អ្នកស្រី​វី​រៈ តារា ចិត្ត​ចង់​មក​រស់នៅ​ស្រុក​កំណើត ប៉ុន្តែ​ជាប់​ភារៈ​មើលថែ​កូនចៅ​នៅ​បារាំង

រាជធានី​ភ្នំពេញ​៖ តារាភាពយន្ត​ល្បីឈ្មោះ​ជំនាន់​ទស​វត្ស​ទី​៦០-៧០ អ្នកស្រី​វី​រៈ តារា បាន​មក​ប្រទេស​កម្ពុជា​ដើម្បី​ចូលរួម​កម្មវិធី «​មួយ​ម៉ឺន​អាល័យ​» ដែល​ចាក់​បញ្ចាំង​ខ្សែភាពយន្ត​ជំនាន់​អ្នកស្រី​នោះ ។

ប្រ​សិន​សាមីខ្លួន​មិន​ប្រាប់​ពី​អាយុ គឺ​នឹក​ស្មានថា​អ្នកស្រី​វី​រៈ តារា មាន​វ័យ​ត្រឹមតែ​៥០​ឆ្នាំ​ប៉ុណ្ណោះ តែ​ការណ៍​ពិត​មាន​វ័យ​ជិត​៧០​ឆ្នាំទៅ​ហើយ ។ អ្នកស្រី​វី​រៈ តារា នៅ​តែ​ស្រស់​ស្អាត​បែប​វ័យ​ចំណាស់​និង​មាន​អត្ត​ចរិត​សមសួន​ជា​ស្ត្រី​ខ្មែរ​តាំងពី​ការ​និយាយ​ស្តី ។ អ្នកស្រី​វី​រៈ តារា មក​ប្រទេស​កំណើត​នេះ​ក្នុង​រយៈពេល​១​ខែ ហើយ​ប្រសិនបើ​មាន​ពេល​គ្រប់គ្រាន់​អាច​បង្ហាញ​វត្តមាន​តាម​បណ្តា​ស្ថានីយទូរទស្សន៍​នានា ។

បញ្ជាក់​ប្រាប់​អ្នក​យក​ព័ត៌មាន​ក្នុង​កិច្ច​សម្ភាស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក អ្នកស្រី​វី​រៈ តារា ឱ្យ​ដឹង​ថា អ្នកស្រី​មក​លេង​ប្រទេស​កម្ពុជា បាន​ច្រើន​ដង​ហើយ​តាំងពី​អំឡុង​ឆ្នាំ​១៩៩០​មក​។ ក្នុង​ចិត្ត​ចង់​មក​រស់នៅ​ស្រុក​យើង​វិញ តែ​ជាប់​ភារៈ​មើលថែ​កូនចៅ​នៅ​ទីនោះ​មិន​អាចម​កបាន ។

អ្នកស្រី​វី​រៈ តារា មានកូន​៦​នាក់ ប្រុស​៥ នាក់ ស្រី​ម្នាក់ និង​ចៅ​១២​នាក់ ។ កូន​ទាំង​៦​នាក់ នៅ​សល់​ពីរ​នាក់​ទៀត​មិន​ទាន់​រៀប​ការ ។ ក្នុង​ចំណោម​កូន​៦​នាក់​នោះ​មានកូន​ប្រុស​ម្នាក់​មាន​និស្ស័យ​សិល្បៈ គឺ​មាន​ជំនាញ​ខាង​ថត និង​ដឹកនាំ​រឿង​ដោយ​រៀន​នៅ​ហូ​លី​វូ​ដ ។

នៅ​មានចិត្ត​ចង់​ចូល​ប្រឡូក​សិល្បៈ ប៉ុន្តែ​យោង​លើ​ពេលវេលា ទើប​ធ្វើ​ឱ្យ​អ្នកស្រី​វី​រៈ តារា អាក់ខាន ។ ទោះជា​យ៉ាងណា​ក្តី ប្រហែលជា​ពេល​ណាមួយ​អ្នកស្រី​វី​រៈ តារា​នឹង​លៃលក​ពេល​ឱ្យ​បាន​ដើម្បី​ចូលរួម​សម្តែង​គ្រា​មាន​វ័យ​ចំណាស់ ។

នៅ​ពេល​សួរនាំ​ពី​ការ​ថែរក្សា​សម្រស់​ឱ្យ​ស្ថិត​ក្នុង​សភាព​ស្រស់​សោភា​បាន​យូរ អ្នកស្រី​វី​រៈ តារា ផ្តល់​បទ​ពិសោធន៍​ថា មក​ពី​អ្នកស្រី​មិនសូវ​មាន​ជំងឺ ហើយ​មិន​គិត​ច្រើន ធ្វើ​អារម្មណ៍​ឱ្យ​ធូរស្រាល ។ មិន​ទទួលទាន​គ្រឿង​ស្រវឹង និង​ហាត់ប្រាណ​ជា​ប្រចាំ ។ មួយទៀត​វិធី​ដែល​ធ្លាប់​ធ្វើ​គឺ​ខំធ្វើការ ហើយ​ពេល​បាន​ប្រាក់​សប្បាយចិត្ត​ក៏​អាច​ជួយ​ឱ្យ​ក្មេង​ជាង​វ័យ​ដែរ ។

អ្នកស្រី​វី​រៈ តារា បញ្ជាក់​ថា «​មក​កម្ពុជា​ពេល​នេះ​តាម​សំណូមពរ​ក្រុម​យុវជន​ព្រះ​សុរិយា ដែល​ខិតខំ​ស្រាវជ្រាវ​ឯកសារ​សិល្បៈ ចាស់​ៗ​។ ពួក​គេ​អញ្ជើញ​ខ្ញុំ​មក ដូចនេះ​ខ្ញុំ​សប្បាយចិត្ត​ចង់​លើកទឹកចិត្ត​គ្នា កម្រ​មាន​ក្មេង​សម័យនេះ​ចេះ​ដឹង​នឹកឃើញ​ណាស់ ខំ​ប្រមូល​ការងារ ស្វែងរក​មូលនិធិ​ជួយ​ដល់​អ្នកសិល្បៈ​ចាស់ជរា​នៅ​រស់រាន​សល់​ពី​សម័យ​សង្គម​មក​ម្ល៉េះ នេះ​ជា​ចំណុច​ដែល​ខ្ញុំ​ត្រូវ​មក​វិញ​ម្តងទៀត » ។

អ្នកស្រី​វី​រៈ តារា ធ្លាប់​ចូលរួម​សម្តែង​ភាពយន្ត​ចំនួន​១២​រឿង ក្នុង​នោះ​មានរឿង «​សព្វ​សិទ្ធិ​» រឿង «​ពុទ្ធិ​សែន​នាង​ក​ង្រី​» និង​រឿង «​អន​អើយ​ស្រី​អន​» ជាដើម ។

ចំពោះ​វិស័យ​ភាពយន្ត​ខ្មែរ​សព្វថ្ងៃ​អ្នកស្រី​វី​រៈ តារា​យល់​ឃើញ​ថា តារា​យើង​ជំនាន់​ក្រោយ​ក្លាហាន​ក្នុង​ការ​សម្តែង ។ មិនតែប៉ុណ្ណោះ​មាន​អ្នកមាន​ទេព​កោសល្យ​ល្អ​ច្រើន​នាក់ ប៉ុន្តែ​គួរ​ចាំបាច់​ហ្វឹកហាត់​បន្ថែម និង​ឆ្លៀតពេល​មើល​រៀមច្បង ព្រមទាំង​មាន​សាលា​ត្រឹមត្រូវ ៕