ស្ទើរ​សន្លប់ ! បន្ទាប់​ពី​ជួប​ហេតុការណ៍​ដូច​ឆ្ពិន​ភ្នែក

ខេត្តបាត់ដំបង ៖ ម្ចាស់​កន្លែង​ប្តូរ​ប្រាក់ និង​វេរ​លុយ​វី​ង​ម្នាក់​បាន​ស្រឡាំងកាំង​ស្ទើរតែ​ដួល​សន្លប់​ទៅហើយ បន្ទាប់​ពី​ទទួល​ក្រដាស់ប្រាក់​១​ដុល្លារ​១៧​សន្លឹក តែ​បែរជា​មើលទៅ​ឃើញ​ថា​សុទ្ធតែ​ក្រដាស់​១០០​ដុល្លារ​ទាំងអស់ទៅវិញ ។

ហេតុការណ៍​មិន​នឹក​ស្មាន​ដល់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​ជាង​២​រសៀល ថ្ងៃ​ទី​២៣ ខែសីហា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្ទះ​ប្តូរ​ប្រាក់ និង​វេរ​លុយ​វី​ង មួយ​កន្លែង​នៅ​ភូមិ​រំចេក​៤ សង្កាត់​រតនៈ ក្រុង​បាត់ដំបង ។

ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះជា​ម្ចាស់​កន្លែង​ប្តូរប្រាក់ និង​​វេរ​លុយវីង ឈ្មោះ លឹ​ម ជូរ​ឈឹ​ក ភេទ​ស្រី អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ ។

ប្រភព​បាន​ឲ្យ​ដឹង​ទៀត​ថា  មុន​ពេល​កើតហេតុ​មាន​បុរស​វ័យ​ចំណាស់​២​នាក់​បាន​មក​កន្លែង​ស្ត្រីរងគ្រោះ ដោយ​យក​​លុយ​១៧០០​ដុល្លារ​ថាប្តូរ​ជា​លុយ​ខ្មែរវិញ ដោយ​​សរុប​៦​លាន​៩៧​ម៉ឺន​រៀល ។ ពេល​កំពុង​ដូរ​លុយ​នោះ​ក៏​បាន​និយាយ​ថា​ម្តង​ចង់​ដូរ​លុយ​បន្ថែម​ទៀត ម្តង​ថា​ចង់​វេរ​លុយ និយាយ​ចុះ​និយាយ​ឡើង​ហាក់ដូចជា​ចេះ​ឆ្ពិន​ភ្នែក​អ៊ីចឹង​ធ្វើ​ឲ្យ​ម្ចាស់​កន្លែង​ប្តូរប្រាក់ និងវេរលុយ​វី​ង​នោះ​មើលឃើញ​ក្រដាស់​ប្រាក់​១​ដុល្លារ​ទាំង​១៧សន្លឹក​ឃើញ​ជា​ក្រដាស់​១០០​ដុល្លារ ទោះបីជា​មើល​ និង​រាប់​ជា​ច្រើន​លើក​ច្រើន​សារ​ក៏​ដោយ ។

ប្រភព​បញ្ជាក់​ថា បន្ទាប់​ពី​បាន​លុយ​ដល់​ដៃ​ហើយ ជនសង្ស័យ​ទាំង​២​នាក់​បាន​ចាកចេញ​ទៅ​បាត់ ចំណែក​ស្ត្រី​ម្ចាស់​កន្លែង​ប្តូរប្រាក់​ និង​វេរ​លុយ​វី​ង ហាក់ដូចជា​មាន​អារម្មណ៍​មិន​អស់ចិត្ត​ក៏​ដក​លុយ​ដុល្លារ​ទាំងនោះ​ពី​ថតតុ​មក​ពិនិត្យ និង​រាប់​ម្តងទៀត ស្រាប់តែ​ឃើញ​សុទ្ធតែ​ក្រដាស់​១​ដុល្លារ​ទាំងអស់​ទៅ​វិញ ធ្វើ​ឲ្យ​ស្ត្រី​រូប​នោះ​ស្រឡាំងកាំង​ស្ទើរតែ​សន្លប់​ទៅ​ហើយ ។

ក្រោយ​ពេល​កើតហេតុ កម្លាំង​សមត្ថកិច្ច​ក៏​បាន​ចុះ​ទៅ​ពិនិត្យ​កាមេរ៉ា​សុវត្ថិភាព ដើម្បី​កំណត់​មុខសញ្ញា​ទាំង​២​នាក់​នោះ​ដើម្បី​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់ ។

នេះ​ក៏​ចាត់ទុកជា​រឿង​ចម្លែក មិន​គួរ​ឲ្យ​ជឿ ហើយ​ក៏​ជា​មេរៀន​ដ៏​ជូរ​ចត់​មួយ​សម្រាប់​អ្នក​បើក​អា​ជីរ​វ​កម្ម​ប្តូរ​ប្រាក់ និង​វេរ​លុយ​វី​ង​ទាំងអស់ គួរតែ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ មិន​ត្រូវ​ប្រហែស​សូ​ម្បី​បន្តិច​ឡើយ ៕