ល្បិចរកលុយដ៏កខ្វក់ ត្រូវអស់លក្ខណ៍

រាជធានី​ភ្នំពេញ​ ៖ ​ជន​កំហូច​​២​នាក់​ ដែល​មាន​ជំនាញ​ពូកែ​ខាង​បោក​លុយ​គេ​តាម​ប្រព័ន្ធ​វី​ង​នោះ​ ត្រូវ​​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ផ្ដន្ទាទោស​ កាលពី​​ព្រឹក​ថ្ងៃ​ទី​២៣ ​សីហា​ ​បន្ទាប់​ពី​កម្លាំង​អាវុធ​​ខណ្ឌ​ច្បារ​អំពៅ​ បាន​រៀប​អន្ទាក់​ចាប់​ជន​កំហូច​ទាំង២​នាក់​ ដែល​ពូកែ​​​បោក​លុយ​គេ​ជា​ច្រើន​នាក់​តាម​ប្រព័ន្ធ​វី​ង​ជា​ញឹកញាប់ ​កាលពី​ល្ងាច​ថ្ងៃ​ទី​២១​ សីហា​ ​២០១៦​ ស្ថិតនៅ​​មុខ​​សាលា​បឋម​សិក្សារ​ច្បារ​អំពៅ​ទី​១ ក្នុងភូមិ​ដើម​អំពិល សង្កាត់​ច្បារ​អំពៅ​១ ខណ្ឌ​ច្បារ​អំពៅ ​។​

ការ​ចាប់ខ្លួនជនសង្ស័យ ​បន្ទាប់​ពី​មាន​ពាក្យបណ្ដឹង​របស់​ជន​រង​គ្រោះ ​ដែល​ធ្លាប់​អស់ប្រាក់​ក្នុង​ល្បិច​កល​ទុច្ចរិត​នោះ​​ ។

មន្ត្រី​កង​រាជអាវុធហត្ថ​រាជធានី​បានឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២៣​ សីហា​ ​​ថា​ មុន​ពេល​ឈាន​ដល់​ការ​ចាប់ខ្លួន​ជន​កំហូច​ខាងលើ​នោះ ​គឺ​នៅ​វេលា​ម៉ោង​១១​ និង​៤០​នាទី​ថ្ងៃ​ទី​២២​ សីហា​ ​​ជន​​ទាំង​​២​នាក់​ដែល​កម្លាំង​អាវុធហត្ថ​ខណ្ឌ​ច្បារ​អំពៅ​ចាប់ខ្លួន​បានភ្លាម​នោះ​ ជា​មុខសញ្ញា​ចាស់​ធ្លាប់​ធ្វើ​សកម្មភាព​ច្រើន​ដង​ហើយ​ ដែល​ប្រើ​ល្បិច​កល​ទុច្ចរិត​ក្នុង​ការ​ឆរ​បោក​លុយ​ពី​ជន​រង​គ្រោះ ​និង​អ្នក​ដទៃ​ទៀត​មិន​តិច​នាក់​នោះ​ទេ ។

​ទី​១-ឈ្មោះសាន ពៅ ភេទប្រុស អាយុ២៦​ឆ្នាំ​ ជាកម្មករ​សំណង់ មាន​ទីលំនៅផ្ទះ​ជួលម្តុំ​លូ​ប្រាំ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌ​មាន​ជ័យ​និងទី​២-ឈ្មោះ​ឈូក ប៊ុ​ន​ថន ភេទប្រុស អាយុ​២៤​ឆ្នាំ មុខរបរមិន​ពិតប្រាកដ មាន​ទំ​នៅផ្ទះ​ជួលម្តុំ​ដី​ថ្មី សង្កាត់​ស្ទឹង​មាន​ជយ ខណ្ឌ​មានជ័យ ។

​​ដំណើររឿង​នោះ​ ​គឺនៅ​​មុន​ពេល​ឃាត់ខ្លួន​ជន​​ទាំង​២​នាក់​ប្រមាណ​ជា​​៣​ថ្ងៃមុន ជន​កំហូច​បាន​បន្លំ​ខ្លួន​ធ្វើ​ជា​ប្អូន​ជន​រង​គ្រោះ​ឈ្មោះ​
ជូ ភាព ហើយ​បាន​ទូរស័ព្ទ​មក​សុំ​លុយ​ជន​រង​គ្រោះ​បាន​ចំនួន​៩០​ម៉ឺន​រៀល ​ដោយ​ផ្ញើតាម​វី​ង ​ដើម្បី​ឱ្យ​​ថ្លៃ​ពេទ្យ​ព្រោះ​មាន​គ្រោះថ្នាក់​។ ក្នុងសភាព​​​ស្លន់ស្លោរ និង​មិន​បាន​គិត​វែង​ឆ្ងាយ ​ជន​រង​គ្រោះ​វេ​រលុយ​ឲ្យ​តែ​ម្តង ។​

លុះ​មក​ដល់​ថ្ងៃ​ទី២១ សីហា ជនសង្ស័យ​ខាងលើ ​ក៏​បាន​តេ​មក​ជន​រង​គ្រោះ​ ដើម្បី​សុំ​លុយ​ចំនួន​២០០$​បន្ថែម​ទៀត ដោយ​អោយ​ផ្ញើ​តាម​វី​ង​​ដដែល​។ ដោយ​ការ​សង្ស័យ​ ពីព្រោះ​កន្លង​មក​ជន​រង​គ្រោះ ​បាន​ផ្ញើរ​តាម​ឡាន​តាក់ស៊ី​នោះ​ ក៏​ទូរ​សព្ទ​រាយការណ៍​មក​សមត្ថ​កិច្ចអាវុធហត្ថ​ខណ្ឌ​ច្បារ​អំពៅ អំពី​ហេតុការណ៍​នោះ ​។​

បន្ទាប់​មក​ ត្រូវ​កំលាំងអាវុធហត្ថ​បាន​ចាត់វិធានការ​ណ៍​រៀបចំ​អន្ទាក់​រហូត​ឃាត់ខ្លួន​ជន​កំហូច​ទាំង​ពីរ​នាក់ ​ពេល​ទៅ​បើក​លុយ​វី​ង​នៅ​ចំណុច​ខាងលើ​នោះ​តែ​ម្តង​ ។​

បន្ទាប់​ពី​មាន​ចម្លើយ​សារភាព ​និង​វត្ថុ​តាង​គ្រប់គ្រាន់​ហើយ​នោះ​កម្លាំង​អាវុធហត្ថ​រាជធានី​បាន​កសាង​សំណុំរឿង​បញ្ជូន​ពួក​គេ​ទាំង​ពីរ​នាក់​ទៅ​តុល​ការ​ថ្កោលទោស ។