លែង​ចាប​មុខ​វាំង​ឲ្យ​មាន​សេរីភាព រួច​ទុក្ខ​កង្វល់ តែ​អ្នក​ខ្លះ​ថា​ដូច​ធ្វើ​បាប​ចាប​ទៅ​វិញ

ចាប​ជា​ច្រើន​ក្បាល​បាន​ជាប់​ក្នុង​ទ្រុង​នៅ​មុខ​ព្រះបរមរាជវាំង រង់​ចាំ​អ្នក​ទិញ​ទៅ​លែង​ឲ្យ​មាន​សេរីភាព​ឡើង​វិញ។ គេ​មាន​ជំនឿ​ថា​ការ​លែង​ចាប​ទាំង​នោះ​ឲ្យ​មាន​សេរីភាព អាច​ធ្វើ​ឲ្យ​ចិត្ត​របស់​ខ្លួន​រួច​ផុត​ទុក្ខ​កង្វល់ ជួប​តែ​សេចក្ដី​សុខ។ ប៉ុន្តែ​មនុស្ស​មួយ​ចំនួន​បាន​បញ្ចេញ​មតិ​ថា វា​ហាក់​ដូច​ជា​ធ្វើ​បាប​ចាប​ទាំង​នោះ​ទៅ​វិញ។

 

លែង​ចាប​មុខ​វាំង​ឲ្យ​មាន​សេរីភាព រួច​ទុក្ខ​កង្វល់ តែ​អ្នក​ខ្លះ​ថា​ដូច​ធ្វើ​បាប​ចាប​ទៅ​វិញ

 

លោក មាស សុវត្ថា ជា​អាជីវករ​មួយ​រូប ដែល​ទៅ​លេង​មុខ​ព្រះបរមរាជវាំង បាន​លើក​ឡើង​ថា ការ​លែង​ចាប​មិន​មែន​ធ្វើ​ឲ្យ​ចាប​មាន​សេរីភាព​ទេ គឺ​មាន​តែ​ធ្វើ​ឲ្យ​ចាប​ទាំង​នោះ​កាន់​តែ​ជួប​ទុក្ខ​ខ្លាំង​ឡើង ព្រោះ​មាន​អ្នក​តាម​ប្រមាញ់​កាន់​តែ​ច្រើន។ “ពិបាក​ដែរ​បង ឃើញ​គេ​ទម្លាប់​ទិញ​លែង​ចឹង​ហើយ ព្រោះ​ចេះ​តែ​ជឿ​ថា​ធ្វើ​ឲ្យ​ចាប​នោះ​ហើរ​ឆ្ងាយ ដូច​នាំ​ទុក្ខ​យើង​ទៅ​តាម​… តែ​បើ​តាម​ខ្ញុំ​វិញ មិន​មែន​ចឹង​ទេ បើ​យើង​មិន​ទិញ គេ​ក៏​មិន​ចាប់ ហើយ​ចាប​នោះ​វា​នៅ​បាន​សុខ​ហើយ”។ លោក សុត្ថា និយាយ។

 

ចំណែក​ឯ​បេក្ខជន​បាក់​ឌុប​ម្នាក់​ឈ្មោះ សាន ដារ៉ា ដែល​មក​សែន​នៅ​ព្រះអង្គ​ដង​កើ​មុន​ថ្ងៃ​ប្រលង បាន​​អះអាង​ថា ការ​លែង​ចាប​មុខ​វាំង ប្រហែល​ជា​គ្រាន់​តែ​ធ្វើ​ឲ្យ​អារម្មណ៍​អ្នក​លែង​បាន​ស្រស់​ស្រាយ និង​រសាយ​ទុក្ខ​កង្វល់​បន្តិច នៅ​ពេល​ឃើញ​ចាប​ហើរ​ឡើង​ទៅ តែ​មិន​អាច​ធ្វើ​ឲ្យ​ចាប​ទាំង​នោះ​បាន​សុខ​ទេ។ “ខ្ញុំ​ជឿ​ថា ពេល​លែង​ចាប​ទៅ យើង​ស្រស់​ស្រាយ ពេល​មើល​វា​ហោះ​ឡើង​​លើ… តែ​ប្រហែល​មិន​យូរ​ទេ គេ​ចាប់​យក​មក​វិញ​ទៀត​ហើយ”។ ដារ៉ា បញ្ជាក់​ដូច្នេះ។

 

យ៉ាង​ណា​ក្ដី យុវតី​ម្នាក់​ឈ្មោះ ចន្ធី ដែល​បាន​ទិញ​ចាប​មួយ​គូ​លែង បាន​ប្រាប់​ថា ការ​លែង​ចាប អាច​ធ្វើ​ឲ្យ​វា​មាន​សេរីភាព ទៅ​កន្លែង​ដែល​វា​ចង់​ទៅ ហើយ​អ្នក​លែង​ក៏​សប្បាយ​ចិត្ត​ដែរ។ ពេល​សួរ​បញ្ជាក់​ថា បើ​លែង​ទៅ​គេ​ចាប់​មក​វិញ​ដដែល តើ​យល់​យ៉ាង​ណា​ដែរ? ចន្ធី បាន​ឆ្លើយ​ថា៖ “ចុះ​បើ​យើង​មិន​ទិញ ចាប​នៅ​តែ​ជាប់​ទ្រុង​រហូត​ហ្នឹង ជួន​កាល​គេ​អាច​យក​ទៅ​ប្រឡាក់​ចៀន​ផង ចឹង​បើ​ទិញ វា​អាច​រួច​មួយ​ពេល​ដែរ”។

 

ចាប​ជា​ច្រើន​ត្រូវ​បាន​ដាក់​លក់​នៅ​ម្ដុំ​មុខ​ព្រះបរមរាជវាំង ដោយ​អ្នក​លក់​អះ​អាង​ថា អាច​បាន​តម្លៃ​ពី ៤០០០ ទៅ ៥០០០​រៀល​ក្នុង​មួយ​គូ ទៅ​តាម​ប្រភេទ​ចាប។ ប៉ុន្តែ​បើ​លក់​ឲ្យ​ជន​បរទេស បាន​ថ្លៃ​ជាង​នេះ រហូត​ពេល​ខ្លះ​ម៉ៅ​លក់​បាន​ស្មើ​នឹង ២​ដង​តម្លៃ​ធម្មតា។ ចាប​ទាំង​នោះ​ត្រូវ​បាន​គេ​ដឹក​ពី​តាម​ខេត្ត​មក​លក់​ឲ្យ​ដល់​កន្លែង ប៉ុន្តែ​អ្នក​លក់​បាន​បដិសេធ​មិន​ព្រម​ប្រាប់​តម្លៃ​ពិត​ដែល​ទិញ​ចូល​ទេ គ្រាន់​តែ​បញ្ជាក់​ថា​ចំណេញ​បាន​មួយ​ល្មម៕

 

អត្ថបទ៖ គង់ វិសាល