កូរ៉េ​ខាងជើង​បាញ់​មី​ស៊ី​ល​មួយ​គ្រាប់​ចេញពី​នាវាមុជទឹក

យោង​តាម YONHAP ថា គណៈកម្មាធិការ​ប្រមុខ​នាយសេនាធិការ​កងទ័ព​កូរ៉េ​ខាងត្បូង JCS ឱ្យ​ដឹង​ថា ប្រទេស​កូរ៉េ​ខាងជើង​បាន​បាញ់​នា​ថ្ងៃ​ទី​២៤ សីហា នូវ​មី​ស៊ី​ល​សមុទ្រ​-​ដី​បាលី​ស្ទិ​ក​យុទ្ធសាស្ត្រ MSBS មួយ​គ្រាប់​នៅ​ដែនទឹក​នៃ ឆ្នេរសមុទ្រ​ខាងកើត​របស់​ខ្លួន ។ ការ​បាញ់​មី​ស៊ី​ល​នេះ​ប្រហែលជា​សញ្ញា​នៃ​ការ​តវ៉ា​ប្រឆាំង​សមយុទ្ធ​យោធា​រួម​កូរ៉េ​ខាងត្បូង និង​សហរដ្ឋអាមេរិក ដែល​កំពុង​តែ​ប្រព្រឹត្ត​ទៅ ។

JCS ថ្លែង​ថា កូរ៉េ​ខាងជើង​បាន​បាញ់​សាក​នា​វេលា​ម៉ោង​៥​និង​៣០​នាទី​ព្រឹក​ម៉ោង​ក្នុងស្រុក​នូវ​មី​ស៊ី​ល MSBS ចេញពី​ដែនទឹក​ខ្លួន​នៅ SINPO ខេត្ត HAMGYONG ខាងត្បូង​ឆ្ពោះទៅ​កាន់​សមុទ្រ​ខាងកើត ដែល​ហៅ​ផង​ដែរ​ថា សមុទ្រ​ជប៉ុន ។ JCS ក៏​គូសបញ្ជាក់​ផង​ដែរ​ថា កូរ៉េ​ខាងជើង​អាច​ទទួល​បានការ​រីក​ចម្រើន​នានា​បើ​ប្រៀបធៀប​ទៅ​នឹង​ការ​បាញ់​សាកល្បង​ដែល​ធ្វើ​ជា​ច្រើន​លើក​កាលពី​គ្រា​កន្លង​ទៅ ព្រោះ​គេ​ឃើញ​មី​ស៊ី​ល MSBS ហោះ​បាន​ចម្ងាយ​ដល់​ទៅ​៥០០​គីឡូម៉ែត្រ ។ មី​ស៊ី​ល MSBS ដែល​បាញ់​សាក​លើក​នេះ​បាន​ហោះ​សំដៅ​ទៅ​ទិសឦសាន​មុន​ពេល​ធ្លាក់​នៅ​កន្លែង​មួយ​ចម្ងាយ​៨០​គីឡូម៉ែត្រ​ខាងក្នុង​តំបន់​ការពារ​អាកាស​របស់​ជប៉ុន ។

ភាព​តានតឹង​មានការ​កើនឡើង​នៅ​ឧបទ្វីប​កូរ៉េ​បន្ទាប់​ពី​កូរ៉េ​ខាងជើង​គំរាម​កាលពី​ថ្ងៃ​ទី​២២ សីហា ធ្វើការ​វាយប្រហារ​នុយក្លេអ៊ែរ​បង្ការ​ខ្លួន ប្រឆាំង​កូរ៉េ​ខាងត្បូង និង​សហរដ្ឋ​អា​េ​ម​រិ​ក​ដែល​បើក​ធ្វើ​នូវ​សមយុទ្ធ​យោធា​រួម​ប្រចាំឆ្នាំ ។

ក្រុង​សេ​អ៊ូ​ល និង​ក្រុង​វ៉ា​ស៊ី​ន​តោន​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​២២ សីហា នូវ​សមយុទ្ធ​យោធា​រួម ដែល​មាន​កង​ទាហាន​ចូលរួម​យ៉ាងតិច​៧៥.០០០​នាក់ ។ កូរ៉េ​ខាងជើង​ចាត់​ទុក​សមយុទ្ធ​នេះ​ថា ជា​ការ​រៀបចំ​សម្រាប់​ធ្វើសង្គ្រាម​លុកលុយ​មួយ​ដែល​ការ​ចោទប្រកាន់​បែប​នេះ​ត្រូវ​បាន​កូរ៉េ​ខាងត្បូង និង​សហរដ្ឋ​អា​មេ​រិ​ក​បដិសេធ ។

នោះ​ជា​ការ​បាញ់​សាកល្បង​លើក​ទី​៣​នៃ​មី​ស៊ី​ល MSBS របស់​កូរ៉េ​ខាងជើង​តាំងពី​ដើមឆ្នាំ​នេះ​មក ។ អាជ្ញាធរ​យោធា​កូរ៉េ​ខាងត្បូង​វាយតម្លៃ​ថា ការ​បាញ់​សាក​មី​ស៊ី​ល MSBS ទទួល​បាន​ជោគជ័យ ប្រសិនបើ​មី​ស៊ី​លអាច​ហោះ​បាន​លើស​ពី​៣០០​គីឡូម៉ែត្រ​ទៅ ។ ការ​បាញ់​សាក​នា​ព្រឹក​ថ្ងៃ​ទី​២៤ សីហា នេះ បង្ហាញ​ថា កូរ៉េ​ខាងជើង​កំពុង​សម្រេច​បាន​បច្ចេកវិទ្យា​ដែល​អាច​ឱ្យ​មី​ស៊ី​ល​ហោះ​បាន​ចម្ងាយ​ដល់​៥០០​គីឡូម៉ែត្រ ៕