្យ​សំដី​ខ្លាំងៗ​គំរាម​នាំ​ហ្វីលីពីន​ចេញពី​អង្គការសហប្រជាជាតិ រដ្ឋមន្ត្រីការបរទេស​ហ្វីលីពីន លោក Perfecto Yasay Jr. បាន​និយាយថា លោក Duterte មិនមែន​មានន័យ ចាក​ចេញពី​អង្គការសហប្រជាជាតិ​ឡើយ​។ ប៉ុន្តែ​ប្រធានាធិបតី​ហ្វីលីពីន គ្រាន់តែ​បង្ហាញ​អារម្មណ៍​មិន​ពេញ​ចិត្តនឹង​ការលើកឡើង​ជុំវិញ​ការសម្លាប់​ក្រៅ​ប្រព័ន្ធតុលាការ​ក្នុង​យុទ្ធនាការ​បោសសម្អាត​គ្រឿងញៀន​។

​រដ្ឋមន្ត្រីការបរទេស​ហ្វីលីពីន បន្ត​លើកឡើងថា តាមពិតទៅ គេ​ត្រូវ​យល់ថា លោក​ប្រធានាធិបតី​និយាយ​ដូច្នេះ​នៅពេល​យប់​ជ្រៅ ហើយ​អ្នកកាសែត​បាន​សួរ​សំណួរ​ជាច្រើន​ទៀង​ផង​។ លោក​បន្តថា នៅពេល​អ្នក​ហត់ មិន​សប្បាយចិត្ត និង​មាន​អារម្មណ៍​ខឹង​ដែរនោះ យើង​ប្រហែលជា​ត្រូវ​ផ្ដល់​ពេលវេលា​បន្ថែម​ដល់​លោក​ប្រធានាធិបតី ដើម្បី​មាន​ពេល​បញ្ចេញ​ប្រតិកម្ម​ខ្លះ ព្រោះ​គាត់​ក៏​ជាម​នុស្ស​ដែរ​។

​ងាក​ទៅ​សន្និសីទកាសែត​ថ្ងៃទី​២១ ខែសីហា ប្រធានាធិបតី Duterte បាន​គំរាម​ចាក​ចេញពី​អង្គការសហប្រជាជាតិ និង​បាន​ហៅ​អង្គការ​ពិភពលោក​នេះ​ថា ជា​អង្គការ​អត់​ប្រយោជន៍ និង​លីលា ហើយ​មិនដែល​ធ្វើ​អ្វី​ឲ្យ​ហ្វីលីពីន​ឡើយ​។ ប៉ុន្តែ លោក Yasay បកស្រាយ​ថា លោក Duterte មិនបាន​គំរាម​ចាក​ចេញពី​អង្គការសហប្រជាជាតិ​ឡើយ តែ​លោក​មិន​សប្បាយ​ចិត្តនឹង​សកម្មភាព​របស់​អ្នករាយការណ៍​របស់ UN ហើយ​ការលើកឡើង​របស់លោក Duterte ជា​ប្រតិកម្ម​តបត​ប៉ុណ្ណោះ​។

​យោងតាម​សារព័ត៌មាន Inquirer អ្នករាយការណ៍​ពិសេស​របស់ UN ពីររូប​គឺ លោកស្រី Agnes Callamard និង​លោក Dainius Puras បានលើកឡើង​ពី​ការព្រួយបារម្ភ​ចំពោះ​ការកើនឡើង​ចំនួន​អ្នកស្លាប់​ដោយសារ​ប្រតិបត្តិការ​បោសសម្អាត​គ្រឿងញៀន និង​ស្នើ​ឲ្យ​មានការ​ស៊ើបអង្កេត​បញ្ហា​នេះ​។ យ៉ាងណាក្ដី ហ្វីលីពីន ចាត់ទុក​សំណើ​នេះ ជាការ​រំលោភ​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​។

​ទាក់ទិន​បញ្ហា​នេះ លោក Yasay បញ្ជាក់ថា លោក​ប្រធានាធិបតី​ធ្លាប់ធ្វើ​ការធានា​រួចហើយ​ថា លោក​នឹង​គោរព​សិទ្ធិមនុស្ស និង​ប្រឆាំង​ដាច់ខាត​នឹង​ការសម្លាប់​មនុស្ស​ខុសច្បាប់ ពាក់ព័ន្ធ​បញ្ហា​គ្រឿងញៀន​។ លោក Yasay ក៏បាន​ប្រាប់​អ្នករាយការណ៍​ពិសេស​ទាំងពីរ ត្រូវ​ធ្វើតាម​ពិធីការ​របស់ UN ក្នុងការ​ដាក់សំណើ​សុំ​សើ​ប​អង្កេត​ការសម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធតុលាការ មុនពេល​រិះគន់​រដ្ឋាភិបាល​ហ្វីលីពីន​៕