កូរ៉េ​ខាង​ជើង​បាញ់​សាកល្បង​មីស៊ីល​ឆ្លង​ទ្វីប ពី​នាវា​មុជ​ទឹក នៅ​ព្រឹក​នេះ

ប្រទេស​កូរ៉េ​ខាង​ជើង​បាន​បាញ់​គ្រាប់​មីស៊ីល​ឆ្លង​ទ្វីប ចេញ​ពី​នាវា​មុជ​ទឹក​មួយ​គ្រឿង នៅ​វេលា​ម៉ោង ៧ និង ៣០​នាទី​ព្រឹក (ម៉ោង​នៅ​កម្ពុជា) ថ្ងៃ​ពុធ ទី​២៤ ខែ​សីហា ឆ្នាំ​២០១៦ នេះ ដែល​កំពុង​ទទួល​បាន​ការ​ថ្កោល​ទោស​ពី​សហរដ្ឋអាមេរិក។ គ្រាប់​មីស៊ីល KN-១១ បាន​បាញ់​ចេញ​ពី​ឆ្នេរ​សមុទ្រ នៃ​ទីក្រុង Sinpo ដោយ​ហោះ​បាន​ចម្ងាយ​ប្រមាណ​ជា ៥០០​គីឡូម៉ែត្រ មុន​ពេល​ធ្លាក់​ចូល​ទៅ​ក្នុង​សមុទ្រ​ជប៉ុន។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​មន្រ្តី​អាមេរិក។

 

កូរ៉េ​ខាង​ជើង​បាញ់​សាកល្បង​មីស៊ីល​ឆ្លង​ទ្វីប ពី​នាវា​មុជ​ទឹក នៅ​ព្រឹក​នេះ

 

មន្រ្តី​យោធា​បាន​បន្ថែម​ថា មាន​សញ្ញា​នៃ​បច្ចេកវិទ្យា​ថ្មី​ប្រសើរ​ជាង​មុន បើ​ប្រៀប​ធៀប​ទៅ​នឹង​ការ​បាញ់​សាកល្បង​របស់​កូរ៉េ​ខាង​ជើង​ពី​មុន។ គួរ​បញ្ជាក់​ថា កូរ៉េ​ខាង​ជើង ធ្លាប់​បាន​បាញ់​សាក​ល្បង​គ្រាប់​មីស៊ីល​ចេញ​ពី​នាវា​មុជ​ទឹក កាល​ពី​ខែ​កក្កដា ប៉ុន្តែ​បាន​សន្និដ្ឋាន​ថា​ទទួល​បរាជ័យ ដោយ​ផ្អែក​លើ​ការ​វិភាគ​ផ្លូវ​របស់​គ្រាប់​មីស៊ីល​នោះ។

 

ទីភ្នាក់ងារ​សារព័ត៌មាន Yonhap របស់​កូរ៉េ​ខាង​ត្បូង បាន​និយាយ​ថា គ្រាប់​មីស៊ីល​នោះ​បាន​ធ្លាក់​ក្នុង​តំបន់​ការពារ​ដែន​អាកាស​របស់​ប្រទេស​ជប៉ុន (Air Defence Identification Zone)។ កូរ៉េ​ខាង​ជើង ត្រូវ​បាន​គេ​ជឿ​ជាក់​ថា កំពុង​តែ​អភិវឌ្ឍ​អាវុធ​នុយក្លេអ៊ែរ ដែល​មាន​ការ​ហាម​ឃាត់​ពី​សហរដ្ឋអាមេរិក មិន​ឲ្យ​ប្រើ​ប្រាស់​ឡើយ។

 

ក្រសួង​ការបរទេស​អាមេរិក បាន​និយាយ​ថា ការ​បាញ់​សាកល្បង​នេះ និង​ពី​មុន ទទួល​បាន​ការ​ថ្កោល​ទោស ហើយ​បង្កើន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង ពី​អង្គការ​សហប្រជាជាតិ (UN)៕

 

ប្រែសម្រួល ៖ សេង ឡុង
ប្រភព ៖ BBC & NHK