CAS ​កាត់​ក្ដី​ឱ្យ​ភ្នំពេញ​ក្រោន ​បាន​ទៅ​លេង​ AFC Cup 2017 ​នៅ​ឆ្នាំ​ក្រោយ​វិញ

ក្លឹប​ភ្នំពេញ​ក្រោន​នឹង​បាន​ទៅ​លេង​​វគ្គ Playoff​ ក្នុង​ពាន​រង្វាន់ AFC Cup 2017 ​បន្ទាប់​ពី​ស្ថាប័ន Court of Arbitration for Sport (CAS) នៅ​ប្រទេស​ស្វីស ​បាន​កាត់​ក្ដី​ឱ្យ​ក្រោន​ឈ្នះ​បណ្ដឹង​ទៅ​លើ​សហព័ន្ធ​កីឡា​បាល់​ទាត់អាស៊ី ​AFC ​។

 

CAS ​កាត់​ក្ដី​ឱ្យ​ភ្នំពេញ​ក្រោន ​បាន​ទៅ​លេង​ AFC Cup 2017 ​នៅ​ឆ្នាំ​ក្រោយ​វិញ

 

កាល​ថ្ងៃ​ទី​២០ ​ខែ​ឧសភា ​ឆ្នាំ​២០១៦ ​កន្លង​ទៅ ​សហព័ន្ធ​កីឡាបាល់ទាត់អាស៊ី ​(AFC) ​បាន​ប្រកាស​ថា ​ក្លឹប​ភ្នំពេញក្រោន ​ត្រូវ​បាន​ដក​សិទ្ធិ​ក្នុង​ការ​ចូលរួម​ប្រកួត​ពានរង្វាន់​ AFC Cup 2017​ បើ​ទោះ​បី​ជា​ក្លឹប​នេះ​គឺ​ជា​ជើង​ឯក​លីគ​កំពូល​នៃប្រទេសកម្ពុជា​ឆ្នាំ​២០១៥ ក៏​ដោយ។​

 

ក្រោយ​ការប្រកាស​នេះ ក្លឹបភ្នំពេញក្រោន​ បាន​ធ្វើការ​ប្តឹងជំទាស់​នឹង​សេចក្តី​សម្រេច​របស់​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ី AFC ​ទៅ​កាន់​ស្ថាប័ន​ Court of Arbitration for Sport (CAS) ​នៅ​ប្រទេស​ស្វីស​ កាល​ពី​ថ្ងៃ​ទី​៣ ​ខែ​មិថុនា ​ឆ្នាំ២០១៦។

 

CAS ​កាត់​ក្ដី​ឱ្យ​ភ្នំពេញ​ក្រោន ​បាន​ទៅ​លេង​ AFC Cup 2017 ​នៅ​ឆ្នាំ​ក្រោយ​វិញ

 

​ឆ្លង​កាត់​ការ​ពិនិត្យ​ស៊ើបអង្កេត​យ៉ាង​ដិតដល់ ​ស្ថាប័ន​ CAS ​ដែល​មាន​ទីស្នាក់ការ​នៅ​ទីក្រុង Lausanne ប្រទេស​ស្វីស ​បាន​ចេញ​សេចក្តី​សម្រេច​មួយ​កាល​ថ្ងៃ​ទី១៩ ខែ​សីហា ​ឆ្នាំ២០១៦ ថ្មី​ៗ​នេះ ​ដោយ​បាន​ច្រានចោល​សេចក្តី​សម្រេច​របស់​សហព័ន្ធ​កីឡាបាល់ទាត់អាស៊ី ​AFC ​ហើយ​បាន​តម្រូវ​ឲ្យ​ AFC ផ្តល់​សិទ្ធិ​ទៅ​ឲ្យ​ក្លឹបភ្នំពេញក្រោន​ជា​ផ្លូវការ​វិញ​ដើម្បី​ចូលរួម​ក្នុងការប្រកួត ​AFC Cup 2017។

 

ក្លឹប​បាល់ទាត់​ភ្នំពេញ​ក្រោន​នឹង​ត្រូវ​អនុញ្ញាតិ​ឲ្យ​ចូល​រួម​ប្រកួត ​AFC Cup ​វគ្គ​ Playoff Stage ដែល​អាច​នឹង​ធ្វើ​ឡើង​នៅ​ខែ​កុម្ភៈ ​ឆ្នាំ​២០១៧ ខាងមុខនេះ៕

 

ដូច្នេះ​មាន​ន័យ​ថា​កម្ពុជា មាន​២​ក្លឹប​ដែល​អាច​នឹង​ទៅ​លេង​ AFC Cup ​ពោល​គឺ​ណាហ្គាវើល​ដែល​កំពុង​លេង​វគ្គ​ជម្រុះ​បឋម​នៅ​ម៉ុងហ្គោលី ​និង​ភ្នំពេញ​ក្រោន​ដែល​បាន​ជាប់​ទៅ​លេង​វគ្គ​ចែក​ពូល​តែ​ម្ដង​នៅ​ឆ្នាំ​ក្រោយ៕

 

អត្ថបទ៖ មុន្នី រម្យ
ប្រភព៖ ភ្នំពេញ​ក្រោន