​ថត​អេកូ គ្រាន់តែចង់​ដឹងថា​កូនស្រី ឬ​ប្រុស​តែមួយ​មុខ គឺជា​គំនិត​ដ៏​គ្រោះថ្នាក់​

​ថត​អេកូ គ្រាន់តែចង់​ដឹងថា​កូនស្រី ឬ​ប្រុស​តែមួយ​មុខ គឺជា​គំនិត​ដ៏​គ្រោះថ្នាក់​

​ផ្នត់គំនិត​ប្រជាជន​ខ្មែរ​យើង មិន​ថា​ប្រុស ឬ​ស្រី​ទេ ច្រើន​តែ​ចង់​ដឹង​ថា កូន​ក្នុង​ផ្ទៃ​របស់​ស្ត្រី​មាន​ផ្ទៃពោះ ប្រុស ឬ​ស្រី​ប៉ុណ្ណោះ​។ ហេតុដូច្នេះ​ហើយ ទើប​ស្ត្រី​មាន​ផ្ទៃពោះ តែងតែ​មិន​សូវ​ខ្វល់ខ្វាយ អំពី​សុខភាព​របស់​ខ្លួន នៅពេល​ដឹងថា​មាន​ផ្ទៃពោះ​ទេ តែ​បែរជា​ខ្វល់ខ្វាយ នៅ​ពេល​ជិត​ដឹង​ថា​ស្រី ឬ​ប្រុស​ទៅវិញ ជាពិសេស ក្នុងពេល​ពរ​ពោះ​បាន ៣ ទៅ ៤ ខែ​រួច​។ និយាយ​ដល់​ចំណុច​រសើប​បែប​នេះ តើ​បងប្អូន​អ្នកអាន​ណាខ្លះ ធ្លាប់​យល់​បែបនេះ​?

​តាមរយៈ​ក្រសួង​សុខាភិបាល គេ​តែងតែ​ធ្វើការ​ផ្សព្វផ្សាយ​ច្រើន​ទាំង​ក្នុង​វិទ្យុ និង​ទូរទស្សន៍​ថា នៅពេល​ដឹងថា​ខ្លួនឯង​មាន​ផ្ទៃពោះ​ហើយ ប្រញាប់​ទៅ​ជួប​ពេទ្យ​ដើម្បី​ពិនិត្យ និង​ប្រើប្រាស់​ថ្នាំ​គ្រាប់​ថែរក្សា​គភ៌​។ ជាក់ស្តែង សញ្ញា​ដែល​ប្រាប់​មានកូន គឺ​បាត់​រដូវ​មួយ​ខែ​ហើយ​។

ងាក​មក​រក​ការងារ​បច្ចេកទេស​វេជ្ជសាស្ត្រ​វិញ​គឺថា អ្វី​ដែល​ស្ត្រី​មាន​ផ្ទៃពោះ ត្រូវតែ​ប្រុងប្រយ័ត្ន​បំផុត​នោះ គឺ​អំឡុង​ពេល​បី​ខែ​ដំបូង ឬ​ត្រីមាស​ដំបូង​នេះ​ឯង ព្រោះថា កូន​មាន​លក្ខណៈ​មិន​ធម្មតា ឬ​កូន​មាន​ជំងឺ គឺ​អាច​នឹង​កើតឡើង​បាន ក្នុង​ពេលវេលា​មួយ​នេះ​ច្រើនជាងគេ​បំផុត​។ ហេតុដូច្នេះ​ហើយ ទើប​គ្រូពេទ្យ​តម្រូវ​ឲ្យ​ស្ត្រី​ដឹងថា ខ្លួនឯង​មាន​ផ្ទៃពោះ​ហើយ មកជួប​ពេទ្យ​តាម​ពេល​កំណត់ ដើម្បី​តាមដាន  ញ៉ាំ​អាហារ​គ្រប់គ្រាន់ ចៀសវាង​ការ​ញ៉ាំ​ថ្នាំ​ផ្តេសផ្តាស គ្មាន​វេជ្ជបញ្ជា គ្រឿង​ស្រវឹង ជក់បារី និង​ពិនិត្យមើល​សុខភាព​របស់​កូន​ជា​ទៀងទាត់​។

ទោះបីជា​យ៉ាងណា​ក៏ដោយ ក្នុង​ពេលវេលា​នេះ ការថត​អេកូ គឺជា​រឿង​ចាំបាច់​ណាស់ ដើម្បី​វាយតម្លៃ​ទៅ​លើ​ស្ថានភាព ក៏ដូចជា​សុខភាព​របស់​កូន ចៀស​ជាង​មើល​តែ​ភេទ​របស់​កូន​មួយ​មុខ​។ ផ្ទុយទៅវិញ បើសិន​ជា​អ្នក​មិន​ព្រម មក​តាមដាន​សុខភាព​ជា​ប្រចាំ ហើយ​ចាំ​តែ​មក​ពិនិត្យ​អេកូ ដើម្បី​ដឹង​ថា​កូនប្រុស​ស្រី​នោះ វា​អាច​នឹង​ក្លាយទៅជា​វិប្បដិសារី​មួយ សម្រាប់​អ្នក​នៅ​ថ្ងៃក្រោយ​ក៏​ថា​បាន​ដែរ បើសិន​ជា​អ្នក​មិន​ព្រម​យកចិត្តទុកដាក់ ទៅលើ​សុខភាព​កូន​ជា​ចំបង​។ យ៉ាងណាមិញ ក្នុងករណី​ដែល​អ្នក​រក​ឃើញ​ថា កូន​មាន​បញ្ហា​ណាមួយ​មិន​ប្រក្រតី ឬ​ខូច​អវៈយវៈ​ណាមួយ​ទាន់ពេលវេលា ក្នុងអំឡុងពេល​ត្រីមាស​ទី​១​មួយ​នេះ អ្នក​អាច​នឹង​សម្រេចចិត្ត បាន​ទាន់ពេលវេលា​ក្នុង​ការ​យក​វា​ចេញ ដើម្បី​បង្ការ​បញ្ហា​នៅ​ថ្ងៃ​ក្រោយ​ពេល​កើត ហើយក៏​អាច​ព្យាយាម​មាន​ផ្ទៃពោះ​ម្តងទៀត ដោយ​មិន​ប៉ះពាល់​ដល់​ផ្លូវ​ចិត្តច្រើន​ដែរ​។ ប៉ុន្តែ បើសិនជា​ទើបតែ​រកឃើញថា កូន​ជា​ស្រី ឬ​ប្រុស ហើយ​ទើបតែ​មើលឃើញ​ថា​កូន​មាន​បញ្ហា ឬ​ខ្វះ​អវៈយវៈ​ណាមួយ នៅ​អាយុ​កូន​ច្រើន​ហើយ​នោះ គឺ​ពិតជា​រឿង​មួយ ពិបាក​សម្រេចចិត្ត​ខ្លាំង​ណាស់​។

ជា​អនុសាសន៍​ពី​គ្រូពេទ្យ​ប្រចាំ​គេហទំព័រ www.health.com.kh ផ្ទាល់ ខ្ញុំ​សូម​ណែនាំ​ដល់​បងប្អូន​គ្រប់រូប​ទាំង​ចាស់ និង​ក្មេង ធ្វើយ៉ាងណា ពេល​ដឹង​ថា​មាន​ផ្ទៃពោះ​ហើយ ត្រូវតែ​ជ្រើសរើស​ពេទ្យ ឬ​គ្លីនិក​ណាមួយ ដែល​អ្នក​ទាំងអស់​គ្នា​ជឿជាក់ ដើម្បីឲ្យ​គេ​តាមដាន​សុខភាព​របស់​យើង​តាំងពី​ចាប់ផ្តើម រហូត​ដល់​កូន​កើត​។ ចំពោះ​ការថត​អេកូ តាមដាន​សុខភាព​កូន​វិញ ខ្ញុំ​សូម​ណែនាំ​ធ្វើ​យ៉ាងណា ត្រូវ​ឲ្យ​អ្នកថត​អេកូ​នោះ​មាន​ជំនាញ ក្នុង​ការមើល​សុខភាព​កូន​ជា​ចាំបាច់ ដោយ​គាត់​អាច​នឹង​និយាយ​ថា កូន​មាន​សុខភាព​ល្អ និង​កូន​មាន​បញ្ហា ដែល​តម្រូវ​ឲ្យ​យក​ចេញល្អ​ជាង​ទុក​។ ជាមួយគ្នានេះដែរ ខ្ញុំ​សូមបញ្ជាក់ថា ការថត​អេកូ គឺ​មិន​មាន​អ្វី​ជា​បញ្ហា​ប៉ះពាល់ ដល់​សុខភាព​ម្តាយ និង​ទារក​នោះទេ ទោះ​ថត​ច្រើន​ក៏​ដោយ ព្រោះ​វា​ជា​ជម្រើស​ដែល​ល្អ​បំផុត និង​តែមួយគត់ ក្នុង​ការតាមដាន​សុខភាព​ពួកគេ​ទាំង​ពីរ​នាក់​៕

រៀបរៀង​ដោយ​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី24 
សីហា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។