រៀន​បើក​រថយន្ដ​​ច្រឡំ​ជាន់​ល្បឿន… ធ្លាក់​ក្នុង​​អាង​ទឹក៖ ស្លាប់​បី​នាក់

យុវតីចិនដែលកំពុងរៀនបើកបរម្នាក់ បានច្រឡំជាន់ល្បឿន ថាជាហ្វ្រាំង និងបានបើករថយន្ដ​ឪពុក​របស់​នាង ធ្លាក់​ចូល​ទៅ​ក្នុង​អាងប្រឡាយ​ទឹក កណ្ដាល​ក្រុង។ មនុស្ស​បួន​នាក់ នៅក្នុង​រថយន្ដ មានបីនាក់​បាន​ស្លាប់។
រៀន​បើក​រថយន្ដ​​ច្រឡំ​ជាន់​ល្បឿន... ធ្លាក់​ក្នុង​​អាង​ទឹក៖ ស្លាប់​បី​នាក់

ទិដ្ឋភាពចាប់បង្វិលរថយន្ដ ដើម្បីរំដោះជនរងគ្រោះទាំងបួន ដែលកំពុងជាប់ក្នុងរថយន្ដ ឲ្យឡើងមកលើ។ (រូបថតលើទ្វីសធើរ)

ស្ត្រីអាយុ១៩ឆ្នាំ អ្នកបើកបរវ័យក្មេងមួយរូប ដែលជាអ្នករស់នៅ ក្នុងក្រុង «Dongfeng» នៃខេត្តគ័ងតុង ភាគ​អាគ្នេយ៍​ប្រទេសចិន បានច្រឡំជាន់ល្បឿន ថាជាហ្វ្រាំង ហើយបានបញ្ជារថយន្ដ របស់ឪពុកនាង ទៅមុខ​ត្រង់ រហូត​ធ្លាក់​ចូល​ក្នុង​អាង​ប្រឡាយ​ទឹកមួយ ដែលមានជម្រៅជាងបីម៉ែត្រ របស់ទីក្រុង។ សារព័ត៌មានអង់គ្លេស «The Sun» បានរៀបរាប់ពីរឿងនេះ ថាល្បឿន និងការប៉ះទង្គិចមានសភាព គួរឲ្យរន្ធត់ណាស់ រហូតធ្វើមនុស្ស​ទាំង​បួន​នាក់ ដែល​ស្ថិត​នៅ​ក្នុង​រថយន្ដ បានសន្លប់ទាំងអស់ ខណៈរថយន្ដបានលិចសន្សឹមៗ ចូលទៅក្នុងទឹក។

កញ្ញា ជូ ដែលមានអាយុ១៩ឆ្នាំ ទើបតែទទួលបានប័ណ្ណបើកបរត្រៀមមួយ សម្រាប់កូនសិស្ស ដែលកំពុងរៀន​បើក​បរ។ ប័ណ្ណបើកបរត្រៀមនេះ បានកំហិតឲ្យនាងបើកបរ ដោយមានវត្តមាន របស់អ្នកចេះបើកបរម្នាក់ នៅ​ក្បែរ​នាង។ ហើយ​មនុស្ស​ម្នាក់​នោះ គឺឪពុករបស់នាងតែម្ដង។ ចំណែកមនុស្សពីរនាក់ទៀត មានម្នាក់ជាប្អូនស្រី​អាយុ​១៦ឆ្នាំ និង​ម្នាក់​ទៀត​ជា​មិត្ត​ភ័ក្រ​ស្រី អាយុ១៧ឆ្នាំរបស់នាង។

សាក្សីដែលបានឃើញហេតុការណ៍ បានហៅនគរបាលភ្លាមៗ ហើយអ្នកស្រុកនៅទីនោះ ច្រើនជាង១០នាក់ បាន​ព្យាយាមចូលទៅជួយ យកអាសារជនរងគ្រោះទាំងបួន ដែលកំពុងជាប់នៅក្នុងរថយន្ដ។ អ្នកខ្លះ បានលោត​ចូល​ទៅ​ក្នុង​ទឹក ដើម្បីព្យាយាមទប់រថយន្ដ កុំឲ្យលិចចូលក្នុងទឹកជាងនេះ។

រៀន​បើក​រថយន្ដ​​ច្រឡំ​ជាន់​ល្បឿន... ធ្លាក់​ក្នុង​​អាង​ទឹក៖ ស្លាប់​បី​នាក់

នៅពេលដែលក្រុមអ្នកជួយសង្គ្រោះបានមកដល់ ពួកគេបានប្រើខ្សែពួរ បង្វិលរថយន្ដឲ្យផ្អៀងទៅមួយចំហៀង ដើម្បីអនុញ្ញាតឲ្យគេ អាចវាយបំបែកកញ្ចក់រថយន្ដ និងចូលទៅយកអ្នកទាំងបួន ឡើងមកខាងលើ។ តែអនិច្ចា! កញ្ញា ជូ ឪពុកនាង និងមិត្តស្រីរបស់នាង មិនអាចដឹងខ្លួន ឡើងវិញបានឡើយ បើទោះជាអ្នកជួយសង្គ្រោះ ព្យាយាម​ធ្វើ​ចលនា​បេះដូង យ៉ាងណាក៏ដោយ។

មានតែប្អូនស្រីរបស់នាង អាយុ១៦ឆ្នាំប៉ុណ្ណោះ ដែលត្រូវបានអ្នកជួយសង្គ្រោះ ដាស់ឲ្យដឹងខ្លួនមកវិញ តែនៅតែ​ស្ថិត​ក្នុងសភាពធ្ងន់ធ្ងរ ស្ទើរស់ស្ទើស្លាប់នៅឡើយ។ នាងត្រូវបានបញ្ជូន ទៅសង្គ្រោះនៅឯមន្ទីរពេទ្យ តែសេចក្ដី​រាយការណ៍​ចុង​ក្រោយ បាន​ឲ្យ​ដឹង​ថា នោះគ្រាន់ជាការសង្គ្រោះ ដង្ហើមចុងក្រោយប៉ុណ្ណោះ៕