ពលរដ្ឋ​រង់ចាំ​មើលរ​ដ្ឋា​ភិ​បាល​លោក ហ៊ុន សែន អភិវឌ្ឍន៍​តាម​ព្រំដែន​ភាគ​ខាងកើត​

នៅក្នុង​វេទិកា​ស្ដីពី «​ការការពារ​និង​អភិរក្ស​ធនធានធម្មជាតិ​» កាលពី​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០១៦ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើង​អំពី​វិធី​ការពារ​ព្រំដែន​របស់​កម្ពុជា ហើយ​ថា​វិធី​ដែលមាន​ប្រសិទ្ធភាព​បំផុត​ក្នុងការ​ការពារ​ព្រំដែន គឺ​ត្រូវ​រៀបចំ​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​រស់នៅ​ទីនោះ​ដោយ​សមរម្យ​។ ការលើកឡើង​របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បែបនេះ​បានធ្វើ​ឲ្យ​ក្រុមមន្ត្រី​សង្គម​ស៊ីវិល អ្នកសង្កេតការណ៍​ឯករាជ្យ និង​សកម្មជន​ព្រំដែន ក៏ដូចជា​ប្រជាពលរដ្ឋ​ទូទៅ​មានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង ហើយ​កំពុង​តាមដាន​ដោយ​យកចិត្តទុកដាក់​។

ក្រុម​អ្នកស្រាវជ្រាវ​បញ្ហា​ព្រំដែន​កម្ពុជា​-​យួន បាន​ឲ្យ​ដឹងថា ប្រសិនបើ​រដ្ឋាភិបាល​យ​ក​ចិត្ត​ទុកដាក់​អភិវឌ្ឍន៍​តំបន់​ព្រំដែន​ភាគ​ខាងកើត​ជាប់​ជាមួយ​ប្រទេស​យួន ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​ទៅ​រស់នៅក្នុង​តំបន់​នោះ គឺជា​ប្រការ​សំខាន់​ណាស់​ដើម្បី​ការពារ​បូរណភាព​ទឹកដី​ទប់ទល់​អំពើ​រំលោភបំពាន​ពី​សំណាក់​ភាគី​យួន​។ ចំណែក​សកម្មជន​ព្រំដែន​បានផ្ដល់​ជា​អនុសាសន៍​ថា ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ​ដូចជា ផ្លូវថ្នល់ ប្រឡាយទឹក សាលារៀន មន្ទីរពេទ្យ ផ្សារ ក៏ដូចជា​មានទឹក​ស្អាត​និង​អគ្គិសនី​ប្រើប្រាស់ គឺជា​ចំណុច​ដ៏​សំខាន់​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​ទៅ​រស់​នៅតាម​ព្រំដែន​។ ដូច្នេះ​រដ្ឋាភិបាល​លោក ហ៊ុន សែន គួរ​ចាត់វិធានការ​អនុវត្ត​ន៍​តាម​គម្រោង​ឲ្យ​បាន​ឆាប់​បំផុត​ដើម្បី​ការពារ​បូរណភាព​ទឹកដី​ជាប់​ព្រំប្រទល់​ជាមួយ​យួន​។

មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល និង​អ្នកស្រាវជ្រាវ​បញ្ហា​ព្រំដែន​កម្ពុជា​-​យួន បាន​ឲ្យ​ដឹងថា នៅតាម​ខ្សែ​ព្រំដែន​ក្នុង​ខេត្តស្វាយរៀង ស្ទើរតែ​គ្មាន​មនុស្ស​រស់នៅ ហើយ​ប្រជាកសិករ​កម្ពុជា​មួយចំនួន​សម្រេចចិត្ត​ជួល​ដី​ឲ្យ​ប្រជាជន​យួន​ដាំ​ដំណាំ​កសិកម្ម​ផ្សេងៗ ដើម្បី​ទទួលបាន​ប្រាក់ចំណូល​សម្រាប់​ដោះស្រាយ​ជីវភាព​។ ក្រុម​អ្នកសង្កេតការណ៍​បាន​លើកឡើងថា ត្រឹម​ចម្ងាយ​៣០០​ទៅ​៥០០​ម៉ែត្រ​ពី​ខ្សែ​ព្រំដែន គឺ​ខាង​ភាគី​យួន​មាន​ដំណាំ​កសិកម្ម​ខៀវស្រងាត់​ដោយសារតែ​ភាគី​យួន​មាន​រចនាសម្ព័ន្ធ​សព្វបែបយ៉ាង និង​មាន​ប្រព័ន្ធធារាសាស្ត្រ​ដល់​ព្រំដែន​។ ចំណែក​នៅ​ខាង​ព្រំដែន​កម្ពុជា​មានតែ​វាលស្មៅ​អត់​មនុស្ស​រស់នៅ ហើយ​នៅ​រដូវប្រាំង​ស្ងួត​ហួតហែង​គ្មាន​ប្រព័ន្ធធារាសាស្ត្រ​ទើប​ប្រជាកសិករ​កម្ពុជា មិនអាច​រស់នៅ​តាម​ព្រំដែន​ដូច​ប្រជាជន​យួន​។

មជ្ឈដ្ឋាន​នានា​បាន​លើកឡើងថា ប្រសិនបើ​រដ្ឋាភិបាល​លោក ហ៊ុន សែន យកចិត្តទុកដាក់​អភិវឌ្ឍន៍​តាម​ព្រំដែន​ភាគ​ខាងកើត​ដូច​អ្វីដែល​លោក ហ៊ុន សែន លើកឡើង​កាលពី​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០១៦​នោះ គឺអាច​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​រស់​នៅតាម​តំបន់​ព្រំដែន​កាន់តែ​ច្រើនឡើងៗ​ជាមិនខាន​។ សកម្មជន​ព្រំដែន​មួយចំនួន​បានលើកឡើង​ថា ដោយសារតែ​រដ្ឋាភិបាល​លោក​ហ៊ុន សែន មាន​ភាពយឺតយ៉ាវ​ក្នុងការ​អភិវឌ្ឍ​តាម​ព្រំដែន​ភាគ​ខាងកើត​នោះ ទើប​ភាគី​យួន​នៅតែ​បន្ត​បំពាន​មកលើ​អធិបតេយ្យភាព​និង​បូរណភាព​ទឹកដី​កម្ពុជា​យ៉ាង​កំរោល​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ជាក់ស្ដែង​តាម​តំបន់​ព្រំដែន​ក្នុង​ខេត្តស្វាយរៀង ខេត្ត​ត្បូងឃ្មុំ និង​ខេត្តរតនគិរី​ជាដើម ភាគី​យួន​នៅតែ​បំពាន​លើ​អធិបតេយ្យភាព​និង​បូរណភាព​ទឹកដី​ខ្មែរ​តាម​អំពើ​ចិត្ត ចំណែក​រដ្ឋាភិបាល​កម្ពុ​ជា​ធ្វើ​កំណត់​ទូត​ផ្ញើ​ទៅ​រដ្ឋាភិបាល​យួន​២៣​លើក​មកហើយ ប៉ុន្តែ​មិនទាន់មាន​ការឆ្លើយតប​ជា​វិជ្ជមាន​នោះទេ​៕

14101844_182102225544079_1490966464_n 14088996_182102065544095_1029327034_n image