លោក​អភិបាលក្រុង​ជួយ​ផង ពឹង​មន្ត្រី​មូលដ្ឋាន​គ្មាន​សង្ឃឹម​ទេ

ខេត្តបាត់ដំបង ៖ ផ្ទាំង​ប៉ាណូ​ដ៏​ធំ​មួយ​កន្លែង​នៅ​ខាង​មុខ​សាកលវិទ្យាល័យ​បាត់បង ជាប់​ផ្លូវជាតិ​លេខ​៥ ក្នុង​សង្កាត់​ព្រែក​ព្រះស្ដេច ក្រុង​បាត់ដំបង បាន​ដាច់​រហែក​ធ្លាក់​រយ៉ៃ​ដោយសារ​កម្លាំង​ខ្យល់ កំពុង​បង្កក្ដី​បារម្ភ​យ៉ាង​ខ្លាំង​ដល់​អ្នកដំណើរ និង​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​នោះ ខណៈ​អាជ្ញាធរ​ក្រុង និង​មន្ត្រី​មូលដ្ឋាន ហាក់​ធ្វើ​មិនដឹងមិនឮ ។

ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​ផ្ទាំង​ប៉ាណូ​នោះ​បាន​ប្រាប់​ថា ផ្ទាំង​ប៉ាណូ​សម្រាប់​ផ្សាយពាណិជ្ជកម្ម​នោះ​បាន​ដាច់​រហែក​ជាង​កន្លះ​ខែ​មក​ហើយ តែ​គ្មាន​សមត្ថកិច្ច ឬ​មន្ត្រី​ណា​យក​ភ្នែក​មើល​ទេ បើ​ទោះជា​អ្នក​រត់​ម៉ូតូឌុប និង​ពលរដ្ឋ​មួយ​ចំនួន​បាន​ជំរាប​ជួន​ព័ត៌មាន​នេះ​ជា​បន្តបន្ទាប់​ក្ដី ។ ប្រភព​ដដែល​បន្ត​ថា ពេល​មាន​ភ្លៀង ឬ​ខ្យល់​ម្ដង​ៗ ពលរដ្ឋ​ដែល​នៅ​ក្បែរ​នោះ​មិន​ហ៊ាន​ចេញ​ក្រៅ​ផ្ទះ​ទេ រីឯ​អ្នក​រត់​ម៉ូតូឌុប​ក៏​មិន​ហ៊ាន​នៅ​ក្បែរ​នោះ​ដែរ ព្រោះ​ខ្លាច​ផ្ទាំង​ប៉ាណូ​របើក​ដែក​ធ្លាក់​លើ ។ ពួក​គេ​ពិតជា​មានការ​បារម្ភ​ខ្លាំង​ណាស់​អំពី​ការ​ប្រឈម​នឹង​គ្រោះថ្នាក់​ដោយសារ​តែ​ប៉ាណូ​មួយ​ផ្ទាំង​នេះ ។

បុរស​ម្នាក់​ដែល​តែង​រត់​ម៉ូតូឌុប​ឆ្លងកាត់​ទីនោះ​បាន​និយាយ​ថា ដំបូង​គេ​ឃើញ​ផ្ទាំង​ប៉ាណូ​នោះ​របើក​ផ្នែក​ខាងកើត​បន្តិច​ទេ ប៉ុន្តែ​ថ្មី​ៗ​នេះ​ដោយសារ​ខ្យល់​ខ្លាំង ស្រាប់តែ​របើក​កាន់តែ​ធំ​ឡើង​ៗ ហើយ​បន្ត​របើក​នៅ​ផ្នែក​ខាងលិច​ទៀត ដែល​ធ្វើ​ឲ្យ​អ្នកដំណើរ និង​អ្នក​នៅ​ក្បែរ​នោះ​កាន់តែ​ព្រួយបារម្ភ​ថែម​ទៀត ។ អ្នក​រត់​ម៉ូតូឌុប​រូប​នេះ​បាន​បន្ត​ថា ពលរដ្ឋ​ធ្លាប់​ផ្ដល់​ព័ត៌មាន​នេះ​ទៅ​អាជ្ញាធរ​ភូមិ សង្កាត់​ដែរ ដើម្បី​ឲ្យ​ជួយ​ពិនិត្យ និង​កែស​ម្រូ​ល តែ​គ្មាន​មន្ត្រី​ណាមួយ​ធ្វើ​ដឹង​ឮ​ទេរ​ហូត​មក​ដល់​ពេល​នេះ ខណៈ​ផ្ទាំង​ប៉ាណូ​នោះ​ដាច់​រហែក​ធ្លាក់​កាន់តែ​ធំ​ឡើង​ៗ ស្ទើរតែ​មិន​ហ៊ាន​នៅ​ក្បែរ ។

ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​ផ្ទាំង​ប៉ាណូ ក៏​ដូច​ជា​អ្នកដំណើរ សិស្ស និស្សិត ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់​ក្រោម​ផ្ទាំង​ប៉ាណូ​ដ៏​គ្រោះថ្នាក់​នេះ បាន​សំណូមពរ​យ៉ាង​ទទូច​ដល់​លោក​អភិបាលក្រុង​បាត់ដំបង ឬ​មន្ត្រី​ពាក់ព័ន្ធ មេត្តា​ជួយ​ចុះ​ពិនិត្យ​ផ្ទាំង​ប៉ាណូ​រហែក​រយ៉ៃ​នេះ​ផង ព្រោះ​អំឡុង​ពេល​នេះ​ជា​រដូវភ្លៀង​ធ្លាក់ និង​មាន​ខ្យល់​កន្ត្រាក់​ខ្លាំង​ផង ធ្វើ​ឲ្យ​ផ្ទាំង​ប៉ាណូ​មួយ​នេះ​រហែក​ធ្លុះធ្លាយ​កាន់តែ​ខ្លាំង​ឡើង​ៗ និង​អាច​របើក​ធ្លាក់​លើ​ផ្ទះ​ប្រជាពលរដ្ឋ ឬ​ធ្លាក់​លើ​អ្នកដំណើរ​បង្ក​គ្រោះថ្នាក់​ជាយថាហេតុ​ជា​បាន ។ ដូច្នេះ​សូម​លោក​អភិបាលក្រុង​ជួយ​អន្តរាគមន៍​រឿង​កំប៉ិកកំប៉ុក​នេះ​ជា​បន្ទាន់​ផង ព្រោះ​បើ​ពឹង​លើ​មន្ត្រី​តូចតាច នៅ​ក្នុង​មូល​ដ្ធា​ន​ដូច​ជា​គ្មាន​សង្ឃឹម​ទេ ៕