ប្រធានចលនាមាតាធម្មជាតិជំរុញឲ្យតុលាការកោះហៅ ដើម្បីអាចត្រឡប់មកកម្ពុជា

លោកអេឡិច តាមរយៈបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លូន កាលពីថ្ងៃម្សិលមិញ បានឲ្យដឹងថា មេធាវីរបស់លោកកំពុងជំរុញឲ្យតុលាការខេត្តកោះកុងចេញដីកាកោះហៅ ដើម្បីឲ្យរូបលោកអាចវិលត្រឡប់មកកាន់កម្ពុជាវិញបាន។ ការលើកឡើងរបស់លោកអេឡិចប្រធានចលនាមាតាធម្មជាតិនេះ ធ្វើឡើងក្រោយពេលដែលលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ធ្វើវេទិកាស្តីពីការការពារបរិស្ថាន និងអភិរក្សធនធានធម្មជាតិកាលពីថ្ងៃម្សិលមិញ។

លោកអេឡិច ហ្សង់ដ្រូ ហ្គន់សាឡេស ដេវិតសិន ជាប្រធានអង្គការចលនាមាតាធម្មជាតិបានសរសេរនៅលើបណ្តាញសង្គមរបស់លោកថា“នៅខណៈពេលដែលតារាហូលីវូដ កំពុងពាក់ស្រោមមុខថាជាសកម្មជនការពារតំបន់អារ៉ែង តារាក្រៅឆាកដូចជារូបខ្ញុំ សូមជម្រាបជូនសាធារណជនអោយបានជ្រាបថា៖ មេធាវីរបស់ខ្ញុំកំពុងជំរុញឲ្យតុលាការខេត្តកោះកុងឆាប់ចេញដីកាកោះហៅខ្ញុំ ដើម្បីឡើងជំនុំជម្រះក្នុងពេលឆាប់ៗនេះ ដើម្បីឲ្យខ្ញុំឆាប់បានត្រលប់មកកាន់ប្រទេសគួរអោយស្រលាញ់មួយនេះវិញ”។

លោកបានសរសេរបន្តថា តែចៅក្រមនៅតែមិនអើពើនឹងសំណើរបស់លោក។ លោកបានលើកជាសំនួរថា មានអ្នកណាជួយឆ្លើយបានទេថាដោយសារអ្វី?

តាមរយៈសំណេរនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកនេះ លោកអេឡិច ក៏បានដាក់ភ្ជាប់មកជាមួយនូវពាក្យសុំរបស់មេធាវីឲ្យតុលាការកោះហៅរូបលោកចូលសវនាការ។ មេធាវីការពារក្តីនេះ គឺលោកសំ ចំរើនបានសរសេរនៅក្នុងពាក្យសុំនោះថា ដើម្បីធានាបាននូវដំណើរការក្តីប្រកបដោយយុត្តិធម៌ និងមានការអស់ចិត្តពីគ្រប់ភាគី លោកសុំឲ្យចៅក្រមកោះហៅកូនក្តីរបស់លោក ដើម្បីចូលរួមសវនាការដោយផ្ទាល់តាមផ្លូវច្បាប់ ដើម្បីឲ្យកូនក្តីលោកបានបង្ហាញពីសុច្ចរិតភាពរបស់ខ្លួន។

លោក សំ ចំរើន បានបញ្ជាក់ប្រាប់វិទ្យុបារាំងថា ជាបន្តលោកនឹងតាមដានមើលពាក្យសុំនេះសិន ហើយបន្តជំរុញបន្ថែមទៀត។ ឆ្លើយនឹងសំនួររបស់វិទ្យុបារាំងថា តើលោកសង្ឃឹមថាតុលាការនឹងកោះហៅលោកអេឡិចឆាប់ៗនេះឬទេ? លោកថាចាំមើលលើទិដ្ឋភាពជាក់ស្តែង។

សូមបញ្ជាក់ថាលោកអេឡិច ត្រូវបានអាជ្ញាធរកម្ពុជាបណ្តេញចេញ និងចុះក្នុងបញ្ជីខ្មៅ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៥ ដោយមិនអាចវិលត្រឡប់ចូលមកកម្ពុជាវិញបានទេ។ លោក អាឡិចហ្សដ្រូ ហ្គន់ហ្សេលេស ដេវីតសុន (Alejandro GonZalez Davidson) ជនជាតិអេស្ប៉ាញ ដែលបានចូលមករស់នៅកម្ពុជាតាំងពីឆ្នាំ ២០០៦មក ជាប្រធានចលនាមាតាធម្មជាតិ គឺជាអ្នកចូលរួមការពារ ព្រៃឈើខ្មែរមួយរូបដ៏សកម្ម។ ទិដ្ឋាការស្នាក់នៅប្រទេសកម្ពុជារបស់លោកត្រូវបានផុតកំណត់កាលពីថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០១៥។ កន្លងមកនេះអាឡិចតែងតែដឹកនាំយុទ្ធនាការផ្សេងៗ ដើម្បីប្រឆាំងទៅនឹងគម្រោងសាងសង់ទំនប់វារីអគ្គិសនីនៅតំបន់អារ៉ែងក្នុងខេត្តកោះកុង។

កាលពីថ្ងៃទី២២ ខែសីហា លោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងក្រុមអង្គការសង្គមស៊ីវិលមួយចំនួនទៀត ដែលធ្វើការងារលើបរិស្ថាន និងធនធានធម្មជាតិ រួមទាំងប្រធានកិត្តិយសនៃចលនាមាតាធម្មជាតិ ព្រះតេជគុណ ព្រហ្ម ធម្មជាតិ ក៏បានចូលរួមក្នុងវេទិកានេះ ដើម្បីជជែកគ្នាពីការការពារ និងអភិរក្សធនធានធម្មជាតិ។ ក្នុងវេទិកានោះក៏មានការលើកឡើងពីការការពារតំបន់អារ៉ែង និងការធ្វើផ្លូវទៅកាន់តំបន់នោះផងដែរ។

កន្លងមកតុលាការខេត្តកោះកុងបានចោទប្រកាន់លោកអេឡិចពីបទផ្សំគំនិតក្នុងរឿងគំរាមកំហែង ដោយភ្ជាប់នឹងបញ្ជាអ្វីមួយ ទាក់ទងនឹងការយុទ្ធនាការទប់ស្កាត់ការបូមខ្សាច់នៅខេត្តកោះកុង។ ដោយឡែក សកម្មជនបីនាក់របស់អង្គការនេះ ក៏ត្រូវបានតុលាការខេត្តកោះកុង ឃុំខ្លួនរយៈពេល១០ ខែ និង១៥ថ្ងៃផងដែរ។ ពួកគេទាំងបីនាក់ត្រូវបានដោះលែង នៅថ្ងៃទី ១ កក្កដា ឆ្នាំ២០១៦ តែតុលាការបង្គាប់ឲ្យសងសំណងខូចខាតរួមគ្នាចំនួន១០០លានរៀល ទៅក្រុមហ៊ុនឯកជនមួយ។

ការដោះលែងសកម្មជនទាំងបីរួមមាន លោក ទ្រី សុវិគា លោកសាន់ ម៉ាឡា និងលោក ស៊ីម សំណាង។ បច្ចុប្បន្នអ្នកទាំងបីបានសម្រេចដាក់ពាក្យបណ្តឹងទៅសាលាឧទ្ធរណ៍ ដោយសារមិនពេញចិត្តនឹងការសម្រេចរបស់តុលាការខេត្តកោះកុង។ ប៉ុន្តែរហូតមកដល់ពេលនេះ មិនទាន់មានការកោះហៅពីសាលាឧទ្ធរណ៍ដើម្បីជំនុំជម្រះនៅឡើយទេ។ នេះបើតាមលោក សាន់ ម៉ាឡា៕

ប្រភព៖ RFI


ប្រធានចលនាមាតាធម្មជាតិជំរុញឲ្យតុលាការកោះហៅ ដើម្បីអាចត្រឡប់មកកម្ពុជា

ការវាយប្រហារលើអ្នកប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជាបង្កើតភាពតានតឹងដល់ខ្មែរនៅក្រៅប្រទេស

ប្រធានចលនាមាតាធម្មជាតិជំរុញឲ្យតុលាការកោះហៅ ដើម្បីអាចត្រឡប់មកកម្ពុជា

រដ្ឋមន្រ្តីការបរទេសកម្ពុជានិងថៃ នឹងជួបប្រជុំទ្វេភាគីនៅប្រទេសថៃក្នុងសប្តាហ៍នេះ