ខំ​បង្កើត​កម្មវិធី​ផឹកស៊ី​ឱ្យ​ត្រូវរ៉ូវ​គ្នា តែ​លើស​ដើម

ខេត្តពោធិ៍​សាត់​ ៖​ បុរស​ម្នាក់​ត្រូវ​ប៉ូ​លិស​ចាប់​វាយ​ខ្នោះ​ បន្ទាប់​ពី​មាន​ទំនាស់​ពាក្យ​សម្តី​គ្នា​ក្នុង​វង់​ផឹកស៊ី​ ហើយ​​វាយ​បងប្រុស​​ខ្លួន​ឯង​ប៉ុន្មាន​​ដងរែក ​បណ្ដាល​ឱ្យ​ទ្រោម​ខ្លួន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ​។

​​ហេតុការណ៍នេះ ​​កើតឡើង​កាលពី​ថ្ងៃ​ទី​២០​ សីហា​ ​២០១៦​វេលា​ម៉ោង​០៩ ​និង​២០​នាទី​យប់ ស្ថិត​នៅ​ភូមិ​ចំការ​ជ្រៃ​ខាងត្បូង​ ឃុំ​អន្លង់​រាបស្រុក​វាល​វែង ​ខេត្តពោធិ៍សាត់ ប៉ុន្តែ​ទើបតែ​ឃាត់ខ្លួន​នៅ​ថ្ងៃ​ទី​២២ ​សីហា​ តាម​​ពាក្យបណ្ដឹងបង​ប្រុសជា​ជន​រង​គ្រោះ​ ដែល​កំពុង​សំរាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្តពោធិ៍សាត់​។

​ជនសង្ស័យ​​ឈ្មោះ​យ៉ុ​ម គី​ម​ ភេទ​ប្រុស​ អាយុ​៣៦​ឆ្នាំ រីឯ​ជន​រង​គ្រោះ​ឈ្មោះ​យ៉ុ​ម ភា​ ​អាយុ​៥០​ឆ្នាំ ​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ជាមួយ​
គ្នា​។​ ជនសង្ស័យ​និង​ជន​រង​គ្រោះជា​បងប្អូន​បង្កើត​នឹង​គ្នា​ គ្រាន់តែ​មាន​ម្ដាយ​រួម​គ្នា​ ឪពុក​ផ្សេង​គ្នា ។ ​ហើយ​ពួក​គេ​ទាំង​ពីរ​នាក់​ មាន​ទំនាស់​គ្នា​អត់​និយាយ​រកគ្នា​ប៉ុន្មាន​ឆ្នាំ​មក​ហើយ​ ។​

កាលពី​យប់​ថ្ងៃ​ទី​២០​ សីហា​ នោះ​ បងប្អូន​ចង់​សម្របសម្រួល​ឲ្យ​អ្នក​ទាំង​ពីរ​និយាយ​រកគ្នា​ឡើង​វិញ ​ហើយ​បាន​បង្កើត​កម្មវិធី​ស៊ីផឹក​មួយ​នៅផ្ទះ​យ៉ុ​ម គី​ម​ (ជា​ប្អូន) ​។​ ការ​ផឹកស៊ី​នោះ ​មាន​គ្នា​ពី​៥​ ទៅ​​៦​នាក់​ដំណើរការ​តាំងពី​ព្រលប់​រហូត​ដល់​ម៉ោង​០៩ និង​២០​នាទី​យប់​ទើប​ចប់ ​។

​ពេល​អ្នក​ជិតខាង​ទៅ​ផ្ទះ​អស់​ បងប្អូន​បាន​ជួយ​និយាយ​សម្របសម្រួល​ឲ្យ​អ្នក​ទាំង​ពីរ​ត្រូវ​គ្នា​វិញ ប៉ុន្តែ​ពេល​ដែល​សម្របសម្រួល​នោះ​បែរជា​ពួក​គេ​ទាំង​ពីរ​ប្រកែក​យក​ត្រូវ​រៀងខ្លួន​។ ​ដោយសារ​តែ​មិន​ចុះចាញ់​រៀងខ្លួន​ គួប​ផ្សំ​នឹង​គ្រឿង​ស្រវឹង​ចូលខ្លួន​ផង​នោះ ​ជន​រង​គ្រោះ​ជា​បង​បាន​ជេរ​ម្រ៉ាយ​​​ប្អូន ​។​

ពេល​នោះ​ប្អូន​ខឹង ក៏​ទាញ​ដងរែក​សំពង​បង ​ត្រូវ​ក្បាល​និង​ខ្លួន​ជា​ច្រើន​ដំបង​ឡើង​ទ្រោម​ខ្លួន​ បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តពោធិ៍សាត់​ទាំង​យប់​។ ​ដោយ​ស្ថានភាព​ជំងឺ​ធ្ងន់ធ្ងរ​ខ្លាំង​ពេក ​ជន​រង​គ្រោះ​បាន​ប្ដឹង​ប៉ូ​លិស​ឲ្យ​ឃាត់ខ្លួន​ជនសង្ស័យ​នៅ​ថ្ងៃ​ទី​២២​បញ្ជូន​មក​កាន់​ស្នា​ង​ការដ្ឋាន​នគរបាល​ខេត្តពោធិ៍សាត់​តែ​ម្ដង​។