ការ​ត្រួតពិនិត្យ​ និង​ការ​ឆែកឆេរ​ស្វាគមន៍​សិស្ស​ដែល​​ចូល​​ប្រឡង

នៅទីធ្លាវិទ្យាល័យព្រះស៊ីសុវត្ថិ ក្នុងរាជធានីភ្នំពេញ កញ្ញា យ៉ាង ពូមុនី អាយុ១៨ឆ្នាំញញឹម ខណៈនាងកាន់កាបូបដាក់ខ្មៅដៃកាលពីព្រឹកព្រលឹមស្រាងៗម្សិលមិញ រង់ចាំរហូតដល់ការប្រឡងមធ្យមសិក្សាទុតិយភូមិចាប់ផ្ដើម។ នាងនិយាយថា “ភ័យបុកពោះ ហើយក៏រំភើបដែរ”។ ការប្រឡងរយៈពេលពីរថ្ងៃដែលកំណត់សិទ្ធិបន្តការសិក្សាថ្នាក់ឧត្តមសិក្សានេះ ជាហានិភ័យខ្ពស់សម្រាប់សិស្សទាំង៩៣.៧៥២នាក់ដែលមានឈ្មោះចូលរួមប្រឡង។ ធ្វើឡើងក្រោយកំណែទម្រង់កាលពីឆ្នាំ២០១៤ ដើម្បីកែប្រែប្រព័ន្ធអប់រំដែលមិនសូវមានគុណភាព ការប្រឡងនេះក៏កំពុងធ្វើឡើងស្របពេលមានការរឹតបន្តឹងផ្នែកសន្តិសុខដែរ។ សិស្សដែលចូលក្នុងបរិវេណមណ្ឌលប្រឡង ត្រូវបានឆែកឆេររកទូរស័ព្ទស្មាតហ្វូន ព្រីយ៉ុង ឬម៉ាស៊ីនគិតលេខ ដែលផ្ទុយគ្នាស្រឡះនឹងប៉ុន្មានឆ្នាំមុនដែលព្រីយ៉ុងអាចរកទិញបាន និងអាចសូកប៉ាន់ឱ្យអនុរក្សបិទភ្នែកធ្វើជាមើលមិនឃើញ។ នៅក្នុងឆ្នាំទី១អត្រាសិស្សដែលប្រឡងជាប់បានធ្លាក់ចុះមកនៅត្រឹម៤១ភាគរយ បណ្តាលឱ្យសិស្ស ឪពុកម្ដាយរបស់សិស្ស និងគ្រូបង្រៀនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ប៉ុន្តែការកើនឡើងអត្រាប្រឡងជាប់ដល់៥៦ភាគរយកាលពីឆ្នាំមុន ត្រូវបានចាត់ជាទូទៅទុកថាមកពីការខិតខំប្រឹងប្រែងរបស់សិស្ស និងគ្រូបង្រៀន។ ដោយដឹងថាខ្លួនមានតែពឹងលើខ្លួនឯង កញ្ញា យ៉ាង ពូមុនី និយាយថា នាងខំសិក្សាតាំងពីព្រឹករហូតដល់យប់ដើម្បីត្រៀមប្រឡង ពោលគឺមិនដូចបងស្រីរបស់នាងដែលបានចូលរួមការប្រឡងមួយឆ្នាំមុនការបង្ក្រាបដ៏តឹងរឹុងនេះឡើយ។ នាងបានធ្វើការកត់សម្គាល់ថា ”នៅតែមានអំពើពុករលួយ អញ្ចឹងហើយបានជាគាត់ប្រឡងជាប់យ៉ាងងាយ។ ខ្ញុំគិតថា វាមិនសូវយុត្តិធម៌ទេ ប៉ុន្តែបើខ្ញុំប្រឡងជាប់ ខ្ញុំដឹងថាខ្ញុំមានសមត្ថភាពគ្រប់គ្រាន់ដើម្បីប្រឡូកនៅក្នុងសង្គម។ ដូច្នេះខ្ញុំគិតថា ខ្ញុំមិនច្រណែនគាត់ទេ”។ លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ ដែលជាអ្នកទទួលបន្ទុកកំណែទម្រង់ការប្រឡងនេះបានថ្លែងទៅកាន់អ្នកយកព័ត៌មានម្នាក់នៅវិទ្យាល័យនេះថា សូម្បីសិស្សដែលប្រឡងធ្លាក់ក្នុងឆ្នាំនេះក៏ “សមនឹងទទួលបានការកោតសរសើរ” ដែរ។ លោកមានប្រសាសន៍ថា “ខ្ញុំគិតថា ឆ្នាំនេះយើងអាចនិយាយបានថា សិស្សគ្រាន់បើជាងឆ្នាំមុនឆ្ងាយ”។ លោកលើកឡើងអំពីការគ្មាន “កាបូបធំៗ” ដែលក្នុងរយៈពេលច្រើនឆ្នាំមកនេះត្រូវបានប្រើប្រាស់សម្រាប់លាក់ព្រីយ៉ុងយកចូលទៅខាងក្នុងថា ”ឆ្នាំនេះយើងមិនឃើញមានទេ។ ខ្ញុំសន្និដ្ឋានថា កំណែទម្រង់នេះកំពុងស្ថិតក្នុងទិសដៅត្រឹមត្រូវ។ វាជាមោនភាពសម្រាប់យើងទាំងអស់គ្នា”។ ទោះយ៉ាងណា ថ្ងៃដំបូងនៃការប្រឡងនេះមិនល្អឥតខ្ចោះឡើយ។ រូបថតបង្ហោះលើទំព័រហ្វេសប៊ុករបស់ក្រសួងអប់រំកាលពីម្សិលមិញ បានបង្ហាញពីព្រីយ៉ុងបត់ដូចឧបករណ៍ភ្លេងអគ្គ័រដេអុង ហើយញាត់ចូលក្នុងប្រអប់ប្រដាប់លុបក្ដារខៀន វចនានុក្រមអង់គ្លេស-ខ្មែរ និងក្រដាសមេរៀនបោះពុម្ពដែលមន្ត្រីប្រមូលបាន។ លោក រស់ […]

The post ការ​ត្រួតពិនិត្យ​ និង​ការ​ឆែកឆេរ​ស្វាគមន៍​សិស្ស​ដែល​​ចូល​​ប្រឡង appeared first on The Cambodia Daily.