គេចមិនទាន់ប៊ិះ! ទាល់តែចុះត្រាំទឹកចឹងទើបស្វាង​

រាជធានីភ្នំពេញ​ ៖ បុរស​ម្នាក់​​​ផឹកស្រា​ស្រវឹង​ធ្លាក់​ភ្នែក​ រហូត​គ្រប់​គ្រង​ខ្លួនឯង​លែង​បាន ហើយ​បាន​ទៅ​បើកបរ​រថយន្ត​បោះពួយ​ក្នុង​ល្បឿន​យ៉ាង​លឿន​ដូច​ហោះ ស្ទើរតែ​បុក​កម្លាំង​​ប្រជា​ការពារ ដែល​កំពុង​ជិះ​ម៉ូតូ​ល្បាត​តាម​ផ្លូវ​ថែម​ទៀត បើ​កុំ​តែ​ប្រជា​ការពារ​ខាងលើ គេច​ចេញ​ទាន់​ប្រហែល​ត្រូវ​រថយន្ត​នោះ​បុក​ស្លាប់​បាត់​ទៅ​ហើយ​ ។​

បន្ទាប់​មក​ រថយន្តនោះបាន​រេ​ចង្កូត​ធ្លាក់​ផ្លូវ​ជ្រុល​ធ្លាក់​ចូល​ទៅ​ក្នុង​ប្រឡាយ​ទឹក​ស្អុយ​ ប៉ុន្តែ​សំណាងល្អ​ក្រឡាប់ ទើប​មិន​បាន​បណ្ដាល ឲ្យ​មា​ប​គ្រោះថ្នាក់​ដល់​អ្នកបើកបរ​និង​អ្នក​ជិះ​នៅ​ខាង​ក្នុង​នោះ ហើយ​រថយន្ត​នោះ​បាន​ស្ថិត​នៅ​ក្នុង​ទឹក​១​យប់​ ដល់​ព្រឹក​ឡើង​ទើប ម្ចាស់​ហៅ​រថយន្ត​ស្ទូច​ទៅ​ស្ទូច​យក​ទៅ​ធ្វើការ​ជួសជុល​ឡើង​វិញ​ដោយ​ខ្លួនឯង ។

ហេតុ​កាណ៍​នោះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​អ​ធ្រា​ត្រ​ថ្ងៃ​ទី​២៤ សីហា ​​២០១៦ នៅ​តាម​ផ្លូវ​បេតុង​រោងចក្រ​ស្បែកជើង ត្រង់​ចំណុច​មុខ​ស្ថានីយ៍​ប្រេងឥន្ធន​តេ​លា ក្នុងភូមិ​ព្រៃ​ដូន​អុក សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

រថយន្ត​ខាងលើ​នោះ​ ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ព​ណ៌​ខៀវ ពាក់​ស្លាក​លេខ​សៀមរៀប 2A-5599 បើកបរ​ដោយបុរស​ម្នាក់​ឈ្មោះចាន់ថា អាយុ​២៩​ឆ្នាំ ជា​​ជាងដែក ស្នាក់​នៅ​ក្នុង​សង្កាត់​អូរ​ឡាំ​ពិ​ក ខណ្ឌចំការមន រាជធានី​ភ្នំពេញ មានស្រុក​កំណើតនៅ​ក្នុងភូមិ​ថ្នល់កែង ឃុំ​បា​វិត ស្រុក​ច​ន្ទ្រា ខេត្តស្វាយរៀង​។

តាម​ប្រភព​​​ថា នៅ​មុន​ពេល​កើតហេតុ​ អ្នក​បើ​បររថ​យន្ត​ខាងលើ​រួម​ជាមួយនិង​មិត្តភក្ដិរួមការ​ងារ ដែល​កំពុងធ្វើការ​សាងសង់ ស្ថានីយ​ប្រេងឥន្ធនៈ​មួយ​កន្លែង​ក្នុងភូមិ​ត្រពាំង​អណ្ដូង សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​នាំ​គ្នា​ផឹកស៊ី​រហូត​ដល់​ស្រវឹង​ធ្លាក់​ភ្នែក​ ។​

បន្ទាប់​មក​​បើក​រថ​យន្ត​​នោះចេញពី​ការដ្ឋាន​ខាងលើ ក្នុង​បំណង​ទៅ​ភ្នំពេញ ហើយដោយ​សារ​តែ​ស្រវឹង​លែង​ដឹងទិស​តំបន់​ហើយ​នោះ បាន​បោះពួយ​រថយន្ត​នោះក្នុង​ល្បឿន​យ៉ាង​លឿនដូច​ហោះ ​និង​បាន​រេ​ចង្កូត​ពេញ​ផ្លូវ ស្ទើរតែ​បុក​កម្លាំង​ប្រជា​ការពារ​សង្កាត់​ត្រពាំង​ក្រសាំង​ថែម​ទៀត រួច​ទើប​ជ្រុល​ធ្លាក់​ចូល​ទៅ​ក្នុង​ប្រឡាយ​ទឹក ស្អុយ​ខាងលើ​ទាំង​កំរោល ប៉ុន្តែ​សំណាងល្អ​មិន​ក្រឡាប់​ទើប អ្នក​បើកបរ​និង​អ្នក​ជិះ​នៅ​ក្នុង​នោះ​ម្នាក់​ទៀត គ្មាន​គ្រោះថ្នាក់ ។

ប្រភព​ដដែល​​​បន្ត​​​ថា ក្រោយ​ពេល​កើតហេតុ អ្នកបើកបរ​រថយន្ត​ខាងលើ គឺ​ស្ថិត​ក្នុង​ស្ថានភាពស្រវឹង​បាន​ឡូឡា​រដាក់​កម្លាំង​ប្រជា​ការពារ ដែល​ខ្លួន​បើករថយន្ត​ប្រុង​បុក​គេនោះ​ទៀត ប៉ុន្តែ​ប្រជា​ការពារ​មិន​បានតបត​នោះ​ទេ ហើយ​រថយន្ត​នោះ​បាន​ស្ថិត​នៅ​ត្រាំ​ក្នុង​ទឹក​ប្រឡាយពេញ​មួយ​យប់ លុះ​ព្រឹក​ថ្ងៃ​ទី​២៤ ខែសីហា ទើប​ហៅ​រថយន្ត​ស្ទូច​ទៅ​ស្ទូច​យក​រថយន្ត​នោះ​​ ។