ចាន់​ធឿន ​គ្មាន​ម្រាមដៃ​សូម្បី​តែមួយ​ជម្នះ​ការ​ប្រឡង​ចង់បាន​អាហារូបករណ៍​ព័ត៌មានវិទ្យា

ចាន់​ធឿន ​គ្មាន​ម្រាមដៃ​សូម្បី​តែមួយ​ជម្នះ​ការ​ប្រឡង​ចង់បាន​អាហារូបករណ៍​ព័ត៌មានវិទ្យា

 

កា​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​បានបញ្ចប់​ទៅហើយ កាលពី​ម្សិល​ម៉ិ​ញ ប៉ុន្ដែ​ថ្ងៃ​នេះ Sabay ចង់បង្ហាញ​ដល់​ប្រិយមិត្ត​ពី​ទឹកចិត្ត​ដ៏​ក្លៀវក្លា​របស់​បេក្ខជន​ម្នាក់ ដែល​ដៃ​របស់គាត់​ពុំមាន​ម្រាម​សម្រាប់​សរសេរ​អក្សរ ឬ​លេខ​ទេ តែ​ប្រើ​ដៃ​កំបុត​ទាំងពីរ​របស់គាត់ ព្យាយាម​សរសេរ​កិច្ច​ការប្រឡង​របស់គាត់​បាន​យ៉ាង​ល្អ។

 

ចាន់​ធឿន ​គ្មាន​ម្រាមដៃ​សូម្បី​តែមួយ​ជម្នះ​ការ​ប្រឡង​ចង់បាន​អាហារូបករណ៍​ព័ត៌មានវិទ្យា

 

ជុន ចាន់​ធឿន ជា​បេក្ខជន​មកពី​វិទ្យាល័យ​ព្រះបិតា​ថវិការ​ជាតិ ប្រឡង​នៅ​មណ្ឌល​វឌ្ឍនៈ​វិជ្ជា និង​មាន​លំនៅ​ភូមិ​ដំណាក់​កន្ទួត ឃុំ​ដំណាក់​កន្ទួត​ខាងត្បូង ស្រុក​កំពង់ត្រាច ខេត្តកំពត។ សិស្ស​ខាងលើនេះ មិន​ត្រឹមតែ​ពិការ​តែ​ដៃ​ទេ តែ​ជើង​របស់គាត់​ក៏​គ្មាន​ម្រាម​ដែរ ថែមទាំង​មាន​ស្លាកស្នាម​លើ​ផ្ទៃមុខ​ខ្លះ​ដែរ។

 

លោក​ឆាយ សុ​ផុន ជា​ឪពុក​របស់​យុវ​សិស្ស​រូបនេះ បាន​រម្លឹក​ពី​ប្រវត្តិ​ដែល​នាំ​ឲ្យ ចាន់​ធឿន​ក្លាយខ្លួន​ទៅជា​បែបនេះ​ថា ដំបូង​ចាន់​ធឿន ជា​ក្មេង​មាន​កាយសម្បទា​គ្រប់គ្រាន់​ដូច​ក្មេង​ធម្មតា​ដែរ តែ​នៅ​អាយុ​ជាង ១ខួប ពេលដែល​ចាន់​ធឿន​ចេះ​ដើរតិចៗក៏បាន​ដួល​ចូល​ភ្លើង​ក្នុង​ឆ្នាំ១៩៩៨ ។ ក្រោយ​សម្រាក​ព្យាបាល និង​តាមដាន​អាកា​រៈ​នៅ​មន្ទីរពេទ្យ​គន្ធរ​បុប្ផា​ប្រមាណ​ជា១៥ថ្ងៃ​រួចមក ដៃជើង​របស់​ចាន់​ធឿន មិន​ស្តារឡើងវិញ​បាន ព្រោះ​ម្រាមដៃ​ទាំងអស់​បាន​រលួយ និង​ស្វិត បើ​ទុក​ក៏​មិនអាច​ប្រើការ​បាន ហើយ​ដើម្បី​អាច​ប្រើការ ទើប​គ្រូពេទ្យ​ស​ម្រ​ច​ច្រឹប​ម្រាម​ស្វិត​នោះ​ចោល។ ពេល​ចូលរៀន ចាន់​ធឿន​បាន​ប្រើ​បាតដៃ ដែល​មើលទៅ​ដូចជា​កដៃ​រៀន​សរសេរ អក្សរ ឬ​លេខ​រហូតដល់​ស្ទាត់ជំនាញ។

 

ចាន់​ធឿន ​គ្មាន​ម្រាមដៃ​សូម្បី​តែមួយ​ជម្នះ​ការ​ប្រឡង​ចង់បាន​អាហារូបករណ៍​ព័ត៌មានវិទ្យា

 

បច្ចុប្បន្ន ចាន់​ធឿន ប្រើ​ដៃ​កុត​ទាំងសងខាង​កៀប​ប៊ិច ដើម្បី​សរសេរ​បាន។  សិស្ស​អភ័ព្វ​រូបនេះ​បាន ប្រាប់ Sabay ថា គាត់​ស្រលាញ់​មុខវិជ្ជា​ព័ត៌មានវិទ្យា​ជាខ្លាំង និង​ចង់​រៀន​ជំនាញ​នេះ​នៅ​ថ្នាក់​សាកលវិទ្យាល័យ ប៉ុន្តែ​មិនទាន់​ដឹងថា លទ្ធផល​នឹង​ទៅជា​យ៉ាងណា តែ​ប្អូន​ធ្វើបាន​ច្រើន​ដែរ ម្យ៉ាង​ស្ថានភាព​ជីវភាព​របស់​ប្អូន​មិនជា​ធូ​ធារ ព្រោះ​ក្រៅពី​រូប​ប្អូន គាត់​ក៏​នៅមាន​ប្អូនស្រី​ម្នាក់ទៀត​ស្ថិត​រៀន​ថ្នាក់​ទី១០ ខណៈ​បងប្រុស​ច្បង​មិនបាន​បន្ត​ការសិក្សា​នៅ​សាកលវិទ្យាល័យ​ទេ ក្រោយពី​បានបញ្ចប់​ថ្នាក់​ទី១២ ។

 

ចាន់​ធឿន ​គ្មាន​ម្រាមដៃ​សូម្បី​តែមួយ​ជម្នះ​ការ​ប្រឡង​ចង់បាន​អាហារូបករណ៍​ព័ត៌មានវិទ្យា

 

តាមរយៈ Sabay ចាន់​ធឿន សូម​អំពាវនាវ​ដល់​ស​ប្បុរ​សជន សូមជួយ​ប្អូន​ឲ្យ​សម្រេច​នូវ​គោលបំណង​របស់​ប្អូន​ផង។ លេខ​ទូរស័ព្ទ​ឪពុក​របស់​ចាន់​ធឿន 017  49 45 30។

 

ចាន់​ធឿន ​គ្មាន​ម្រាមដៃ​សូម្បី​តែមួយ​ជម្នះ​ការ​ប្រឡង​ចង់បាន​អាហារូបករណ៍​ព័ត៌មានវិទ្យា

 

ដើម្បី​ជ្រាប​ច្បាស់​ថា ប្អូន​សរសេរ​អក្សរ​យ៉ាងដូចម្តេច សូម​ទស្សនា​វីដេអូ។

 

អត្ថបទ៖ គីម សាយ