អតីត​ពលករ​ខ្មែរ​​នៅ​កូរ៉េ បើក​ផលិតកម្ម​ផ្ដោត​លើ Original Song

លោក ឡេង ណាវ៉ាត់ត្រា អតីត​ពលករ​ខ្មែរ​​ធ្វើ​ការ​ងារ​នៅ​ប្រទេស​កូរ៉េ ហើយ​បច្ចុប្បន្ន​ជា​តារា​ចម្រៀង​​​ និង​ជា​​អ្នក​ចាត់​ការ​ទូទៅ​របស់​​ ផលិតកម្ម Galaxy បាន​លើក​ឡើង​ថា ផលិតកម្ម​ដែល​បង្កើត​ដោយ​ពលករ​​មួយ​នេះ ​ផលិត​ឡើង គឺ​ផ្ដោត​លើ​​តែ​Original Song ប៉ុណ្ណោះ។

 

អតីត​ពលករ​ខ្មែរ​​នៅ​កូរ៉េ បើក​ផលិតកម្ម​ផ្ដោត​លើ Original Song
 

តាម​ពិត ផលិតកម្ម​ដែល​បង្កើត​ដោយ​អតីត​ពលករ​ខ្មែរ​​ធ្វើ​ការ​ងារ​នៅ​ប្រទេស​កូរ៉េ​ខាង​លើ មាន​ឈ្មោះ​ជិត​៣ឆ្នាំ​មក​ហើយ ប៉ុន្តែ​ទើប​តែ​ទទួល​​អាជ្ញាប័ណ្ណ​ពី​ក្រសួង​ពាណិជ្ជកម្ម​ជាង​៣ខែ​​​​នេះ​ទេ។ លោក ឡេង ណាវ៉ាត់ត្រា បាន​ឲ្យ​ដឹង​ថា ដំបូង​ឡើយ​ Galaxy គ្រាន់​តែ​ជា​ភ្នាក់​ងារ Entertainment ធម្មតា ប៉ុន្តែ​ដោយ​មាន​អ្នក​គាំទ្រ​ច្រើន ក៏​សម្រេច​បើក​ជា​ផលិតកម្ម​តែ​ម្ដង ដោយ​ផ្ដោត​តែ Original Song ប៉ុណ្ណោះ។

 

បច្ចុប្បន្ន​មាន​តារា​ចម្រៀង​៦នាក់ ក្នុង​នោះ​មាន​អតីត​ពលករ​ធ្វើ​ការ​នៅ​ប្រទេស​កូរ៉េ២នាក់ និងតារា​ចម្រៀង​ក្នុង​ស្រុក៤នាក់ គឺ​លោក ម៉ារ៉ា ប៊ុណ្ណា Dj កូន​កណ្ដុរ Dj ទុំ និង លោក ​ម៉ៃ សុគន្ធ ។

 

លោក​ បាន​ឲ្យ​ដឹង​ទៀត​ថា ផលិតកម្ម​​ចេញ​បទ​ចម្រៀង​បាន​២វ៉ុល​មក​ហើយ មាន ​​VCD ១វ៉ុល និង CD ១វ៉ុល។ ក្នុង​បទ​ចម្រៀង​ទាំង​អស់​ មាន​បទ​ចម្រៀង​របស់ លោក ម៉ារ៉ា ប៊ុណ្ណា ទទួល​បាន​ការ​គាំទ្រ​​ខ្លាំង​ជាង​គេ គឺ​បទ​ “សង្សារ​ស្រី​ខារ៉ាអូខេ”។

 

អតីត​ពលករ​ខ្មែរ​​នៅ​កូរ៉េ បើក​ផលិតកម្ម​ផ្ដោត​លើ Original Song

 

លោក ឡេង ណាវ៉ាត់ត្រា​ បាន​ឲ្យ​ដឹង​ថា បទ ​”សង្សារ​ស្រី​ខារ៉ាអូខេ” មាន​​អ្នក​​ចូល​ស្ដាប់​​​ក្នុង​youtube របស់​លោក​២លាន​ដង​ឯណោះ។ ឆាប់​ៗ​ខាង​មុខ​នេះ​ ផលិតកម្ម​​ Galaxy គ្រោង​ចេញ​បទ​ចម្រៀង​ជា​បន្តបន្ទាប់​ទៀត ដោយ​បច្ចុប្បន្ ន​ផលិតកម្ម​មាន Original Song ជាង​៥០បទ​ហើយ​ក្នុង​ដៃ​ត្រៀម​បញ្ចេញ​លើ​ទីផ្សារ។

 

ក្រៅ​ពី​​ផលិត​បទ​ចម្រៀង ផលិតកម្ម​​​មាន​គោលដៅ​មួយ​ទៀត គឺ​ផលិត​ភាពយន្ត ដោយ​បច្ចុប្បន្ន​ ផលិតកម្ម​​ Galaxy កំពុងតែ​​សាក​ល្បង​ថត​ខ្សែភាពយន្ត​ខ្នាត​ធំ​មួយ​មាន​ចំណង​ជើង​ថា “កំពូល​ល្ងង់​នៅ​អាស៊ី” ។រឿង​មួយ​នេះ ​ប្រជុំ​តារា​សម្ដែង​ល្បី​ចូល​រួម​មាន​ដូច​ជា នាយ ពែកមី នាយ គ្រឿន នាយ​កណ្ដុរ លោក ម៉ារ៉ា ប៊ុណ្ណា ​កញ្ញា រីយ៉ា ជាង​ដើម។ ​បច្ចុប្បន្ន ភាពយន្ត​ដែល​បាន​បោះ​ទុន​ផលិត​ជាង​៥ម៉ឺន​ដុល្លារ​នេះ ថត​​បាន​ជាង​៥០%​ហើយ។

 

អតីត​ពលករ​ខ្មែរ​​នៅ​កូរ៉េ បើក​ផលិតកម្ម​ផ្ដោត​លើ Original Song

 

លោក ឡេង ណាវ៉ាត់ត្រា បាន​លើក​ឡើង​ថា ការ​សម្រេច​​ចិត្ត​ចំណាយ​ប្រាក់​រាប់​ម៉ឺន​ដុល្លារ​ក្នុង​ការ​បើក​ផលិតកម្ម​នេះ ​គោលដៅ​មិនមែន​​តែ​រក​ប្រាក់​ចំណេញ ​និង​ប្រជាប្រិយភាព​មួយ​មុខ​ឡើយ។ លោក​ថា គោលដៅ​ចម្បង​របស់​​ផលិតកម្ម​​ Galaxy ចង់​​ចូល​រួម​ចំណែក​លើក​ស្ទួយ​វិស័យ​សិល្បៈ​ខ្មែរ​ឲ្យ​កាន់​តែ​មាន​ការ​រីក​ចម្រើន​ថែម​ទៀត ជា​ពិសេស ​ការ​បង្កើត​ស្នាដៃ​ថ្មី​ដូច​ជា​ Original Song តែ​ម្ដង៕

 

 

អត្ថបទ៖ ខុត សីហា