ជីវិត​ពិត​ពី​យុវតី​ពិការ​ម្នាក់​ប្រលង​បាក់​ឌុប​នៅ​ខេត្ត​តាកែវ

ជីវិត​ពិត​ពី​យុវតី​ពិការ​ម្នាក់​ប្រលង​បាក់​ឌុប​នៅ​ខេត្ត​តាកែវ

 

ប៉ុន្មាន​ថ្ងៃនេះ​ប្រិ​យ​មិត្ត​ជាច្រើន​ក្នុង​បណ្តាញ​សង្គម មានការ​ភ្ញាក់ផ្អើល​លាយ​ឡំ​នឹង​ទឹកចិត្ត​អាណិតអាសូរ​ដល់​យុវតី​មួយរូប​ប្រលង​បាក់​ឌុប​នៅ​មណ្ឌល​សុខ​អាន ១ឧសភា ​ស្រុក​ត្រាំកក់​ខេត្តតាកែវ តែមាន​មនុស្ស​តិចតួច​ណាស់​ដែល​បានដឹង​ពី​ជីវិត​ពិត​របស់​យុវតី​អភ័ព្វ​ម្នាក់នេះ​ទេ។
 

អ្នកស្រី ​លី អ៊ា ម្តាយ​របស់​យុវតី​ អ៊​ក ស្រីមុំ​ ជា​សិស្ស​មកពី​សាលា​សន្ត​ហ្វ្រ​ង់​ស្វ​រ័​បាន​ប្រាប់ ​Sabayថា៖ “កូនស្រី​ខ្ញុំ​ម្នាក់នេះ​មាន​កាយសម្បទា​ពិការ​មែន ​ប៉ុន្តែ​នាង​មាន​បញ្ញា​ឈ្លាសវៃ​ក្នុង​ការសិក្សា​ចាប់តាំងពី​រៀន​នៅ​បឋមសិក្សា​រហូតដល់​វិទ្យាល័យ​នាង​ទទួលបាន​ចំណាត់ថ្នាក់​ល្អ​រហូត​ក្លាយជា​សិស្ស​ពូកែ​ប្រចាំ​សាលា​រៀងរាល់ឆ្នាំ។”
 

សូមចុចអាន៖ សិស្ស​បាក់​ឌុប​ឆ្នាំ​នេះ​ថា​គណិតវិទ្យា​ពិបាក​ខ្លាំង តែ​សង្ឃឹម​ជាប់​ច្រើន

 

ជីវិត​ពិត​ពី​យុវតី​ពិការ​ម្នាក់​ប្រលង​បាក់​ឌុប​នៅ​ខេត្ត​តាកែវ

ម្ដាយ និង កូន (រូបថត៖ ទូរសព្ទដៃ)

 

ស្ត្រី​មេម៉ាយ​រូប​នេះ​បាន​រម្លឹក​ពី​ជីវិត​អភ័ព្វ​កូនស្រី​ថា ​នាង​ជា​កូន​ទី៣ហើយ​ក្នុងចំណោម​កូន៤នាក់​មានតែ​នាង​ម្នាក់​ទេ​ដែល​មាន​កាយសម្បទា​ដូចនេះ​តាំងពី​កំណើត​មក ហើយ​បដិសេធ​ន៏​មិន​ព្រម​ចូលរៀន​រហូតដល់​អាយុ៨ឆ្នាំ​ ដោយ​តែ​ខ្លាច​មិត្ត​ភក្ដិ​សើចចំអក​អោយ​ខ្លួន។

 

ប៉ុន្តែ​ស្រីមុំ​មានការ​ផ្លាស់ប្ដូរ​រការ​គិត​ទាំងស្រុង​ក្រោយពី​ទទួល​បាន​ការ​លើកទឹកចិត្ត​ពី​អ្នកគ្រូ​ពិការ​ម្នាក់​នៅ​មណ្ឌល​ជន​ពិការ​ខេត្តតាកែវ (International Handicap) ខណៈ​នាង​មកសុំ​រទេះរុញ​ពី​មណ្ឌល​នេះ​យកទៅ​ប្រើ។ ពេលនោះ​ហើយ​ដែល​ស្រីមុំ​ក្លាយ​ពី​ក្មេង​ម្នាក់​ដែល​ធ្លាប់តែ​ខ្លាច​សាលា​មិន​ហ៊ាន​ចូល​ជិត​មិត្តភក្ត័ ប្រែ​ទៅជា​ក្មេង​ម្នាក់​ចង់​ចេះ​ចង់ដឹង​រហូត​រំអុកអោយ​ម្តាយ​នាំទៅ​ចុះឈ្មោះ​ចូលរៀន​នៅ​សាលាបឋមសិក្សា​អង្គ​រនាប។ សិក្សា​នៅទីនេះ​រហូតដល់​ថ្នាក់​ទី៧ទើប​ស្រីមុំ​ប្រលង​ជាប់​ទៅ​រៀន​នៅ​សាលា​សន្ត​ហ្វ្រ​ង់​ស្វ័​រ​ខាងលិច​ថ្នល់​បែក​គូស។ សាលា​នេះ​ប្រលង​ជាប់​ទើប​មាន​សិទ្ធ​ចូលរៀន។

 

“នៅ​ឆ្នាំ​ដំបូង​ម្តាយ​ខ្ញុំ​ជួល​ម៉ូតូឌុប​ជូនទៅ​មក​អស់៩០ម៉ី​ន​រៀល ដើម្បី​ងាយស្រួល​ក្រោយមក​ក៏​ផ្លាស់​ទៅ​នៅ​មណ្ឌល​កុមារកំព្រារ​ហៅថា​មណ្ឌល​សុខសាន្ត​ដែលមាន​ចម្ងាយ​ជាង១គីឡូម៉ែត្រ​ពីសា​លា។ជីវិត​នៅ​មណ្ឌល​នេះ​ខ្ញុំ​មាន​ភាពកក់ក្តៅ​ច្រើន ទទួលបាន​នូវ​បទពិសោធ​ន៏​គ្រប់បែបយ៉ាង ហើយ​អាច​សម្របសម្រួល​រាល់​បញ្ហា” ។ ស្រីមុំ​និយាយ។

 

ជីវិត​ពិត​ពី​យុវតី​ពិការ​ម្នាក់​ប្រលង​បាក់​ឌុប​នៅ​ខេត្ត​តាកែវ

 

ដោយសារ​តែមាន​គោលដៅ​ជីវិត​ច្បាស់លាស់ ​និង​សម្លឹងមើល​ពិភពលោក​ដោយ​ក្តីសង្ឃឹម  ស្រីមុំ​ប្រឹងប្រែង​រៀនសូត្រ​ដោយ​មិន​គិតពី​ការលំបាក​រហូត​ទទួលបាន​ការគោរព​ស្រលាញ់​ពី​លោកគ្រូ អ្នកគ្រូ​រួមទាំង​មិត្ត​ភ​ក្ត័​ ដែល​ទទួលស្គាល់ថា​នាង​ជា​សិស្ស​ឆ្នើម​ប្រចាំ​សាលា។ ទោះបីយ៉ាងណា​ក្តីស្រម័យ​របស់​ស្រីមុំ​ក្រោយពេល​ប្រលង​ចប់​បាក់​ឌុប ​គឺ​ចង់​រៀន​ផ្នែក​ធនាគារ​ ឬ​ព័ត៌មាន​វិទ្យា។ “ខ្ញុំ​មាន​ក្តី​សុ​បិ​ន្ត ចង់​ធ្វើការ​ខាង​ធនាគារ ​រឺ​អង្គការក្រៅរដ្ឋាភិបាល​ណាមួយ” ។ ស្រីមុំ​បញ្ជាក់៕

 

ជីវិត​ពិត​ពី​យុវតី​ពិការ​ម្នាក់​ប្រលង​បាក់​ឌុប​នៅ​ខេត្ត​តាកែវ

 

 

អត្ថ​ប​ទៈ ជិន វេន
រូប​ថ​តៈ​ទូ​រស​ព្ឌ័​ដៃ