សូមទុកជាមេរៀនបងៗម៉ូតូ​ឌុប

រាជធានី​ភ្នំពេញ ៖ បុរស​ជា​អ្នក​រត់​ម៉ូតូឌុប​ម្នាក់បាន​ដឹកចោរ២​នាក់​ដល់​កន្លែង​ស្ងាត់ ក៏ត្រូវ​ចោរ​យក​ដុំ​ថ្ម​វាយ​បែក​ថ្គាម​ ប្លន់​យក​ម៉ូតូ​ទៅ​បាត់​ដោយ​​សុវត្ថិភាព ដែលហេតុការណ៍នេះកើតឡើង កាលពី​វេលា​ម៉ោង​១១​យប់​ថ្ងៃ​ទី​២៣ ​សីហា តាម​បណ្ដោយ​ផ្លូវ​បេតុង​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជន​រង​គ្រោះ​​ឈ្មោះ​យ៉េន សា​រ៉ា​ន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជាអ្នក​​រត់​ម៉ូតូឌុប ស្នាក់​នៅ​ភូមិប្ញស្សី ក្នុងសង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមាន​ជ័យ មានស្រុក​កំណើត​នៅ​ភូមិ​ត្រពាំង​ត្រាច ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង ហើយ​ម៉ូតូ​ដែល​ជនសង្ស័យ​ប្លន់​​យក​ទៅ​ម៉ាក​ហុងដា​
ឌ្រី​ម ​ស៊េរី​២០១១ ពណ៌ខ្មៅ ពាក់​ស្លាក​លេខ​ព្រៃវែង​1C-9264 ។

​​ប្រភព​ពី​ជន​រង​គ្រោះ​​​ថា មុន​ពេល​កើតហេតុ ​ជនសង្ស័យ​ទាំង​២​នាក់​ បាន​ហៅ​គាត់​​ឌុ​ប​ពី​ម្តុំ​ផ្សារ​ស្ទឹង​មាន​ជ័យ​ថ្មី ទៅ​កន្លែង​កើតហេតុ​ខាងលើ ​ក្នុង​តំលៃ​៧០០០​រៀល ។ បន្ទាប់​ពី​និយាយ​ចរចា​​តម្លៃ​ត្រូវរ៉ូវ​គ្នា​ហើយ គាត់បាន​ឌុ​ប​​មក​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​ជន សង្ស័យ​​ដែល​អង្គុយ​នៅ​ខាងក្រោយគេ​នោះ​ បាន​យក​ដុំ​ថ្មវាយ​​ត្រូវ​​ថ្គាម​ផ្នែក​ខាងស្តាំ​ បណ្តាល​ឲ្យ​ដួល​ម៉ូតូ​ ហើយ​ជនសង្ស័យ​យក​ម៉ូតូទៅ​បាត់​សុវត្ថិភាព ។

ក្រោយ​ពេល​កើតហេតុ​ ជន​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក់​បណ្តឹង​នៅ​ប៉ុស្តិ៍​នគ​បាល​រដ្ឋបាល​ចោម​ចៅ​ ​កាលពីម៉ោង​៤​ទៀប​ភ្លឺ​ ដើម្បី​ជួយ​អន្តរាគមន៍​ ។