តុលា​ការ​អន្ដរ​ជាតិ សម្រេច​ឲ្យ​ក្លឹប​ភ្នំ​ពេញ​ក្រោន ចូល​​រួម​​ប្រកួត​​ពាន​​រង្វាន់ AFC Cup 2017 ជា​ថ្មី

(ភ្នំពេញ)៖ យោងតាមការប្រកាសព័ត៌មានរបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោននាព្រឹកថ្ងៃទី២៤ ខែសីហានេះ បានឱ្យដឹងថា បន្ទាប់ពីបានរង់ចាំអស់រយៈពេលជាច្រើនខែរួចមក នៅទីបំផុតស្ថាប័នតុលាកាកីឡាអន្ដរជាតិ Court of Arbitration for Sport(CAS) ដែលមានមូលដ្ឋាននៅប្រទេសស្វីស បានចេញសេចក្តីសម្រេចជាផ្លូវការហើយ ដោយអនុញ្ញាតិឱ្យក្លឹបជើងឯក ៦សម័យកាលនេះ ក្លាយជាបេក្ខភាពពេញសិទ្ធិឡើងវិញ ដើម្បីចូលរួមប្រកួតពានរង្វាន់ជើងឯកអាស៊ី AFC Cup 2017 នៅក្នុងវគ្គ Playoff Stage ដែលគ្រោងនឹងធ្វើឡើងនៅខែកុម្ភៈ ឆ្នាំ២០១៧ខាងមុខ។

kroun1

សូមរំឮកថា កាលពីខែឧសភាកន្លងទៅ សហព័ន្ធកីឡាបាល់ទាត់អាស៊ី បានសម្រេចដកសិទ្ធិពីក្លឹបភ្នំពេញក្រោន មិនឲ្យចូលរួមប្រកួតជម្រុះពានរង្វាន់ AFC Cup 2017 នោះទេ ដោយសំអាងថា ក្រុមជើងឯកលីគកំពូលកម្ពុជាឆ្នាំចាស់នេះ បានប្រព្រឹត្តិខុសទៅនឹងមាត្រា ៧៣.៦ នៃលក្ខន្តិកៈរបស់សហព័ន្ធបាល់ទាត់អាស៊ី ហើយក៏បានជ្រើសរើសក្រុមណាហ្គាវើល តំណាងឲ្យកម្ពុជា ដើម្បីចូលរួមការប្រកួតជម្រុះនេះ ដែលកំពុងធ្វើឡើងនៅប្រទេសម៉ុងហ្គោលីនាពេលបច្ចុប្បន្ន។

kroun

ប៉ុន្ដែការសម្រេចចិត្តរបស់សហព័ន្ធកីឡាបាល់ទាត់អាស៊ីនោះ ត្រូវបានថ្នាក់ដឹកនាំក្លឹបភ្នំពេញក្រោន ដែលមានលោក ឬទ្ធី សំណាង ជាប្រធានធ្វើការជំទាស់ និងប្ដឹងតវ៉ាជាច្រើនលើក តែគ្មានដំណោះស្រាយ លោកក៏ប្ដឹងបន្ដទៅស្ថាប័នឯករាជ CAS នៅប្រទេសស្វីស ដើម្បីសុំការអន្ដរាគមន៍។ ក្រោយឆ្លងកាត់ការស៊ើបអង្កេតយ៉ាងដិតដល់ ស្ថាប័នតុលាការងន្ដរជាតិនេះ បានចេញសេចក្តីសម្រេចមួយកាលថ្ងៃទី១៩ ខែសីហាកន្លងទោ ដោយបានច្រានចោលសេចក្តីសម្រេចរបស់សហព័ន្ធកីឡាបាល់ទាត់អាស៊ី និងបានតម្រូវឲ្យសហព័ន្ធកីឡាបាល់ទាត់អាស៊ី ផ្តល់សិទ្ធិទៅឲ្យក្លឹបភ្នំពេញក្រោនជាផ្លូវការវិញ ដើម្បីចូលរួមក្នុងការប្រកួត AFC Cup 2017 ទៀតផង។

អាស្រ័យហេតុនេះ ក្លឹបបាល់ទាត់ភ្នំពេញក្រោន ក៏ត្រូវអនុញ្ញាតិឲ្យចូលរួមប្រកួត AFC Cup វគ្គ Playoff Stage ដែលគ្រោងនឹងធ្វើឡើងនៅខែកុម្ភៈ ឆ្នាំ២០១៧ខាងមុខនេះ។ ទន្ទឹមជាមួយគ្នានេះថ្នាក់ដឹកនាំក្លឹបភ្នំពេញក្រោន ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ស្ថាប័ន CAS ដែលបានផ្ដល់យុត្តិធម៌ដល់ក្រុមខ្លួន ដើម្បីបញ្ជាក់ពីភាពស្អាតស្អំ និងមានឱកាសចូលរួមប្រកួតពានរង្វាន់ជើងឯកអាស៊ី ឆ្នាំ២០១៧ សាជាថ្មី ហើយក៏ប្ដេជ្ញាចិត្តធ្វើឲ្យបានល្អក្នុងការប្រកួតខាងមុខនេះផងដែរ៕

ប្រភពពី khmertalking

The post តុលា​ការ​អន្ដរ​ជាតិ សម្រេច​ឲ្យ​ក្លឹប​ភ្នំ​ពេញ​ក្រោន ចូល​​រួម​​ប្រកួត​​ពាន​​រង្វាន់ AFC Cup 2017 ជា​ថ្មី appeared first on CamboSport.