អតីត​ប្រធានាធិបតីបារាំង លោក នីកូឡា សាកូហ្ស៊ី ប្រកាសឈរឈ្មោះជាបេក្ខជនប្រធានាធិបតីជាថ្មី

គ្មានអ្វីគួរឱ្យសង្ស័យទៀតទេ នៅរសៀលថ្ងៃចន្ទម្សិលមិញ លោកនីកូឡា សាកូហ្ស៊ី អតីតប្រធានាធិបតីបារាំង (ពីឆ្នាំ២០០៨-២០១២) បានប្រកាសជាផ្លូវការ ឈរឈ្មោះជាបេក្ខជនប្រធានាធិបតីបារាំង សម្រាប់ការបោះឆ្នោតឆ្នាំ២០១៧។ សេចក្តីប្រកាសធ្វើឡើង តាមរយៈការចេញលក់សៀវភៅ និងបញ្ជាក់ព័ត៌មានតាមរយៈប្រព័ន្ធTwitter។ មានអាយុ ៦១ ឆ្នាំ លោក នីកូឡា សាកូហ្ស៊ី ចង់ក្លាយជាប្រធានាធិបតីបារាំងដំបូងគេដែលវិលមកប្រកួតប្រជែងយកតំណែងកំពូលនេះ បន្ទាប់ចាញ់ឆ្នោតកាលពីបួនឆ្នាំមុន។

មិនមែនជាដំណឹងគួរឱ្យភ្ញាក់ផ្អើលទេ ! នរណាក៏ដឹងថា លោក នីកូឡា សាកូហ្ស៊ី ដែលមានជំនក់ចិត្តលើនយោបាយតាំងពីក្មេង មានមហិច្ឆតាចង់វិលត្រលប់ប្រកួតប្រជែងតំណែងប្រធានាធិបតីជាថ្មី តាំងពីលោកបានត្រលប់ចូលមកធ្វើនយោបាយវិញ កាលពីឆ្នាំ២០១៤ ដោយដណ្តើមយកតួនាទីជាប្រធានបក្សសាធារណរដ្ឋ (បក្សប្រឆាំង)មកម្ល៉េះ។ មួយរយៈចុងក្រោយនេះទៀត លោកក៏បានបញ្ចេញសកម្មភាពជាច្រើន មានទម្រង់ជាការឃោសនាស្រេចទៅហើយ។

ប៉ុន្តែអ្វីៗនៅមិនទាន់ដាច់ស្រេចនៅឡើយទេ ! ព្រោះថ្វីបើលោកនីកូឡា សាកូហ្ស៊ី បានប្រកាសក្តែងៗ ឈរឈ្មោះជាបេក្ខជនប្រធានាធិបតីឆ្នាំ២០១៧មែន តែលោកក៏បានព្រមព្រៀង អនុវត្តតាមវិធានរបស់បក្ស ដោយត្រូវ ឆ្លងកាត់ការបោះឆ្នោតជ្រើសរើសបេក្ខជនប្រធានាធិបតីបក្សស្តាំនិងកណ្តាលនិយម នៅចុងឆ្នាំសិន។ ជាសរុបមានបេក្ខជនរបស់បក្សសាធារណរដ្ឋជាង១៣នាក់ហើយ បានប្រកាសឈរឈ្មោះ តែលោកនីកូឡា សាកូហ្ស៊ី មានជំនឿយ៉ាងមុតមាំថានឹងអាចឈ្នះបាន។

កម្មវិធីនយោបាយ
លោកនីកូឡា សាកូហ្ស៊ី បានប្រើសៀវភៅ ដែលលោកបាននិពន្ធរយៈពេលបីខែ មានចំណងជើងថា Tout pour la France ឬ គ្រប់យ៉ាងដើម្បីបារាំង សម្រាប់ប្រកាសបេក្ខភាពលោក ក្នុងការប្រកួតប្រជែងយកតំណែងប្រធានាធិបតីនៅឆ្នាំ២០១៧។ សៀវភៅនេះនឹងចេញលក់ជាសាធារណៈនៅថ្ងៃពុធ ទី ២៤ សីហាស្អែក។

លោកបានពន្យល់ថា “លោកនៅមានកម្លាំង ថាមពល សម្រាប់ដឹកនាំប្រទេសដែលកំពុងឆ្លងកាត់កាលៈទេសៈដ៏លំបាកបំផុតមិនធ្លាប់មានក្នុងប្រវត្តិ » ប្រទេសបារាំងត្រូវការអ្នកដឹកនាំដែលបញ្ចេញអស់ពីសមត្ថភាព អស់កម្លាំងចិត្តកម្លាំងកាយ។ តាមរយៈសៀវភៅនោះ លោក នីកូឡា សាកូហ្ស៊ី បានគូសវាសកម្មវិធីនយោបាយដែលមានលក្ខណៈស្តាំនិយមមែនទែន ដោយឈរលើ គោលដៅសំខាន់ៗ ចំនួន ៥ ចំណុច គឺ ការប្រកួតប្រជែងសេដ្ឋកិច្ច សេរីភាព អំណាច (សន្តិសុខ) ការពិត និងអត្តសញ្ញាណ”។

បើតាមអ្នកវិភាគខ្លះ លោកនីកីឡាសាកូហ្ស៊ី វិលជុំវិញតែបញ្ហាសន្តិសុខ និងអត្តសញ្ញាណជាតិ ដែលលោកក្តាប់បានល្អ និងដែលត្រូវលើកយកមកបកស្រាយខ្លាំង នៅពេលឃោសនា។ ធ្វើដូចម្តេចការពារថែរក្សារបបសាធារណរដ្ឋ ប្រឈមនឹងការស្ទុះឡើងនៃការបែងចែងសហគមន៍ ដំឡើងអាយុចូលនិវត្តដល់៦៣ឆ្នាំនៅឆ្នាំ២០២០ និង៦៤ឆ្នាំនៅ២០២៥ … បន្ថយពន្ធ ១០%ចាប់ពីចុងឆ្នាំ២០១៧ទៅ។

គូប្រជែងមិនញញើត
គ្មានអត្ថាធិប្បាយ ពីសំណាក់សម្រាប់បក្សកាន់អំណាច ! ចំណែកនៅក្នុងបក្សសាធារណរដ្ឋរបស់លោកវិញ ការស្វាគមន៍អបអរផ្ទុះខ្លាំងចេញពីក្រុមសកម្មជនគាំទ្រលោកផ្ទាល់ ថាជាក្តីសង្ឃឹម របស់អនាគត។ តែខ្លះទៀត សុខចិត្តបិទមាត់មិនចេញស្តីអ្វីឡើយ។ ក្រុមបេក្ខជនឈរឈ្មោះទាំង១២រូបផ្សេងទៀត សុទ្ធតែបានបង្ហាញអារម្មណ៍ មិនត្រជាក់មិនក្តៅចំពោះដំណឹងនេះ ឬក៏ព្រួយបារម្ភនឹងគូប្រជែងជាអតីតប្រធានាធិបតីនេះសោះឡើយ។

បើតាមការស្ទង់មតិ នៅថ្ងៃអង្គារនេះ លោកនីកូឡា សាកូហ្ស៊ី មានប្រជាប្រិយភាពត្រឹមតែ ៥៥% ក្នុងរង្វង់សកម្មជនបក្សសាធារណរដ្ឋ។ ពោលគឺលោកបានបាត់បង់ប្រជាប្រិយភាពអស់ ១៣ពិន្ទុ បើប្រៀបទៅនឹងការស្ទង់មិតលើកមុន និងស្ថិតនៅក្នុងលំដាប់លេខ៥ ក្នុងចំណោមបេក្ខជនប្រធានាធិបតីរបស់បក្សទាំងអស់។

គូប្រជែងក្នុងបក្ស ដែលមានប្រជាប្រិយភាព និងការគាំទ្រឥតរេ គឺលោក អាឡាំង ជូប៉េ Alain Juppé។ បេក្ខជនរូបនេះ បានទទួលការគាំទ្រពីប្រជាពលរដ្ឋបារាំងទូទៅគ្រប់ស្រទាប់វណ្ណៈ ច្រើនជាងលោកនីកូឡា សាកូហ្ស៊ីឆ្ងាយណាស់។ ប៉ុន្តែគេមិនដឹងថា ជាមួយនឹងការចេញសៀវភៅថ្មី និងការប្រកាសបេក្ខភាពជាផ្លូវការ លោកនីកូឡា សាកូហ្ស៊ី អាចផ្លែផ្កាច្រើនជាងមុនដែរឬអត់ទេ។

ក្រៅអំពីត្រូវស្តាររូបភាពជាបុរសរដ្ឋឡើងវិញ ព្រោះពលរដ្ឋបារាំងជាទូទៅអស់ជំនឿលើលោក ធ្លាប់ប្រកាសលាពីនយោបាយ កាលពីបួនឆ្នាំមុនសោះ ស្រាប់តែឥលូវលេចក្រឡើមមកវិញ លោកនីកូឡាសាកូហ្ស៊ី នៅជាប់ប្រលាក់ប្រលូសនឹងតុលាការ ព្រោះលោកអតីតប្រធានាធិបតីរូបនេះ កំពុងជាប់ចោទពីបទពុករលួយ រំលោភអំណាច និងមានហិរញ្ញវត្ថុខុសច្បាប់ពេលឃោសនាបោះឆ្នោតឆ្នាំ២០១២៕

ប្រភព៖ RFI


Related Posts